Yearendyearend1140x150

សមាគមទេសចរណ៍ស្នើសម្តេចហ៊ុន សែនជួយឱ្យវិទ្យាស្ថានប៉ាស្ទ័រចេញលិខិត បញ្ជាក់សុខភាពដល់ភ្ញៀវទេសចរ

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះតាមរយៈហ្វេសប៊ុកបានស្នើសុំ ការអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ឱ្យជួយអន្តរាគមន៍ឱ្យមានការចេញលិខិតសុខភាពដល់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីឱ្យអាចឱ្យពួកគេវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញបាន។ ការស្នើសុំនេះ គឺដោយសារតែវិទ្យាស្ថានប៉ាស័្ទរ និងមន្ទីរពេទ្យពាក់ព័ន្ធមិនព្រមចេញលិខិតបញ្ជាក់សុខភាពនេះតាមការស្នើសុំរបស់ភ្ញៀវទេសចរ។

តាមរយៈសេចក្តីស្នើសុំតាមហ្វេសប៊ុករបស់ខ្លួន លោកស្រី ឆាយ ស៊ីវលីន បានរាយការណ៍ទៅកាន់សម្តេចហ៊ុន សែន ថា ភ្ញៀវដែលនៅសេសសល់នៅកម្ពុជាកំពុងរកផ្លូវចេញត្រឡប់ទៅប្រទេសគេវិញតាមជើងយន្តហោះដែលនៅមិនច្រើន ប៉ុន្តែគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់សុទ្ធតែត្រូវការលិខិតបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ ប៉ុន្តែ ជាក់ស្តែងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមិនទទួលពិនិត្យអ្នកមិនទាន់ឈឺទេ។

លោកស្រីឆាយ ស៊ីវលីន បានរៀបរាប់ដូច្នេះថា៖ «នាងខ្ញុំបានទាក់ទងទៅមន្ត្រីនៅមន្ទីរពេទ្យរុស្សី គាត់ណែនាំឱ្យទៅមន្ទីរពេទ្យបង្អែកសុខភាពចាក់អង្រែដែលនឹងមានលិខិតបញ្ជាក់ពីប៉ាស្ទ័រ ប៉ុន្តែ ថ្ងៃ២៣ គេនាំភ្ញៀវទៅពិនិត្យ ពេទ្យបានប្រាប់ថា មិនអាចពិនិត្យអ្នកមិនឈឺបានទេ បើគ្រាន់តែចង់បានលិខិតបញ្ជាក់ ដើម្បីធ្វើដំណើរអញ្ចឹងនោះ ព្រោះត្រូវមើលអ្នកឈឺច្រើន។ ថ្ងៃទី២៤ មីនា សមាជិកនាងខ្ញុំនាំភ្ញៀវទៅទៀត គេពិនិត្យឱ្យតែលទ្ធផលបញ្ជាក់នឹងផ្តល់ឱ្យ២៤ម៉ោងក្រោយ ថ្ងៃ២៥មីនា គេទៅយកលទ្ធផល ពេទ្យប្រាប់ថាអត់មានឱ្យទេ ព្រោះលទ្ធផលបដិសេធ ទាល់តែលទ្ធផលវិជ្ជមានទើប គេចេញលិខិតបញ្ជាក់ឱ្យ»។

បើតាមលោកស្រីឆាយ ស៊ីវលីន បញ្ហានេះបានធ្វើឱ្យអ្នកត្រូវធ្វើដំណើរត្រឡប់ទៅវិញជួបការលំបាក និងត្រូវខាតប្រាក់ដោះដូរសំបុត្រយន្តហោះម្តងហើយម្តងទៀត ព្រោះលក្ខខណ្ឌការទិញសំបុត្រមិនអាចដោះដូរបានទេ។ ដូច្នេះហើយ លោកស្រីស្នើសុំឱ្យសម្តេចជួយអន្តរាគមឱ្យមានការចេញលិខិតបញ្ជាក់ឱ្យភ្ញៀវបានធ្វើដំណើរ។ យ៉ាងណាក៏ដោយ មិនទាន់ឃើញមានការឆ្លើយតបបែបណាពីសំណាក់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅឡើយទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង