Yearendyearend1140x150

ទូតអាមេរិក៖យោធាខ្លួនមិនអនុញ្ញាតឲ្យពិនិត្យគ្រប់កន្លែងក្នុង«មូលដ្ឋានកងទ័ពជើងទឹករាម»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី ១១ មិថុនានេះ បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក គឺលោកវរសេនីយឯក Marcus M. Ferraraទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាម។ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ស្ថានទូតអាមេរិកបានចោទមន្ត្រីយោធាកម្ពុជាថា មិនអនុញ្ញាតឲ្យអនុព័ន្ធយោធាខ្លួនមើលគ្រប់កន្លែងក្នុងមូលដ្ឋានកងទ័ពជើងទឹករាម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ បានគូសបញ្ជាក់ថា អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក គឺលោកវរសេនីយឯក Marcus M. Ferrara ដោយឆ្លងតាមការសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា បានធ្វើដំណើរទៅរាម នៅថ្ងៃសុក្រ ទី ១១ ខែមិថុនា។

សេចក្តីប្រកាសដដែលបានបញ្ជាក់ថា នៅក្នុងពេលទស្សនកិច្ចដ៏ខ្លី​នោះ មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធាទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹក​នោះទេ។នៅពេលដឹងច្បាស់ថា លោកមិនត្រូវបានអនុញ្ញាតឲ្យចូលមើលបានអស់ លោកវរសេនីយឯក Ferrara បានបញ្ចប់ការដើរមើល ហើយបានស្នើសុំឲ្យមន្រ្តីយោធាកម្ពុជាកំណត់ពេលទស្សនកិច្ចឡើងវិញ ដោយអនុញ្ញាតឲ្យមានការដើរមើលគ្រប់កន្លែង នៅក្នុងពេលខាងមុខឲ្យបានឆាប់បំផុត។

ស្ថានទូតអាមេរិកបានសង្កត់ធ្ងន់ថា ទស្សនកិច្ចជាធម្មតា និងញឹកញាប់​​ របស់អនុព័ន្ធយោធារបស់សហរដ្ឋអាមេរិក និងអនុព័ន្ធយោធា​បរទេសដទៃទៀត​ នៅមូលដ្ឋានកងទ័ពជើងទឹករាម អាចជាជំហានមួយយ៉ាងសំខាន់ ឆ្ពោះទៅរកតម្លាភាព និងការទុកចិត្តគ្នាទៅវិញទៅមកបានច្រើន។

ស៊ីស៊ីថាមស៍ មិនអាចសុំការបញ្ជាក់បន្ថែមពីក្រសួងការពារជាតិកម្ពុជាបាននៅឡើយទេនៅថ្ងៃទី។

គួរបញ្ជាក់ថា នៅក្នុងការប្រជុំជាមួយលោកស្រីអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Wendy Sherman ដែលមកធ្វើទស្សនកិច្ច សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមឲ្យអនុព័ន្ធយោធារបស់ស្ថានទូតអាមេរិកធ្វើការចុះទៅមើលទៀងទាត់ នៅមូលដ្ឋានកងទ័ពជើងទឹករាម។ការសម្រេចចិត្តដូច្នេះ ជាការឆ្លើយតបនឹងកង្វល់យ៉ាងជ្រាលជ្រៅ​របស់លោកស្រីអនុរដ្ឋមន្រ្តីការបរទេស Sherman ដែលលោកស្រីបានលើកឡើង​ស្តីពីវត្តមានយោធា និងការសាងសង់នៅទីតាំងរាម របស់សាធារណរដ្ឋប្រជាមានិតចិន។

តែយ៉ាងណាក៌ដោយ កន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានថ្លែងសារជាច្រើនដងហើយថា«កម្ពុជាជាប្រទេសឯករាជ្យនិងអធិបតេយ្យភាព។ កម្ពុជាមិនចូលរួមជាមួយអ្នកនេះប្រឆាំងជាមួយអ្នកនោះ និងមិនអនុញ្ញាតឲ្យមានទីតាំងយោធាបរទេសនៅលើទឹកដីរបស់ខ្លួន»។

សម្តេចបានសង្កត់ធ្ងន់ថា កំពង់ផែសមុទ្ររាមរបស់កម្ពុជាគឺសម្រាប់មិត្តភក្តបរទេសទាំងឡាយ។សម្តេចថា "មូលដ្ឋានជើងទឹករាមនឹងទទួលស្វាគមន៍គ្រប់ប្រទេសទាំងអស់ដែលមានបំណងចូលនាវាចម្បាំងរបស់ខ្លួនមកសុំចតឈប់សម្រាក ឬក៏ចូលរួមធ្វើសមយុទ្ធជាមួយកម្ពុជា។ យើងមិនមែនធ្វើតែជាមួយចិនទេ។ អាមេរិកចង់ធ្វើ ក៏សូមអញ្ជើញ!"៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង