Yearendyearend1140x150

បិតាស្រូវប្រទេសចិន លោកសាស្ត្រាចារ្យយ៉ាន ឡុងភីងទទួលមរណភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

យោងតាមការចុះផ្សាយរបស់សារព៌ត៏មានស៊ីនហួរបានអោយដឹងថា បិតា ស្រូវ របស់ប្រទេសចិនគឺលោកសាស្ត្រាចារ្យយ៉ន់ ឡុងពីងបានទទួលមរណភាពនៅម៉ោង១៣ និង៧នាទី នៅថ្ងៃទី២២ខែឧសភានេះ នៅខេត្តហ៊ូណានប្រទេសចិន ក្នុងអាយុ ៩១ ឆ្នាំ។

លោកសាស្ត្រាចារ្យយ៉ាន ឡុងភីង (Yuan Longping) ជាក្សេត្រវិទូ ឬអ្នកវិទ្យាសាស្ត្រកសិកម្មជនជាតិចិន ដែលគេឲ្យរហ័សនាមថា ‘បិតាស្រូវអ៊ីប្រ៊ីត’ ‘Father of Hybrid Rice’ តាមរយៈការបង្កើតពូជស្រូវអ៊ីប្រ៊ីតដំបូងគេនៅទសវត្សទី ៧០ ជួយស្រោចស្រង់ជីវិតមនុស្សរាប់លាននាក់ជាពិសេសគឺជនជាតិចិនពីគ្រោះទុរភិក្ស។

លោកយ៉ន់ ឡុងពីងកើតនៅឆ្នាំ១៩៣០ នាទីក្រុង Beijing តែជីដូនជីតារបស់គាត់ជាអ្នកខេត្ត Jiangxi។ អំឡុងពេលសង្រ្គាមចិនជប៉ុន លើកទី២ និងសង្រ្គាមស៊ីវិលនៅចិន គាត់ចំណាកស្រុក ជាមួយគ្រូសាររបស់គាត់ ហើយបានចូលរៀន នៅសាលាជាច្រើនកន្លែង ដូចជានៅខេត្ត Hunan, Chongqing, Hankou និង Nanjing។ គាត់បានបញ្ចប់ការសិក្សាពី មហាវិទ្យាល័យ Southwest Agricultural College (សព្វថ្ងៃជាផ្នែកមួយនៃ Southwest University) ផ្នែកក្សេត្រសាស្ត្រ (agronomy) នៅឆ្នាំ ១៩៥៣ ហើយចាប់ផ្តើមបង្រៀននៅ Anjiang Agricultural School ខេត្ត Hunan។

គាត់បានរៀបការជាមួយ និងកូនសិស្សរបស់គាត់ឈ្មោះ Deng Zhe នៅឆ្នាំ ១៩៦៤ ដោយទទួលបានចំណងដៃ កូនពីរនាក់ឈ្មោះ Yuan Ding’an និង Yuan Dingjiang ។

គាត់មានគំនិតចង់បង្កើតស្រូវអ៊ីប្រ៊ីតនៅចុងទសវត្សទី ៦០ នៅពេលដែលមានគ្រោះធម្មជាតិផ្ទួនៗ ជាមួយវិបត្តិនិយោបាយ (ដូចជាមហាលោតផ្លោះជាដើម) បានធ្វើឲ្យប្រទេសចិនធ្លាក់ទៅក្នុង គ្រោះទុរភិក្សដ៏ធំ ដែលបានបណ្តាលឲ្យ ជនជាតិចិនរាប់លាននាក់បាត់បង់ជីវិត។ ក្នុងនាមជាក្សេត្រវិទូ គាត់បានចាប់ផ្តើមយកចិត្ត ទុក ដាក់ សិក្សាស្រាវជ្រាវពីសេនេទិចពូជដំណាំ ចេញពីទ្រឹស្តីម៉ង់ដែល និងម័រកង់អំពីសែន និងអាឡែល និងអ្នកវិទ្យាសាស្ត្រសូវៀត Ivan Vladimirovich Michurin និង Trofim Lysenko។

នៅឆ្នាំ ១៩៥៩ គាត់ចាប់អារម្មណ៍ទៅលើ ការអនុវត្តតំណពូជ លើដំណាំដំឡូងបារាំង និងស្រូវសាលី ដោយសារការលូតលាស់របស់វាលឿន ឆាប់បានផល ប៉ុន្តែនៅចិនផ្នែកខាងត្បូង ដំឡូងបារាំងមិនមែនជាអាហារ ដែលគេបរិភោគប្រចាំថ្ងៃទេ ហើយស្រូវសាលីទៀតសោត ក៏មិនអាចដាំដុះនៅតំបន់នេះបានដែរ។ ដូច្នេះហើយ គាត់ក៏បែរទៅសិក្សាដំណាំស្រូវវិញ។

នៅឆ្នាំ ១៩៦៤ គាត់បានចាប់ផ្តើមពិសោធន៍ លើការបង្កើតពូជស្រូវអ៊ីប្រ៊ីត ពេលដែលគេទទួលស្គាល់ជាទូទៅថា អ៊ីប្រ៊ីតកម្មមិនអាចធ្វើការបង្កាត់ ចំពោះដំណាំ ដែលមានស្វ័យដំណើរលំអង ដូចជាស្រូវបានទេ ហើយក៏គ្មានមធ្យោបាយណាមួយ ធ្វើឲ្យផលិតកម្មគ្រាប់ពូជអ៊ីប្រ៊ីត ទទួលបានទិន្នផលខ្ពស់ ចំពោះដំណាំ ដែលមានស្វ័យដំណើរលំអងបែបនេះដែរ។ ប៉ុន្តែ សាស្ត្រាចារ្យឡុងពីងមានជំនឿថា អ៊ីប្រ៊ីតកម្ម ជាបាតុភូតទូទៅ ដែលសូម្បីតែស្រូវក៏អាចកើតមានដែរ។

គាត់បានបង្កើតទ្រឹស្តីអ៊ីប្រ៊ីតកម្មមួយ ដោយប្រើពូជស្រូវឈ្មោលអារ ដោយលក្ខណៈធម្មជាតិ ជាសម្មតិកម្ម ដែលធ្វើឲ្យគាត់គិតថាអាចបង្កើតពូជស្រូវអ៊ីប្រ៊ីតបាន ហើយ អំឡុងពេលពីរឆ្នាំ គាត់អាចរកបាន ឯកត្តៈពូជស្រូវឈ្មោលអារនោះ សម្រាប់ការស្រាវជ្រាវរបស់គាត់។ ពិសោធន៍បន្តបន្ទាប់មកទៀត បង្ហាញថាទ្រឹស្តីរបស់គាត់គឺអាចទៅរួច ហើយផ្តល់ជាគន្លឹះដ៏សំខាន់បំផុត ដល់ការបង្កើតពូជស្រូវអ៊ីប្រ៊ីត។

ការពិសោធន៍ ដាំដុះពូជស្រូវអ៊ីប្រ៊ីតដំបូង រកឃើញថា វាមិនមានអ្វីលើសពីពូជធម្មតាទេ គាត់ក៏ សាកល្បងបង្កាត់ស្រូវជាមួយនិង ពូជ ប្រភេទផ្សេងទៀត នោះគឺស្រងែ។ នៅឆ្នាំ ១៩៧០ គាត់បានរកឃើញ ពូជស្រងែឈ្មោលអារ ដោយលក្ខណៈធម្មជាតិ ដែលអាចប្រើ ក្នុងការបង្កើតពូជស្រូវអ៊ីប្រ៊ីត ទទួលបានទិន្នផលខ្ពស់បាន។ នៅឆ្នាំ ១៩៧៣ ដោយការសហការជាមួយ អ្នកវិទ្យាសាស្ត្រផ្សេងទៀត គាត់អាចបង្កើតដំណើរការទាំងស្រុង ក្នុងការបង្កើតពូជស្រូវអ៊ីប្រ៊ីត ដែលមានទិន្នផលខ្ពស់នោះ។

ឆ្នាំបន្ទាប់ ពូជស្រូវអ៊ីប្រ៊ីតនោះបានយកទៅដាំដុះ ហើយទទួលបានផលលើសពីពូជធម្មតា។ ពូជថ្មីដែលមានឈ្មោះថា Nan-you No. 2 ផ្តល់ផលលើសពូជធម្មតា ២០% ធ្វើឲ្យប្រទេសចិននាំមុខគេ ក្នុងការផលិតស្រូវ។ ក្រោយការរកឃើញនេះ គាត់ត្រូវបានគេដាក់រហ័សនាមថា ‘បិតាស្រូវអ៊ីប្រ៊ីត‘ ‘Father of Hybrid Rice‘។

ក្រោយការស្រាវជ្រាវរយៈពេល ៩ ឆ្នាំ ពូជស្រូវរបស់គាត់ត្រូវបានផលិត ជាលក្ខណៈពាណិច្ចកម្ម នៅប្រទេសចិន នៅឆ្នាំ ១៩៧៦ ហើយបច្ចេកទេស នៃការបង្កើតពូជស្រូវអ៊ីប្រ៊ីតនេះ ត្រូវបានគេយកទៅសិក្សានៅ អាមេរិក នៅឆ្នាំ ១៩៧៩ ធ្វើឲ្យគាត់បានប៉ាតង់ដំបូងគេ នៅក្នុងប្រវត្តិ របស់ប្រទេសចិន។

នៅឆ្នាំ ១៩៩៧ ស្រូវអ៊ីប្រ៊ីតឲ្យផលជិត ១១ តោនក្នុងមួយហិចតា ហើយនៅឆ្នាំ ២០១៤ ពូជអ៊ីប្រ៊ីតឲ្យទិន្នផលលើសពី ១៥ តោនក្នុងមួយហិចតា។ សព្វថ្ងៃ ពាក់កណ្តាលនៃដីដាំដុះស្រូវ នៅប្រទេសចិន គឺដាំស្រូវអ៊ីប្រ៊ីត ហើយ នៅលើពិភពលោកវិញ ២០% នៃទិន្នផលស្រូវ គឺបានមកពីការដាំដុះ ស្រូវអ៊ីប្រ៊ីត។

លោកសាស្ត្រាចារ្យយ៉ន់ ឡុងពីងទទួលបាន State Preeminent Science and Technology Award of China នៅឆ្នាំ ២០០២ Wolf Prize in Agriculture និងរង្វាន់ណូបែលផ្នែកកសិកម្ម (World Food Prize) នៅឆ្នាំ ២០០៤។

គួរបញ្ចាក់ផងដែរថា លោកសាស្ត្រាចារ្យយ៉ន់ ឡុងពីងក៏ធ្លាប់មកប្រទេសកម្ពុជាមួយរយះ លោកបានចូលរួមបណ្តុះបណ្តាលអ្នកជំនាញការដាំដុះស្រូវនៅប្រទេសកម្ពុជា ហើយក៏បានទទួលការកោតសរសើរនិងគោរពស្រលាញ់ពីប្រជាកសិករនិងមន្រ្តីកសិកម្មកម្ពុជាផងដែរ៕

ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង