Cct850x100 1
1800px x h300px kh

របាយការណ៍អង្កេត៖ភ្ញៀវទេសចរចិនអាចចេញដើរក្រៅប្រទេសទាំងស្រុងនៅដើមឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមភ្ញៀវទេសចរចិនមកកំសាន្តលេងប្រាសាទបុរាណក្នុងខេត្តសៀមរាបកន្លងទៅ។

ចិន៖ យោងតាមរបាយការណ៍អង្គភាពស៊ើបអង្កេតផ្នែកសេដ្ឋកិច្ច(The Economist Intelligence Unit )បានអោយដឹងថា ការធ្វើដំណើរកំសាន្តទៅក្រៅប្រទេសរបស់ទេសចរចិនអាចនឹងចាប់ផ្តើមឡើងវិញទាំងស្រុង គឺត្រូវរង់ចាំរហូតដល់ត្រីមាសទីមួយឆ្នាំ២០២៤។

បើតាមរបាយការណ៍អង្កេតរបស់អង្គភាពមួយនេះ បានគូសបញ្ជាក់ថា “យើងរំពឹងថា៖ ទិន្នន័យនៃការធ្វើដំណើរទៅក្រៅប្រទេសរបស់ទេសចរចិននឹងវិលត្រឡប់ទៅរកកម្រិតមុនជំងឺកូវីដ១៩រាតត្បាត គឺអាចនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ។”

របាយការណ៍ដដែលបាន អះអាងទៀតថា ទេសចរណ៍ធុរកិច្ចរបស់ប្រទេសចិនដែលមានចំនួន ៨% នៃទំហំទេសចរទៅក្រៅប្រទេសសរុប នឹងចាប់ផ្តើមងើបឡើងវិញនៅឆ្នាំ២០២២ខាងមុខនេះ។

ជាមួយគ្នានោះក្រុមអ្នកវិភាគជឿជាក់ថា ប្រព័ន្ធទិដ្ឋាការដែលមានសុវត្ថិភាព និងភាពងាយស្រួល នឹងក្លាយជាកត្តាសំខាន់នៃការសម្រេចចិត្តរបស់ទេសចរចិនក្នុងការជ្រើសរើសប្រទេសណាមួយ ដើម្បីធ្វើទេសចរណ៍។ពួកគេបាននិយាយថា៖ “ប្រទេសគោលដៅទេសចរណ៍ដែលងាយស្រួលបំផុតគឺជាប្រទេសទាំងឡាយណាដែលទទួលស្គាល់វ៉ាក់សាំងកូវីដ១៩របស់ប្រទេសចិន។”

គួរបញ្ជាក់ថា នៅមុនពេលមានរោគរាតត្បាតកូវីដ១៩ ប្រទេសចិនគឺជាប្រទេសនាំមុខគេក្នុងការចំណាយលើសេវាកម្មទេសចរណ៍។យោងតាមទិន្នន័យពីអង្គការទេសចរណ៍ពិភពលោកបានអោយដឹងថា៖ នៅក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិនដែលធ្វើទេសចរណ៍នៅក្រៅប្រទេសបានចំណាយប្រាក់រហូតដល់ ២៥៤៦០០ លានដុល្លារអាមេរិក៕

Khcct banner

អត្ថបទទាក់ទង