Yearendyearend1140x150
Img 0571

សាលារាជធានីភ្នំពេញបន្តរុះរើសំណង់លើផ្ទៃទន្លេ ទោះមានការស្នើសុំពន្យា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកមេត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។
រូបភាពប្រភព៖ លោក មេត មាសភក្ដី

ភ្នំពេញ៖ រដ្ឋបាលរាជធានី នឹងបន្តរុះរើផ្ទះលើផ្ទៃទន្លេទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយគ្មានការពន្យាពេលទេ ត្បិតតែមានការស្នើសុំឱ្យមានការពន្យាពេលសម្រាប់ការរុះរើនេះក៏ដោយ។

បើតាមប្រសាសន៍របស់លោក មេត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សាលារាជធានីភ្នំពេញនឹងរុះរើសំណង់មិនរៀបរយ ផ្ទះលើទឹក បែចិញ្ចឹមត្រី នៅតាមបណ្ដោយផ្ទៃទន្លេសាប ក្រោយផុតឱសានវាទរយៈពេល ១ សប្តាហ៍។

បើតាមលោកមេត មាសភក្ដី បានឱ្យដឹងថា រដ្ឋបាលភ្នំពេញបានទុកពេលឱ្យមួយសប្ដាហ៍ដល់ប្រជាពលរដ្ឋ និងអ្នកដែលបានតាំងសំណង់មិនរៀបរយនៅតាមភូមិសាស្រ្តដងទន្លេក្នុងរាជធានីភ្នំពេញ ក៏ដូចជាបែចិញ្ចឹមត្រី ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះឃើញថាពលរដ្ឋមួយចំនួនដែលនៅលើទឹក បានយល់ និងចូលរួមស្ម័គ្រចិត្តរុះរើជាបណ្ដើរៗបានមួយចំនួនហើយ។

លោកមានប្រសាសន៍ថា៖«មកដល់ពេលនេះ ក៏នៅមានពលរដ្ឋមួយចំនួនទៀតក៏កំពុងធ្វើការរុះរើបន្ថែមទៀតផងដែរ ដែលជាសញ្ញាណមួយវិជ្ជមាន និងមានការយល់ដឹងចូលរួមក្នុងការរុះរើទាំងអស់នេះ ព្រោះយើងទាំងអស់គ្នា ទាំងអ្នកលើគោក និងអ្នកលើទឹក សុទ្ធតែមានភារៈកិច្ចក្នុងការចូលរួមធ្វើឱ្យទីក្រុងស្អាត»។

អ្នកនាំពាក្យរូបនេះបន្ថែមថា វាដល់ពេលហើយដែលត្រូវចូលរួមទាំងអស់គ្នា ទើបរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃទី២ មិថុនា កន្លងទៅ។

លោកបញ្ជាក់ថា នៅពេលដែលបញ្ចប់ឱសានវាទរយៈពេលមួយសប្ដាហ៍ជូនពលរដ្ឋក្នុងការរុះរើ រដ្ឋបាលភ្នំពេញនឹងចាត់តាំងអនុវត្តន៍វិធានការរដ្ឋបាលរុះរើសំណង់ទាំងនោះ ដោយមិនទទួលខុសត្រូវជាមួយនឹងការខូចខាតបាត់បង់ផ្សេងៗ ជុំវិញការអនុវត្តន៍វិធានការរដ្ឋបាលទាំងអស់នោះទេ ដែលនេះហើយជាការដែលត្រូវបង្ខំចិត្តអនុវត្តច្បាប់ទុកពេលវេលាឱ្យពលរដ្ឋរុះរើដោយខ្លួនឯង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង