Cct850x100 1
1800px x h300px kh

នាយកដ្ឋានបសុសត្វថៃចាត់វិធានការថ្មីក្រោយរកឃើញជំងឺប៉េសជ្រូកអាហ្វ្រិកដែលនាំចូលទៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ CNN Philippines

ថៃ៖ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃបាននិយាយនៅថ្ងៃអាទិត្យនេះថា ការស៊ើបអង្កេតបឋមមិនបានបង្ហាញថាមានជំងឺប៉េសជ្រូកអាហ្វ្រិក (ASF) នៅក្នុងជ្រូករស់ត្រូវបាននាំចេញដូចដែលបានអះអាង ដោយអាជ្ញាធរវៀតណាមកាលពីពេលថ្មីៗនេះទេ។ នេះបើយោងតាមសារព័ត៌មាន The Nation Thailand ។

ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទរបស់វៀតណាមកាលពីដើមខែនេះ បានដាក់លិខិតមួយទៅកាន់ស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ ដោយបញ្ជាក់ថាប្រទេសវៀតណាមនឹងហាមឃាត់ការនាំចូលជ្រូកពីប្រទេសថៃចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដោយសារតែជំងឺប៉េសជ្រូកអាហ្វ្រិក (ASF) ត្រូវបានរកឃើញនៅក្នុងជ្រូកមួយ។

លោក Sorawit Thanito អគ្គនាយកនៃនាយកដ្ឋានបានមានប្រសាសន៍ថា ដើម្បីស្តារទំនុកចិត្តលើផលិតផលបសុសត្វថៃ ក្នុងចំណោមដៃគូពាណិជ្ជកម្មបរទេស យើងបានបញ្ជាឱ្យបញ្ឈប់ជាបណ្តោះអាសន្នលើការនាំចេញជ្រូករស់ពីក្រុមហ៊ុននិងកសិដ្ឋាន ដែលវៀតណាមអះអាងថា ពួកគេបានរកឃើញជំងឺប៉េសជ្រូកអាហ្រិ្វកនេះ។ លោកបន្តថា យើងនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតបញ្ហានេះឱ្យបានហ្មត់ចត់ ហើយជូនដំណឹងដល់ប្រទេសវៀតណាមឱ្យបានឆាប់នៅពេលមានការសន្និដ្ឋាន។

នាយកដ្ឋានក៏បានបញ្ជាឱ្យអ្នកនាំចេញសាច់ជ្រូករស់ទាំងអស់ទៅកាន់ប្រទេសវៀតណាមធ្វើតេស្តិ៍មន្ទីរពិសោធន៍នៅឯស្ថានីយដាច់ដោយឡែកពីគ្នា ដោយការធ្វើតេស្ត៍គំរូពីជ្រូកយ៉ាងតិច ១០ ក្បាលក្នុងមួយឡានដឹកទំនិញ។

លោក Sorawit បានបន្ថែមទៀតថា វិធានការនេះនឹងត្រូវអនុវត្តតាមវិធានការណ៍សំខាន់ៗនៃការអនុវត្តកសិកម្មល្អ ដែលនាយកដ្ឋានបានអនុវត្តលើផលិតផលបសុសត្វទាំងអស់ ត្រូវបាននាំចេញទៅប្រទេសវៀតណាមត្រូវមានការចាក់វ៉ាក់សាំងការពារជំងឺជើងនិងមាត់ ជំងឺបន្តពូជ ជំងឺផ្លូវដង្ហើម ជំងឺរលាកទងសួត ជំងឺរលាកស្រោមខួរ និងការធ្វើតេស្តដើម្បីធានាថាសត្វទាំងអស់គ្មានជំងឺប៉េសជ្រូកអាហ្វ្រិក៕

Khcct banner

អត្ថបទទាក់ទង