Yearendyearend1140x150

សៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ម្នាក់ នៅក្នុងថ្ងៃ១៨ ឧសភា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឈ្មោះ ធី ផា ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិចំបក់ខ្ពស់ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកស្ទោង តែដោយស្ថានភាពមិនធូរស្រាល ក៏បានចេញមករកសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយមានករណីសង្ស័យ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប យកសំណាកធ្វើតេស្តស្រាវជ្រាវ ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។

យោងតាមរបាយការណ៍ពីការត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code Stop Covid-19 “ទប់ស្កាត់កូវីដ-១៩” នៅចំណុចព្រំប្រទល់ខេត្តសៀមរាប ជាមួយខេត្តកំពង់ធំ បានបង្ហាញថា អ្នករួមដំណើរជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានចំនួន៦នាក់ (កូនក្មេងអាយុ២ឆ្នាំ ម្នាក់ មិនបានចុះឈ្មោះ) ក្នុងនោះ ៣នាក់ បានបន្តដំណើរទៅខេត្តព្រះវិហារ ១នាក់ បានបន្តដំណើរទៅខេត្តបាត់ដំបង និង២នាក់ ស្នាក់នៅក្នុងខេត្តសៀមរាប ដោយត្រូវបានក្រុមគ្រូពេទ្យយកសំណាក និងធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តសៀមរាប។

ចំពោះករណីខាងលើនេះ រដ្ឋបាលខេត្តសៀមរាប បានផ្ដល់ព័ត៌មានទៅកាន់រដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការសុខាភិបាល ចំពោះអ្នករួមដំណើរ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។

សូមជម្រាបជូនថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨២នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៣០នាក់ ស្លាប់២នាក់ និង៥០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង