Yearendyearend1140x150
Img 0571

អាជ្ញាធរខេត្តកោះកុងឃាត់ខ្លួនជនជាតិចិន២នាក់ ក្រោយនាំវ៉ាក់សាំងចូលគ្មានប្រភព

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ជនសង្ស័យ និងវត្ថុតាង

កោះកុង៖ កម្លាំងព្រហ្មទណ្ឌខេត្តកោះកុង បានឃាត់ខ្លួនជនជាតិចិន២នាក់ ក្រោយនាំយកវ៉ាក់សាំង ចូលដោយគ្មានប្រភព ក្នុងគោលបំណង ចាក់ជូនដល់ជនជាតិចិនដែលជាសមាជិកនៅក្នុងសមាគមរបស់ខ្លួនដោយឥតគិតថ្លៃ។

កងរាជអាវុធហត្ថខេត្តកោះកុង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ អាជ្ញាធរខេត្តកោះកុង បានចុះបង្ក្រាបជាក់ស្តែងករណីចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ០១លើក នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ភេទប្រុស។

ជនសង្ស័យទី១ឈ្មោះ Li Changqing ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន ស្នាក់នៅ ភូមិ ឃុំ កើតហេតុដដែល ទី២ឈ្មោះ Huang Zhongwer ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុដដែល ដោយចាប់យកវត្ថុតាងរួមមួយចំនួនផងដែរ ហើយបច្ចុប្បន្នកម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី។

យោងតាមរបាយការណ៍ វត្ថុតាងទាំងនោះរួមមាន៖ រថយន្ត ០១គ្រឿង ម៉ាកព្រូសពាក់ស្លាកលេខ 2AW 4072 ពណ៌ប្រផេះ ថ្នាំវ៉ាក់សាំង Sinovacចំនួន ៦៥ដប , ធុងស្នោរក្លាសេថ្នាំចំនួន ០១ , ម្ជុល,សារ៊ាំងចំនួន ៤៥ដើម, សំឡីអាល់កុលជូតដៃចំនួន ១១កញ្ចប់ , ស្រោមដៃចំនួន ០៣គូរ និង ទឹកអាល់កុលចំនួន ០៣ដប។

កងរាជអាវុធហត្ថខេត្តកោះកុង ក៏បានឱ្យដឹងដែរថា បើតាមការផ្តល់ចម្លើយ ជនជាតិចិន ទាំង២នាក់ នេះ ស្នាក់នៅកោះពេជ្រ ហើយបាននាំចូលវ៉ាក់សាំងពីភ្នំពេញ ដើម្បីចាក់ជូនដល់ជនជាតិចិន ដែលជាសមាជិកនៅក្នុងសមាគមរបស់ខ្លួនដោយឥតគិតថ្លៃនៅខេត្តកោះកុង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង