Yearendyearend1140x150

អាជ្ញាធរខេត្តតាកែវរកឃើញករណីវិជ្ជមានកូវីដថ្មី ៤៧នាក់ទៀតក្នុងនោះមានស្លាប់០១នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

តាកែវ៖ យោងតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី០២ ខែមិថុនា នេះ បានប្រកាសថា នៅខេត្តតាកែវ បានរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន​ ៤៧នាក់បន្ថែមទៀត លទ្ធផលនៃការវិភាគសំណាករកមេរោគកូវីដនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះមានជាអាជីវករ កសិករ បុគ្គលិកកាស៊ីណូ អាចារ្យ អ្នកលក់ដូរ សិស្ស កុមារ ទារក កម្មករ និងកម្មការិនីរោងចក្រ។

គួររំលឹកថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដទាំង ៤៧នាក់ ដែលរកឃើញឆ្លងកូវីដ ក្នុងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ មានស្លាប់ចំនួន ០១នាក់ ដែលមានឈ្មោះថា វង្ស សាមឿន អាយុ ៦៣ឆ្នាំ ជាកសិករ នៅភូមិអង្គតាង៉ិល ឃុំគុស ស្រុក​ត្រាំកក់ ខេត្តតាកែវ។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្ត បានអំពាវនាវដល់លោក លោក ស្រីអាជីវករ បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់លោកអ្នករៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ។

បន្ថែមលើនេះ អ្នកដែលពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្តៅយ៉ាងតិច ២ដង ក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះ ឬបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច។ ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋនិងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសសូមបងប្អូនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣កុំ ៣ការពារ»។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្តៅលើសពី ៣៧អង្សាសេ ក្អក កណ្តាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យបង្អែកតាម ក្រុង ស្រុក ឬមន្ទីរសុខាភិបាលខេត្ត ឬ តាមរយៈលេខទូរស័ព្ទ ០១៦ ៨៩៥ ៩៥៥ (ឯកឧត្តម វេជ្ជ. នុត ស៊ីណាត)។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបនិងចូលរួមអនុវត្តឱ្យ មានប្រសិទ្ធភាពខ្ពស់៕​

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ តាកែវ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង