Cct850x100 1
1800px x h300px kh

បុរសជនជាតិខ្មែរម្នាក់វ័យ«៦១ឆ្នាំ»ត្រូវបានរកឃើញវិជ្ជមាននៅខេត្តរតនគិរី

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ១នាក់ លើបុរសជនជាតិខ្មែរម្នាក់ឈ្មោះ នាង ម៉ាត់ មានអាយុ ៦១ឆ្នាំ ទីលំនៅអចិន្ត្រៃយ៍ នៅភូមិជ្រៀក ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។ នេះជាករណីទី៨ ដែលឆ្លងកូវីដនៅក្នុងខេត្តរតនគិរី។

រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានទទួលបានព័ត៌មានពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី តាមរយៈលទ្ធផលវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧបករណ៍តេស្តរហ័ស បានរកឃើញករណ៍ វិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ខាងលើ ដែលជាប្រជាពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃយ៍ នៅភូមិជ្រៀក ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី បានធ្វើដំណើរទៅទទួលយកថ្នាំព្យាបាលជំងឺបេះដូង នៅគ្លីនិកឯកជនឈ្មោះ កែប ចិន ស្ថិតនៅព្រែកក្តាម នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រួចហើយត្រឡប់មកសម្រាកនៅផ្ទះរបស់គាត់មួយកន្លែងផ្សេងទៀត ស្ថិតនៅសង្កាត់ច្រាំងចំរេ២ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ 

លុះដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ បុគ្គលរូបនេះ បានចេញដំណើរពីផ្ទះរបស់គាត់ នៅ សង្កាត់ច្រាំងចំណេះ២ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់លំនៅដ្ឋាននៅភូមិជ្រៀក ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី វិញ តាមមធ្យោបាយរថយន្តឈ្នួលដែលបើកបរដោយឈ្មោះ ស វុទ្ធី (ហៅកុយ) បានធ្វើដំណើររហូតមកឈប់សម្រាកទទួលទាន អាហារនៅអាហារដ្ឋានម្តុំស្តាំដៃរង្វងមូលប្រធាតុស្របផ្លូវជាតិលេខ៨ ខេត្តត្បូងឃ្មុំប្រហែលម៉ោង ១០ និង៣០នាទីព្រឹក រួចហើយបានបន្តដំណើរមកដល់ទីប្រជុំជនអូរពងមាន់ ក៏បានឈប់ទិញកាហ្វេនៅអាហារដ្ឋាន អូរពងមាន់២ ខេត្តស្ទឹងត្រែង រួចក៏បន្តដំណើរមកដល់ ព្រំប្រទល់ខេត្តរតនគិរី-ខេត្តស្ទឹងត្រែង នៅចំណុចស្ពានស្រែពក ឃុំស្រែអង្រឹង ស្រុកកូនមុំ ខេត្តរតនគិរី នៅវេលាម៉ោង២និង០០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះយកវត្ថុសំណាក ដោយប្រើប្រាស់ឧបករតេស្តរហ័ស រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ ឈ្មោះ នាង ម៉ាត់ ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ ។ 

សូមបញ្ជាក់ថា អ្នករួមដំណើរជាមួយអ្នកវិជ្ជមានខាងលើ សរុបចំនួន ០៨នាក់ ក៏ត្រូវបានយកវត្ថុសំណាកដោយឧបករណ៍តេស្តគរហ័សជាលទ្ធផល«អវិជ្ជមាន»។ បច្ចុប្បន្ន អ្នកវិជ្ជមានរួមជាមួយអ្នកដំណើរពាក់ព័ន្ធត្រូវបានយកទៅព្យាបាល និងដាក់ចត្តាឡីស័ក នៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ពាក់ព័ន្ធករណីខាងលើនេះ រដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូនសាធារណជន ដែលមានការប៉ះពាល់ដោយផ្ទាល់ ឬ ប្រយោលជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ សូមតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ក្នុងករណីសង្ស័យ សូមរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីអនុវត្តតាមវិធានសុខាភិបាល៕ 



ពាក្យទាក់ទង: កូវីដ រតនគិរី
Khcct banner

អត្ថបទទាក់ទង