Yearendyearend1140x150

លោក កាំង ម៉ូនីកា៖កម្មករមិនទាន់ចាក់វ៉ាក់សាំងក៏មានសិទ្ធិចូលធ្វើការវិញបាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) រូបភាព៖  Cambodia Financial Times

ភ្នំពេញ៖ កម្មករ កម្មការិនីកាត់ដេរកម្ពុជាដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ១៩រួច ក៏មានសិទ្ធិចូលធ្វើការវិញបានដែរ។ នេះជាការលើកឡើងរបស់សមាគមកាត់ដេរកម្ពុជាខណៈសម្តេច ហ៊ុន សែន អំពាវនាវឱ្យម្ចាស់រោងចក្រទាំងអស់កុំប្រកាន់ខ្ជាប់នូវលក្ខខណ្ឌតម្រូវឱ្យកម្មករត្រូវតែចាក់វ៉ាក់សាំងរួច ទើបអាចចូលធ្វើការបាន។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះថា ខាងសមាគមមិនបានតម្រូវឱ្យកម្មករកាត់ដេរចូលធ្វើការវិញបានលុះត្រាតែចាក់វ៉ាក់សាំងរួចទេ ប៉ុន្តែការចាក់វ៉ាក់សាំងនេះគឺត្រូវឈរលើគោលការស្ម័គ្រចិត្តរបស់កម្មករ។

មួយវិញទៀត សមាគមនៅតែអំពាវនាវ និងលើកទឹកចិត្តឱ្យកម្មករកាត់ដេរទាំងអស់ចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ឱ្យបានគ្រប់គ្នាដើម្បីការពារជីវិតខ្លួនឯង។

លោកបន្តថា នៅអំឡុងពេលបិទខ្ទប់ កម្មករកាត់ដេរដែលមិនបានបំពេញការងារ ខាងសមាគមចាត់ទុកថាពួកគាត់បានព្យួរការងារ ដោយមិនទទួលបានប្រាក់ឈ្នួលនោះទេ។ ទន្ទឹមនឹងនេះ លោកក៏បានអះអាងថានៅតែមានរោងចក្រមួយចំនួនតូចមិនបានកាត់ថ្លៃឈ្នួលកម្មករនៅអំឡុងការបិទខ្ទប់នេះផងដែរ។

ទន្ទឹមនឹងនេះ លោកបន្ថែមថា នៅអំឡុងពេលនៃការបិទខ្ទប់ ខាងសមាគមបានជួយសម្រួលដល់កម្មករកាត់ដេរកម្ពុជាទាំងអស់ ដោយបានរក្សាទុកនូវប្រាក់ឧបត្ថម្ភផ្សេងៗឱ្យនៅដដែរ(ប្រាក់ឈ្នួលស្នាក់នៅ និងថ្លៃធ្វើដំណើរ) ហើយប្រាក់រង្វាន់ពីការធ្វើការទៀងទាត់ក៏នៅដដែរ។ ប៉ុន្តែកម្រិតនៃការឧបត្ថមបន្ថែមជាលក្ខណៈមនុស្សធម៌នេះ គឺមានខុសៗគ្នាអាស្រ័យទៅតាមរោងចក្រនីមួយៗ។

ក្រៅពីនេះ លោកបានលើកឡើងថា វិបត្តិក្នុងការបិទខ្ទប់នេះ គឺមិនមែនមានតែកម្មករកាត់ដេរទេ ប៉ុន្តែខាងរោងចក្រក៏ជួបនូវវិបត្តិជាច្រើនដែរ ជារួមគឺមិនអាចផ្តល់ទំនិញទៅតាមពេលវេលាកំណត់បាន ដោយសារមិនមានការផលិត បញ្ហាមួយចំនួនទៀតទាក់ទងនឹងការបញ្ជាទិញ និងការចំណាយផ្សេងៗ។

ជាមួយគ្នានេះដែរ លោកអះអាងថា បើទោះបីជាបច្ចុប្បន្ននេះ រោងចក្របានអនុញ្ញាតឱ្យដំណើរការឡើងវិញក្តី ក៏ប្រតិបត្តិការរបស់រោងចក្រមិនទាន់មានដំណើរការរលូនវិញភ្លាមៗដែរ ដោយសារតែមានតម្រូវការផ្នែកសមត្ថភាព ដោយត្រូវមានការរៀបចំរក្សាគម្លាតនិងវិធានសុវត្ថិភាពផ្សេងៗ។ ម្យ៉ាងវិញទៀត កម្មករគឺមិនទាន់ត្រឡប់មកធ្វើការវិញបានគ្រប់គ្នាទេ ព្រោះកម្មករខ្លះកំពុងស្ថិតនៅតំបន់លឿនទុំ និងតំបន់ក្រហមនៅឡើយ។

គួររំលឹកថា សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា វ៉ាក់សាំងគឺជាកាតព្វកិច្ចសម្រាប់តែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋគឺមិនទាន់តម្រូវបែបនោះទេ។ ប៉ុន្តែថ្ងៃក្រោយច្បាស់ជាមានការតម្រូវបែបនេះហើយតម្រូវការនេះត្រូវមានរយៈពេលមួយសមស្រប និងត្រូវធានាថាមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្មករកាត់ដេរ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង