Yearendyearend1140x150

កម្ពុជាទទួលបានជំនួយឡជីវឧស្ម័នជិត២ពាន់ឡពីភាគីចិន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទនៃប្រទេសកម្ពុជាបានលើកឡើងថា ភាគីចិនបានឧបត្ថម្ភឡជីវឧស្ម័ន ចំនួនជិត២ពាន់ឡ រួមទាំងសម្ភារសម្រាប់ដំណើរការសាងសង់ឡ សម្រាប់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងមធ្យោបាយគាំទ្រ រថយន្ត ម៉ូតូ ជាដើម ព្រមទាំងបណ្តុះបណ្តាលមន្ត្រីជំនាញជាង ១០៣នាក់ផងដែរ។ 

បើតាមឯកឧត្តមរដ្ឋមន្ត្រីថា ឡជីវឧស្ម័នបានដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្មចិញ្ចឹមសត្វនៅកម្ពុជា តាមរយ:ការប្រើប្រាស់ថាមពលកកើតឡើងវិញនិងថែមទាំងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ហើយប្រជាកសិករក៏កាត់បន្ថយការប្រើប្រាស់ជីគីមីផងដែរ។

តាមរយៈផេកផ្លូវការ នៅថ្ងៃទី១៨ មិថុនា ២០២១ ឯកឧត្តម វេង សាខុនបានលើកឡើងថា ឡជីវឧស្ម័នបានដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្មចិញ្ចឹមសត្វទំពារអៀង (គោ ក្របី ចៀម និងពពែ) និងសត្វជ្រូកផងដែរ តាមរយ:ការប្រើប្រាស់ថាមពលកកើតឡើងវិញបានពីលាមកសត្វ ចេញជាចំហេះសម្រាប់ចំអិនអាហារ ភ្លើងបំភ្លឺលំនៅឋាន កាកសំណល់ឡជាជីធម្មជាតិមានគុណប្រយោជន៍សម្រាប់ផលិតកម្មបន្លែ និងឈើហូបផ្លែ។ មិនតែប៉ុណ្ណោះ ឡជីវឧស្ម័នបានចូលរួមកាត់បន្ថយ និងលុបបំបាត់ពពួកបរ៉ាសិតដែលមាននៅក្នុងលាមកសត្វ និងរក្សាបរិស្ថាន (ក្លិន) ក្នុងភូមិ ឋាន និងក្នុងកសិដ្ឋានបានល្អ និងជាពិសេសជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទាំងកញ្ចក់ចូលទៅក្នុងបរិយាកាស ហើយនេះគឺជាកត្តាសំខាន់មួយ ដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ។ ទាំងថាមពល និងកាកសំណល់បានពីឡជីវឧស្ម័នបានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករ នៅជនបទបានល្អប្រសើរ តាមរយ:ការកាត់បន្ថយការប្រើប្រាស់ថាមពល អគ្គីសនី ប្រេងឥន្ធន: ការកាប់បំផ្លាញឈើសម្រាប់ធ្វើអុស និងព្យូង និងជីគីមីប្រើលើដំណាំ។ 

យោងតាមរបាយការណ៍របស់កម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ គិតត្រឹមថ្ងៃទី១៧ មិថុនា ២០២១ ដែលបានធ្វើការពិសោធន៍សាកល្បងបង្ហាញថា បើកសិករមានឡជីវឧស្ម័នមួយគាត់អាចសន្សំអុស ឬធ្យូងបាន ២តោន/ឆ្នាំ និងរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បាន CO2= ៣.២តោន/១ឡ។ បើកសិករប្រើកាកសំណល់ឡជីវឧស្ម័ន ០១ គាត់ចំណេញបាន ១លានរៀល/ឆ្នាំ ពីការមិនទិញជីគីមី។ គ្រួសារកសិករចំនួន២៥០០គ្រួសារ ក្នុនោះ មាន ១៥% បានភ្ជាប់បង្គន់អនាម័យជាមួយឡជីវឧស្ម័ន។

តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូរនេះ ភាគីចិនបានឧបត្ថម្ភឡជីវឧស្ម័នចំនួន ១ ៨៥០ឡ រួមទាំងសម្ភារសម្រាប់ដំណើរការសាងសង់ឡ ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងមធ្យោបាយគាំទ្រ (រថយន្ត៦គ្រឿង និងម៉ូតូ១៤គ្រឿង) ការបណ្តុះបណ្តាលមន្ត្រីជំនាញ និងក្រុមជាង ១០៣នាក់ផងដែរ។ ឡជីវឧស្ម័នជំនួយនេះបានតម្លើង និងដាក់ឱ្យប្រើប្រាស់នៅក្នុងខេត្តគោលដៅចំនួន១០ ក្នុងនោះមានខេត្តកណ្តាល (៦០ឡ) កំពង់ស្ពឺ (១០ឡ) តាកែវ (២៧០ឡ) កំពង់ចាម (២១០ឡ) ត្បូងឃ្មុំ (៣០០ឡ) ព្រៃវែង (២០០ឡ) ស្វាយរៀង (២០០ឡ) ព្រះវិហារ (២០០ឡ) ពោធិ៍សាត់ (២០០ឡ) និងកំពង់ឆ្នាំង(២០០ឡ)។ គម្រោងនេះអនុវត្តជាដៃគូដោយ មានការចូលរួមគាំទ្រជាឡ ជំនាញបច្ចេកទេស សម្ភារបរិក្ខា និងមធ្យោបាយគាំទ្រពីភាគីចិន និងការគាំទ្រពីរាជរដ្ឋភិបាល ក្នុងការតម្លើងឡទាំងនោះ ដោយឥតគិតថ្លៃ ជូនកសិករចំនួន១៨៥០ គ្រួសារ។ គិតជាទឹកប្រាក់សរុបគាំទ្រជាជំនួយឥតសំណងពីភាគីចិនប្រមាណជាង១,៧លានដុល្លា និងពីរដ្ឋាភិបាល ចំនួនជាង០,២លានដុល្លារ៕ រូបភាពពីរដ្ឋមន្ត្រីកសិកម្ម


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង