Yearendyearend1140x150

ឧកញ៉ា លឹម ហេង៖ការផ្តល់«ប្រាក់កម្ចី»ដល់វិស័យកសិកម្មមានកម្រិតទាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន​ ​សម្ផស្ស
/
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ របាយការណ៍របស់ធនាគារជាតិ អត្រាប្រាក់កម្ចីមិនដំណើរការ (NPL) ក្នុងវិស័យកសិកម្មនៅឆ្នាំ ២០២០ មានចំនួន ៥,៦% ទោះបីវាត្រូវបានកែលម្អពី ៧,៤% ក្នុងឆ្នាំ ២០១៩ ក៏ដោយក៏នៅតែខ្ពស់ជាងវិស័យនេះ។ អត្រាប្រាក់កម្ចីមិនដំណើរការខ្ពស់ពេកធ្វើឱ្យធនាគារជាច្រើនមិនចង់ផ្តល់ប្រាក់កម្ចីដល់វិស័យកសិកម្ម ព្រោះវិស័យកសិកម្មនេះមានហានិភ័យខ្ពស់។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ពិតមែនតែវាមានការយឺតយ៉ាវក្នុងឆ្នាំ២០២០ដោយសារបញ្ហាកូវីដនេះ ធ្វើឱ្យគម្រោងមួយចំនួនត្រូវអាក់ខានក្នុងវិស័យកសិកម្ម។ ការផ្តល់ប្រាក់កម្ចីសម្រាប់វិស័យកសិកម្មនៅមានកម្រិតមិនទាន់គ្រប់គ្រាន់នៅឡើយទេ ខណៈដែលកសិករ និងសហគ្រាសខ្នាតតូច និងមធ្យម ប្រកបរបរផ្នែកកសិកម្មកំពុងតែស្វះស្វែងរកប្រាក់កម្ចីបន្ថែម។

បើតាមលោកឧកញ៉ា វាជាការពិតណាស់វិស័យកសិកម្មមានត្រឹមតែ ៨% នៃប្រាក់កម្ចីសរុបរបស់ធនាគារ ហើយដោយសារអត្រាប្រាក់កម្ចីមិនដំណើរការខ្ពស់ពេកធ្វើឱ្យធនាគារជាច្រើនមិនចង់ផ្តល់ប្រាក់កម្ចីប្រាក់ដល់វិស័យកសិកម្ម ព្រោះវិស័យកសិកម្មនេះមានហានិភ័យខ្ពស់ដែលធ្វើឲ្យធនាគារពាណិជ្ជរបស់ឯកជនមួយចំនួនមិនផ្តោតក្នុងការផ្តល់ប្រាក់កម្ចីដល់វិស័យកសិកម្មនេះ។

លោកឧកញ៉ា បានបន្ថែមថា វិស័យកសិកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចនិងសង្គមកម្ពុជា ហើយដើម្បីធានានិរន្តរភាព និងកុំឱ្យមានបញ្ហាហានិភ័យក្នុងប្រាក់កម្ចីក្នុងវិស័យនេះ រាជរដ្ឋាភិបាលត្រូវតែមានការគាំទ្រនូវ ផ្លូវ ទឹក ភ្លើង បច្ចេកទេសផ្នែកកសិកម្ម និងកិច្ចសន្យាកសិកម្មសម្រាប់អ្នកប្រកបរបរកសិកម្មទើបអាចធានានូវហានិភ័យនៃប្រាក់កម្ចីនេះបាន ប៉ុន្តែប្រសិនបើកសិកម្មដែលអាស្រ័យលើផលនៃទឹកភ្លៀង នោះនឹងមានហានិភ័យខ្ពស់សម្រាប់ប្រាក់កម្ចីនេះ។

ជាការកត់សម្គាល់ បច្ចុប្បន្នសហគ្រាសក្នុងស្រុក និងកសិករមានការលំបាកក្នុងការវិនិយោគក្នុងវិស័យកសិកម្មដើម្បីទទួលបានប្រាក់កម្ចីពីធនាគារ ដោយសារទ្រព្យបញ្ចាំ ព្រោះកសិករមិនមានទ្រព្យបញ្ចាំក្រៅពីដីស្រែចម្ការ។ សព្វថ្ងៃកសិករខ្លះដោះស្រាយតាមរយៈខ្ចីពីបងប្អូន មិត្តភក្តិ ឬចងការប្រាក់តាមមីក្រូហិរញ្ញវត្ថុដែលមានកម្រិតអត្រាការប្រាក់ខ្ពស់ជាងការប្រាក់ពីធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទរបស់រាជរដ្ឋាភិបាលបានបង្កើតដែលមានអត្រាការប្រាក់ ៧% ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង