Yearendyearend1140x150

រោងចក្រចំនួន ២០៣ ត្រូវបានបិទទ្វារដោយសារគ្មានការបញ្ជារទិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម។
 រូបភាពប្រភព៖​ (ឯកឧត្តម ហេង សុគង់ ) 

ភ្នំពេញ៖ ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ ពិសេសព្រឹត្តិការណ៍២០កុម្ភៈ បានជះឥទ្ធិពលដល់វិស័យឧស្សាហកម្មផលិតនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ និងនាំឱ្យរោងចក្រនៅក្នុងវិស័យកាត់ដេរកម្ពុជា ចំនួន ២០៣បានបិទទ្វារ ដោយសារគ្មានការបញ្ជារទិញ ឬការបញ្ជារត្រូវបានពន្យាពេលយូរពីប្រទេសដែលបញ្ជារទំនិញ។

«ដោយសារតែការរាតត្បាតក្នុងសហគមន៍ ពិសេសការរាតត្បាតចូលរោងចក្រ ដែលជាហេតុធ្វើឱ្យមានការពិបាកក្នុងការដំណើរការងារ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ ដោយឡែកសម្រាប់ផលិតផលដែលកម្ពុជាត្រូវនាំចេញទៅក្រៅក៏មានបញ្ហាដែរ ដោយសារតែបណ្ដាប្រទេសផ្សេងៗដែលបញ្ជារទិញក៏ជួបប្រទះនឹងបញ្ហាកូវីដដូចជាការបិទខ្ទប់ ដែលជាហេតុធ្វើឱ្យការបញ្ជារទិញមានការធ្លាក់ចុះ ឬក៏ប្រទេសខ្លះទៀត ផ្អាកការបញ្ជារទិញតែម្ដង»។នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម។

អ្នកនាំពាក្យក្រសួងឧស្សាហកម្ម បានអះអាងថា ការផ្អាកការបញ្ជាទិញនេះ គឺជាបញ្ហាប្រឈមដល់បណ្ដាររោងចក្រមួយចំនួនដូចជាភ្ជួរការងារដល់បុគ្គលិក ឬផ្អាកចរន្តការផលិតតែម្ដង។ តែយ៉ាងណាក៏ដោយ ក៏នៅមានបណ្ដាររោងចក្រ និងសិប្បកម្មមួយចំនួនទើបតែបង្កើតថ្មី ដោយតម្រូវទៅតាមបរិបទជាក់ស្ដែងនៃតម្រូវការផលិតកម្មនៅក្នុងស្រុក និងតម្រូវការនៃការបញ្ជារទិញពីក្រៅប្រទេសផងដែរ។

ទាក់ទងនឹងបញ្ហានេះ ឯកឧត្តមបានគូសបញ្ជាក់ថា នៅឆ្នាំ២០២០ មានរោងចក្រចំនួន១០១រោងចក្រដែលបានបិទទ្វារ ប៉ុន្តែយ៉ាងណាក៏ដោយក្នុងឆ្នាំដដែលក៏មានរោងចក្រកើតថ្មីចំនួន២៣៥រោងចក្រផងដែរ។ ដោយឡែក គិតមកត្រឹមខែពាក់កណ្ដាលខែ ឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានរោងចក្រចំនួន១០២ទៀត ដែលបានបិទទ្វារ ក្នុងនោះមាន២៧រោងចក្រដែលមានការប៉ះពាល់ផ្ទាល់ដោយសារបញ្ហាកូវីដ១៩ និងរោងចក្រ៧៥ទៀត ក្ស័យធុនដោយសារតែមិនមានការបញ្ជាទិញ ឬផ្អាកការបញ្ជារទិញរយៈពេលយូរ។

បើតាម ឯកឧត្តម ហេង សុគង់ ភាគច្រើនរោងចក្រដែលបានបិទទ្វារគឺជារោងចក្រដែលបម្រើខ្សែរចង្វាក់ផលិតកម្មកាត់ដេរស្បែកជើង សម្លៀកបំពាក់ និងកាបូប ដោយសារតែផលិតផលទាំងអស់នោះ កម្ពុជាផលិតដើម្បីនាំចេញទៅក្រៅប្រទេស ហើយប្រទេសដែលបានបញ្ជារទិញគឺភាគច្រើនបានបិទខ្ទប់ ហើយប្រទេសខ្លះទៀតក៏កាត់បន្ថយការបញ្ជារទិញ ឬឈប់បញ្ជារទិញតែម្ដង ដូច្នេះរោងចក្រដែលផលិតទំនិញត្រូវផ្អាកខ្សែចង្វាក់ផលិតកម្មបណ្ដោះអាសន្នរហូតមានការបញ្ជារទិញជាថ្មី។

តែយ៉ាងណាក៏ដោយ ទន្ទឹមនឹងបញ្ហានេះកម្ពុជាបានលើកស្ទួយសហគ្រាសធុនតូច និងមធ្យមក្នុងបរិបទកូវីដនេះ ដោយធ្វើយ៉ាងណាអាចឱ្យសហគ្រាសទាំងអស់នោះអាចនៅឈរជើងបាន ដោយមានការផ្ដល់កញ្ជប់ពិសេសនិងការលើកលែងជាច្រើន។ ក្រៅពីការលើកលែងពិសេសនេះគឺខាងក្រសួងពាក់ព័ន្ធក៏បានបង្កើតនូវធនាគារ SME ដែលមានដើមទុនដំបូង១០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការផ្ដល់នៅកម្ចីទុនដែលមានការប្រាក់ទាបត្រឹមកម្រិត៧% សម្រាប់សហគ្រាសធុនតូច និងមធ្យម អាចយកទៅពង្រីក ឬទ្រទ្រង់អាជីវកម្មឱ្យដំណើរការ និងបង្កើនផលិតភាពក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ និងក្រោយកូវីដត្រូវបានបញ្ចប់ផងដែរ។

ជាមួយគ្នានោះ ក្រសួងឧស្សាហកម្ម និងក្រសួងពាក់ព័ន្ធបានផ្ដល់ជូននូវលក្ខណៈពិសេសជាច្រើន ដូចជាការលើកលែងពន្ធអាករមួយចំនួន និងការផ្ដល់នូវកម្ចីពិសេស ដោយពន្យារពេលបង់ការប្រាក់ និងប្រាក់ដើមទៅរោងចក្រសហគ្រាស ដែលទទួលផលប៉ះពាល់ដោយសារតែកូវីដ១៩។

ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើកំណែទម្រង់ក្នុងការគ្រប់គ្រងនិងការចុះបញ្ជីរោងចក្រសិប្បកម្មការអភិវឌ្ឍស្វ័យប្រវត្តិកម្មដើម្បីជួយសម្រួលក្នុងការផ្នែកកិច្ចការរដ្ឋបាល ដើម្បីចំណេញពេលវេលានិងការសន្សំសំចៃផ្សេងៗដើម្បីគាំទ្រដល់ការបង្កើនលទ្ធភាពនិងប្រសិទ្ធភាពការងារផែនការ។ ក្រៅពីនេះក្រសួង ក៏បានជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់កម្ពុជា ដោយធ្វើប្រព្រឹត្តិកម្មនូវមុខទំនិញ ដែលអាចផលិតក្នុងស្រុកច្រើនជាងការនាំចូលមកពីខាងក្រៅ ជាពិសេសលើទំនិញយុទ្ធសាស្ត្រនិងផលិតផលកសិឧស្សាហកម្ម។

ថ្វីត្បិតតែប្រទេសកម្ពុជាមានបញ្ហាប្រឈមនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ កម្ពុជាសង្ឃឹមថានឹងមានការងើបឡើងវិញនៃខ្សែចង្វាក់ផលិតកម្មវិស័យឧស្សាហកម្មនិងសហគ្រាសធុនតូចនិងមធ្យម ព្រោះកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយច្បាស់លាស់ និងមានដៃគូរទីផ្សារដ៏ធំគឺ ប្រទេសចិន។

ក្រៅពីនេះ កម្ពុជារំពឹងថានឹងអាចចុះអនុស្សារណៈនៃការយោគយល់ជាមួយនឹងប្រទេសកូរ៉េខាងត្បូង ដែលជាប្រភពទីផ្សាររបស់កម្ពុជាសម្រាប់ការនាំចេញបន្ថែមទៀត ដើម្បីរកទីផ្សារបន្ថែមឲ្យរោងចក្រសហគ្រាសធុនតូចនិងមធ្យម ដែលជាក្ដីសង្ឃឹមបន្ថែមទៀតនៅក្នុងការពង្រឹងខឿនសេដ្ឋកិច្ច៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង