Yearendyearend1140x150

តុលាការលើកពេលសវនាការលោកកឹម សុខា ដើម្បីទប់ស្កាត់រីករាលដាលកូវីដ-១៩

នយោបាយ
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
លោកកឹម សុខា និងបរិយា។

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះ បានសម្រេចលើកពេលសវនាការលោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិដោយមិនកំណត់ពេលវេលា។ ការលើកពេលនេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងវាយលុកនៅក្នុងប្រទេសកម្ពុជា។

ការសម្រេចលើកពេលសវនាការរបស់តុលាការក្រុងភ្នំពេញនេះ ធ្វើឡើងតាមសំណើរបស់ក្រុមមេធាវីលោកកឹម សុខា និង ក្រុមមេធាវីយតំណាងឱ្យរដ្ឋាភិបាលកម្ពុជា។ ក្រុមមេធាវីទាំងសងខាង បានឯកភាពគ្នាដាក់សំណើសុំឱ្យតុលាការលើកពេលសវនាការក្នុងគោលបំណងដើម្បីសុវត្ថិភាព និងសុខភាពសម្រាប់អ្នកទាំងអស់គ្នាក្នុងបន្ទប់សវនាការពាកា់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩នេះ។

សូមបញ្ជាក់ថា លោកកឹម សុខា កំពុងត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញដំណើរការសវនាការនៅក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ លោកកឹម សុខា តែងតែច្រានចោលការចោទប្រកាន់នេះ និងបានស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើរូបលោក។ នៅប៉ុន្មានសវនាការចុងក្រោយ លោកកឹម សុខា បានពាក់ម៉ាសជាប់ជានិច្ច ដើម្បីការការពារឆ្លងជំងឺកូវីដ-១៩ជាយកថាហេតុណាមួយ។

ចំណែក កាលពីថ្ងៃចន្ទម្សិលមិញនេះ លោកកឹម សុខា ក៏បានសារអំពាវនាវដល់ប្រជាពករដ្ឋទាំងអសស់រួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយៈទំព័រហ្វេសប៊ុក លោកកឹម សុខា បានអំពាវនាវឱ្យឲ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និង ក្រៅប្រទេសចូលរួមសាមគ្គីជាតិ ឯកភាពជាតិ និង ផ្តល់អាទិភាពយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាខាងលើនេះ ជាពិសេស គឺ ថែរក្សាការពារសុខភាពខ្លួន និងគ្រួសារផ្ទាល់ឲ្យបានខ្ជាប់ខ្ជួនតាមក្បួនវិជ្ជសាស្ត្រ ដែលបានណែនាំជាផ្លូវការដោយស្ថាប័នជំនាញ ចូលរួមចែករំលែកដោយសេចក្តីមេត្តា ករុណា ជួយគ្នាទៅវិញទៅមក ជួយសង្គមនិងជួយប្រទេសជាតិ តាមស្មារតី និងតាមលទ្ធភាព ក្នុងស្ថានភាពដ៏អាសន្ននេះ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវសុំឱ្យជួយលើកទឹកចិត្តនិងកោតសរសើរ ដល់សមត្ថកិច្ចដែលខិតខំ ប្រឹងប្រែង ធ្វើការលះបង់បំពេញការងារដ៏លំបាក និងគ្រោះថ្នាក់នេះ ហើយកុំបំភ្លៃ កុំបំប៉ោងពត៌មាន និងក៏កុំលាក់បាំងព័ត៌មានពិត និង កុំប្រកាន់និន្នាការនយោបាយ និងកុំរើសអើងគ្នាឲ្យសោះ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: លោកកឹមសុខា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង