Yearendyearend1140x150
Img 0571

អាមេរិកនៅតែមានកង្វល់ពី«វត្តមានយោធាចិន»ទោះកម្ពុជាបដិសេធច្រើនដងហើយក្តី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១ មិថុនា បានអនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy R. Sherman ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ក្នុងកិច្ចពិភាក្សានោះលោកស្រី​អនុរដ្ឋមន្រ្តីការបរទេស Sherman បានសម្តែងកង្វល់ជាខ្លាំង​ លើវត្តមានយោធា​របស់​សាធារណរដ្ឋ​ប្រជាមានិតចិន និងការកសាងទីតាំងនៅមូលដ្ឋានជើងទឹករាម ក្នុងឈូងសមុទ្រថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ក្នុងពិភាក្សាការងាររវាងសម្តេច ហ៊ុន សែន លោកស្រី​អនុរដ្ឋមន្រ្តីការបរទេស Sherman បានសម្តែងកង្វល់ជាខ្លាំង​ លើវត្តមានយោធា​របស់​សាធារណរដ្ឋ​ប្រជាមានិតចិន និងការកសាងទីតាំងនៅមូលដ្ឋានជើងទឹករាម ក្នុងឈូងសមុទ្រថៃ។

សម្រាប់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ យល់ឃើញថា មូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយ នៅ​កម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យ​ភាពរបស់កម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ លោកស្រី​អនុរដ្ឋមន្រ្តី​ បានអំពាវនាវ​ឲ្យថ្នាក់ដឹកនាំ​កម្ពុជា​រក្សា​គោលនយោបាយ​ការ​បរទេសដែលមានតុល្យ​ភាព និងឯករាជ្យ ដើម្បីជាឧត្តមប្រយោជន៍​នៃប្រជាជនកម្ពុជា។ 

ជាមួយគ្នានោះ លោកស្រី​បាន​សុំការ​បំភ្លឺ​ពីសម្តេច ហ៊ុន សែន ពីលើការ​វាយកំទេចអគារចំនួន ២ ដែលបានទទួលជំនួយថវិកាពីសហរដ្ឋអាមេរិក នៅរាម ដោយគ្មានការជូនដំណឹង ឬ​ការពន្យល់ជាមុន។

ចំពោះក្តីកង្វល់របស់លោកជំទាវ Wendy R. Sherman ទាំងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក និងសេចក្តីប្រកាសព័ត៌មានពីភាគីកម្ពុជា មិនបានលើកឡើងពីការឆ្លើយតបរបស់សម្តេច ហ៊ុន សែននោះទេ។

តែយ៉ាងណាក៌ដោយ កន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានថ្លែងសារជាច្រើនដងហើយថា«កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​និង​អធិបតេយ្យ​ភាព។ កម្ពុជា​មិន​ចូលរួម​ជាមួយ​អ្នក​នេះ​ប្រឆាំង​ជា​មួយ​អ្នក​នោះ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ទីតាំង​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន»។​

សម្តេចបានសង្កត់ធ្ងន់ថា ​កំពង់​ផែសមុទ្រ​រាម​របស់​កម្ពុជាគឺ​សម្រាប់​មិត្ត​ភក្ត​បរទេស​ទាំង​ឡាយ។សម្តេចថា "មូលដ្ឋាន​ជើង​ទឹក​រាម​នឹង​ទទួល​ស្វាគមន៍​គ្រប់​ប្រទេស​ទាំង​អស់​ដែល​មាន​បំណង​ចូល​នាវា​ចម្បាំង​របស់​ខ្លួន​មក​សុំ​ចត​ឈប់​សម្រាក​ ឬ​ក៏​ចូល​រួម​ធ្វើ​សម​យុទ្ធ​ជា​មួយ​កម្ពុជា។ យើង​មិនមែន​ធ្វើ​តែ​ជា​មួយ​ចិន​ទេ។ អាមេរិក​ចង់​ធ្វើ ក៏​សូម​អញ្ជើញ!"៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង