Yearendyearend1140x150

ធនាគារARDBបញ្ចេញប្រាក់កម្ចីអស់«៥០លានដុល្លារ»ជួយដល់វិស័យកសិកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ ARDB Bank

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២០ បានចេញប្រាក់កម្ចីអនុគ្រោះតាមរយៈយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) គិតរហូតមកដល់ពេលនេះធនាគារ ARDB បានបញ្ចេញប្រាក់កម្ចីចំនួន៥០លានដុល្លារសម្រាប់គាំទ្រក្នុងវិស័យកសិកម្ម។

លោក ចាន់ សីហា អ្នកនាំពាក្យរបស់ធនាគារ ARDB ថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ធនាគារ(ARDB) បានបញ្ចេញប្រាក់កម្ចីចំនួន៥០លានដុល្លារសម្រាប់គាំទ្រក្នុងវិស័យកសិកម្ម។ គិតមកដល់ពេលនេះ ធនាគារ(ARDB) បានប្រើប្រាស់ក្នុងវិស័យកសិកម្មអស់ហើយ ដោយផ្តោតសំខាន់ទៅលើវិស័យ៤រួមមាន ការពង្រីកការដាំដុះបន្លែផ្លែឈើ ពង្រីកការចិញ្ចឹមសត្វ ការពង្រីកទៅលើការធ្វើវារីប្បកម្ម គាំទ្រទៅលើសហគ្រាសដែលផលិតនិងកែច្នៃផលិតផលកសិកម្ម។

បើតាមលោក ចាន់ សីហា បានលើកឡើងថា សកម្មភាពរបស់ ធនាគារARDB សព្វថ្ងៃនេះគឺផ្តោតសំខាន់ទៅលើការងារកសិកម្ម ហើយការផ្តល់ឥណទានក្នុងវិស័យនេះគឺជាសំខាន់ ។ ធនាគារ ARDB តែងតែគិតគូរទៅដល់កសិករ និងសហគ្រាសដែលប្រកបរបរកសិកម្មក្នុងការផ្តល់ប្រាក់កម្ចីទៅតាមលទ្ធភាព។ ដោយឡែកធនាគារពាណិជ្ជ ឬមីក្រូហិរញ្ញវត្ថុផ្សេងៗ ដែលមិនចង់ផ្តល់ប្រាក់កម្ចីដល់វិស័យកសិកម្ម គឺផ្អែកតាមគោលការណ៍របស់ធនាគារ ឬមីក្រូហិរញ្ញវត្ថុ។

លោក ចាន់ សីហា បានសង្កត់ធ្ងន់ថា វិស័យកសិកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចនិងសង្គមកម្ពុជា ។ ជាក់ស្តែងទាក់ទងនឹងវិបត្តិកូវីដនេះ សង្គេតឃើញថាវិស័យកសិកម្មនៅតែអាចនៅបន្តដំណើរការ ទោះបីវាមានកំណើនយឺតយ៉ាវ ប៉ុន្តែមិនអាក់ដំណើរការឡើយ។ ដូច្នេះការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម លោកជឿថាគួរតែមានការគាំទ្រ ដើម្បីជំរុញកសិករឲ្យពួកគាត់ផលិតស្របទៅតាមទិសដៅទីផ្សារ និងជំរុញផលិតប្រកបដោយគុណភាព ព្រោះមិនត្រឹមតែប្រើប្រាស់ក្នុងស្រុកទេ ពោលត្រូវពង្រឹងគុណភាពស្របតាមស្តង់ដារបច្ចេកទេសសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា វិស័យកសិកម្មមានត្រឹមតែ ៨% នៃប្រាក់កម្ចីសរុបរបស់ធនាគារ ហើយដោយសារអត្រាប្រាក់កម្ចីមិនដំណើរការខ្ពស់ពេកធ្វើឱ្យធនាគារជាច្រើនមិនចង់ផ្តល់ប្រាក់កម្ចីប្រាក់ដល់វិស័យកសិកម្ម ព្រោះវិស័យកសិកម្មនេះមានហានិភ័យខ្ពស់ដែលធ្វើឲ្យធនាគារពាណិជ្ជរបស់ឯកជនមួយចំនួនមិនផ្តោតក្នុងការផ្តល់ប្រាក់កម្ចីដល់វិស័យកសិកម្មនេះ។

លោកឧកញ៉ា បានស្នើឱ្យរាជរដ្ឋាភិបាលត្រូវតែមានការគាំទ្រនូវ ផ្លូវ ទឹក ភ្លើង បច្ចេកទេសផ្នែកកសិកម្ម និងកិច្ចសន្យាកសិកម្មសម្រាប់អ្នកប្រកបរបរកសិកម្មទើបអាចធានានូវហានិភ័យនៃប្រាក់កម្ចីនេះបាន ប៉ុន្តែប្រសិនបើកសិកម្មដែលអាស្រ័យលើផលនៃទឹកភ្លៀង នោះនឹងមានហានិភ័យខ្ពស់សម្រាប់ប្រាក់កម្ចីនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង