Cct850x100 1

អគ្គិសនីកម្ពុជា៖«បរិមាណថាមពល»កើនច្រើនដោយសារពលរដ្ឋនៅក្នុងផ្ទះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាថ្លែងនៅក្នុងសន្និសីទកាសែតនៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាកន្លងទៅ។

ភ្នំពេញ៖អគ្គិសនីកម្ពុជា នៅថ្ងៃទី ១០ ឧសភា បានជូនដំណឹងចំពោះអតិថិជនមួយចំនួនតូចនៅក្នុងតំបន់បិទខ្ទប់ ពាក់ព័ន្ធបរិមាណថាមពលប្រើប្រាស់របស់ប្រជាពលរដ្ឋ។ក្នុងសេចក្តីជូនដំណឹងនោះ អគ្គិសនីកម្ពុជា បានអះអាងថា «បរិមាណថាមពល»កើនច្រើនដោយសារពលរដ្ឋនៅក្នុងផ្ទះ និងបញ្ហាអាកាសធាតុ។

ក្នុងសេចក្តីជូនដំណឹង អគ្គិសនីកម្ពុជា បានពន្យល់ថា កន្លងមកទីតាំងមួយចំនួនត្រូវបានបិទខ្ទប់ជិតទាំងស្រុងដែលពុំអនុញ្ញាតអោយភ្នាក់ងារស្រង់របស់អគ្គិសនីកម្ពុជាចូលទៅបំពេញភារកិច្ចបាន។ ដូច្នេះ ដើម្បីរក្សាប្រក្រតីភាពនៃការចេញវិក្កយបត្រជូនអតិថិជនជារៀងរាល់ខែ អគ្គិសនីកម្ពុជា បានសម្រេចឲ្យជំនាញគិតយកមធ្យមភាគប្រើប្រាស់ចំនួនបីខែជាប់គ្នា ដើម្បីធ្វើវិក្កយបត្រជូនអតិថិជនដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជិតទាំងស្រុងនោះ។ 

បើតាមអគ្គិសនីកម្ពុជា គោលដៅសំខាន់នៃការស្រង់ថាមពលដោយគិតការប្រើប្រាស់ជាមធ្យមភាគនៃការប្រើថាមពលចំនួន៣ខែនេះគឺ៖១. ជាតំបន់ក្រហមមានការបិទខ្ទប់ទាំងស្រុងមិនអាចចូលទៅស្រង់ថាមពលបាន។

២. ដើម្បីកំណត់ការគណនាថ្លៃប្រើប្រាស់ថាមពលអគ្គិសនីអោយបានត្រឹមត្រូវជូនអតិថិជនជារៀងរាល់ខែ។ ប្រសិនបើអគ្គិសនីកម្ពុជា រក្សាទុកការស្រង់ថាមពលប្រើប្រាស់ ពីរ ឬ បីខែស្រង់ម្តងនោះ វានឹងធ្វើអោយបរិមាណថាមពលប្រើប្រាស់របស់អតិថិជន មានកំណើនពីរ ឬ បី ដងបូកស្ទួនបញ្ចូលគ្នា ហើយពិតណាស់ គឺអត្រាថ្លៃលក់អាចនឹងត្រូវប្រែប្រួលផុតពីអត្រាថ្លៃទាប ៣៨០រៀល ឬ ៤៨០រៀល ឬ ៦១០រៀល/ គីឡូវ៉ាត់ម៉ោង រំកិលតាមលំដាប់លំដោយឆ្ពោះទៅរកអត្រាថ្លៃ ៧៣០រៀល/គីឡូវ៉ាត់ម៉ោង ។

៣. ការយកមធ្យមភាគ៣ខែដើម្បីចេញវិក្កយបត្របណ្កោះអាសន្ននេះ ពុំមែនជាការកេងចំណេញពីអតិថិជនណាម្នាក់ឡើយ ព្រោះអតិថិជននៅបន្តការប្រើប្រាស់ជាធម្មតាពុំមានការកាត់ផ្តាច់ចរន្តឡើយ ឬអាចនឹងមានកំណើនច្រើនជាងមុន ព្រោះត្រូវស្ថិតនៅក្នុងផ្ទះ ហើយម្យ៉ាងទៀតថាមពលប្រើប្រាស់ក្នុងខែ មករា កុម្ភៈ និង មីនា គឺជាថាមពលដែលប្រើប្រាស់ក្នុងវេលាអាកាសធាតុមិនទាន់ក្តៅដែលអាចខុសពីការប្រើប្រាស់ជាក់ស្ដែងក្នុងខែមេសាដែលអាចមានកំណើនច្រើនជាងដោយសារអាកាសធាតុក្តៅខ្លាំង។

ជាការកត់សម្គាល់ ការចេញមុខបកស្រាយរបស់អគ្គិសនីកម្ពុជាពេលនេះ ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនក្នុងតំបន់បិទខ្ទប់បានចេញមកប្រមូលផ្តុំគ្នាតវ៉ាពីការកើនឡើងនៃកំណើនថាមពលអគ្គិសនី និងស្នើឱ្យមានការបន្ធូបន្ធយ។ក្រៅពីការតវ៉ាពីប្រជាពលរដ្ឋក្នុងតំបន់ក្រហមក៏មានដែលប្រជាពលរដ្ឋនៅលើបណ្តាញសង្គមរិះគន់ពីចំនួនកំណើនថាមពលរបស់ខ្លួន ខណៈការប្រើប្រាស់ធម្មតាដូចខែមុនៗ៕

Khcct banner

អត្ថបទទាក់ទង