Yearendyearend1140x150

នៅខេត្តកំពតស្រ្តីម្នាក់វ័យ ៣៥ឆ្នាំមានផ្ទៃពោះ ០៧ខែបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពត៖ យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត ស្ដីពីមរណការរបស់ស្រ្តីម្នាក់វ័យ ៣៥ឆ្នាំ ដែលមានផ្ទៃពោះ ០៧ខែ រកឃើញមានជំងឺកូវីដ-១៩ ដោយមានស្ថានភាពធ្ងន់ធ្ងរមិនអាចជួយសង្រ្គោះបាន ហើយបានទទួលមរណភាព នៅវេលាម៉ោង ១២ និង០០នាទីយប់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ 

យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត បានឲ្យដឹងថា ជនជាតិខ្មែរស្លាប់ចំនួន ០១នាក់ មានឈ្មោះ ភាន ចិន្តា ភេទស្រី អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រះទ្រហឹង ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បានរកឃើញមានវិជ្ជមានកូវីដ-១៩ និងបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០យប់ ក្នុងសភាពហត់ខ្លាំង និងមានផ្ទៃពោះ ០៧ខែ។ 

អំឡុងពេលនោះ ក្រុមគ្រូពេទ្យបានធ្វើការសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស ប៉ុន្តែដោយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗមិនអាចសង្គ្រោះបាន អ្នកជំងឺបានទទួលមរណភាព នៅវេលាម៉ោង ១២ និង០០នាទីយប់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីអាយុ ៣៥ឆ្នាំ ខាងលើ បានស្លាប់ដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវ ក្នុងរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត មានការសោកស្តាយជាពន់ពេក និងសូមចូលរួមចំណែករំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព។

រដ្ឋបាលខេត្តកំពត សូមអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធជាមួយនឹងសពខាងលើ សូមមេត្តា រួសរាន់ទៅជួបគ្រូពេទ្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ទាន់ពេលវេលា និងសូមសាធារណជនទាំងអស់ចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវី-១៩ ចូលក្នុងសហគមន៍ និងដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា៕  


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ កំពត
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង