Yearendyearend1140x150
Img 0571

អាមេរិក«បញ្ចប់ជំនួយ»ដល់កម្ពុជាក្រោមគម្រោងព្រៃឡង់បៃតង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖​ស្ថានទូត​អាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី ១៧ មិថុនានេះ បាន​ប្រកាសបញ្ចប់ជំនួយ​ដល់ស្ថាប័នរដ្ឋាភិបាល​កម្ពុជា​លើគម្រោង​ព្រៃឡង់បៃតង​ ហើយជំនួយនេះ​នឹងត្រូវបង្វែរ​ទៅជួយវិស័យ​ឯកជ​ន សង្គមស៊ីវិល ​និងការងារ​របស់សហគមន៍​មូលដ្ឋាន​ ដើម្បីកែ​លម្អមុខរបរជីវភាព​រស់នៅ​ និងពង្រីកកសិកម្ម​ដែលមិនប៉ះពាល់​បរិស្ថាន​។​ការបញ្ចប់ជំនួយនេះ ដោយអាមេរិកពន្យល់​ថា ការកាប់បំផ្លាញព្រៃឈើ ដែលនៅតែមានច្រើន នៅក្នុងតំបន់ការពារ​ ពិសេស​នៅដែនជម្រកសត្វព្រៃ​នៅព្រៃឡង់​។

យោងតាមស្ថានទូតអាមេរិកបានគូសបញ្ជាក់ថា ប្រជាជនអាមេរិកនិងកម្ពុជា មានបំណងដូចគ្នា ក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃនៅលើផែនដី ដើម្បីធ្វើឲ្យមានការអភិវឌ្ឍន៍​ប្រកបដោយនិរន្តរភាព បង្វែរនិន្នាការនៃបម្រែបម្រួលអាកាសធាតុ និងអភិរក្សសត្វព្រៃ និងជីវសាស្រ្តចម្រុះ សម្រាប់មនុស្សជំនាន់ក្រោយ។ សហរដ្ឋអាមេរិកបានធ្វើការចំណាយថវិកាចំនួនជាង ១០០ លានដុល្លារ លើកម្មវិធីមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំង​នេះ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយ​អាមេរិក USAID ។

បើតាមស្ថានទូតអាមេរិក ​សហរដ្ឋអាមេរិកនៅតែមានក្តីកង្វល់ម្តង​ហើយម្តងទៀតលើការកាប់បំផ្លាញព្រៃឈើ ដែលនៅតែមានច្រើន នៅក្នុងតំបន់ការពារ​ ពិសេស​នៅដែនជម្រកសត្វព្រៃ​នៅព្រៃឡង់​ ជាទីដែលទីភ្នាក់ងារជំនួយ​អាមេរិក USAID បានចំណាយធនធានជាច្រើន។ហើយវាជាការគួរឲ្យស្តាយ ដែលស្ថាន​ភាពកំពុងតែកាន់តែអាក្រក់ទៅ។ដូច្នេះសហរដ្ឋអាមេរិកសូមបញ្ចប់ជំនួយ​ដល់ស្ថាប័នរដ្ឋា​ភិបាល នៅក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់​ដោយទីភ្នាក់ងារជំនួយ​អាមេរិក USAID ។ ជំនួយ​របស់សហរដ្ឋ​អាមេរិក​នឹងត្រូវបង្វែរទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងារ​របស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរប្រកបជីវភាពរស់នៅ​ និងពង្រីកកសិកម្ម ដែលមិនប៉ះពាល់បរិស្ថាន។

តែយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានប្រកាសថានឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាបរិស្ថាន​ និងបម្រែបម្រួលអាកាសធាតុ ដែលជាកង្វល់រួមរបស់ខ្លួន និងរបស់ពិភពលោក ដោយរួមទាំងការធ្វើការតាមរយៈកិច្ចសហការជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ។

ជាការឆ្លើយ ក្រសួងបរិស្ថាន បានអះអាងថា កម្ពុជាគោរពចំពោះការសម្រេចចិត្តរបស់ដៃគូអភិវឌ្ឍន៍ និងអរគុណចំពោះការចូលរួមចំណែកជាមួយកម្ពុជា ផ្តល់ជំនួយបច្ចេកទេសនាពេលកន្លងមកក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅតំបន់ព្រៃឡង់។ ភាគីទាំងពីរបានឯកភាពគ្នា បង្វែរលើកិច្ចសហប្រតិបត្តិការផ្សេងទៀតដែលបន្តបម្រើឱ្យឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។

ក្រសួងបរិស្ថាន សូមគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារធម្មជាតិផ្សេងទៀតលែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រុងទ្រាយតូចៗកើតឡើង។ នេះគឺជាក្តីព្រួយបារម្ភដែលនៅសេសសល់តិចតួចដែលក្រសួងបរិស្ថាន និង សមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ 

បើតាមក្រសួងបរិស្ថាន ការបញ្ចប់គម្រោងព្រៃឡង់បៃតងដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋមេរិកនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅពេលនេះ បានបង្ហាញថា ក្រសួងបរិស្ថានក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាលនិងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវ និងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនលើការការពារនិងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង