Yearendyearend1140x150

ការឆ្លងកាត់«តំបន់ក្រហម,លឿងទុំ,លឿង»បន្តហាមឃាត់តែឆ្លងបានក្នុងករណីចាំបាច់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កម្លាំងនគរបាលរាជធានីភ្នំពេញចេញហាមឃាត់ធ្វើដំណើរនៅរង្វង់មូលប្រមុះជ្រូកស្ទឹងមានជ័យ។

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៥ ឧសភានេះ បានចេញនូវសេចក្តីសម្រេចស្តីពីវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ដោយបានបែងចែកជា «តំបន់ក្រហម,លឿងទុំ,លឿង»។វិធានការរដ្ឋបាលនេះ បានរយៈពេល៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ៦ ឧសភា ដល់ថ្ងៃទី ១២ ឧសភា ឆ្នាំ២០២១។ក្នុងវិធានការដែលបានដាក់ចេញនោះ រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តហាមឃាត់ការធ្វើដំណើរការ «តំបន់ក្រហម,លឿងទុំ,លឿង» ហើយអាចធ្វើដំណើរឆ្លងបាននោះលុះត្រាតែមានករណីចាំបាច់មួយចំនួន។

ចំពោះ “តំបន់ក្រហម “ ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីផ្ទះ ឬទីសំណាក់បាននោះទេ ហើយអាចធ្វើដំណើរចេញបាន គឺត្រូវធ្វើឡើងក្នុងករណីចាំបាច់មួយចំនួនមានជាអាទិ៍៖បញ្ហាសុខភាពបន្ទាន់ ទៅចាក់វ៉ាក់សាំង ទៅយកសំណាក ការធ្វើដំណើររបស់មន្ត្រី និងកងកម្លាំង ការចុះទៅផ្តល់ជំនួយ ការធ្វើដំណើររបស់បុគ្គលិកពេទ្យរដ្ឋ និងឯកជន បុគ្គលិកពន្លត់អគ្គីភ័យ ការធ្វើដំណើររបស់បុគ្គលិកលក់ និងចែកចាយហ្គាស បុគ្គលិកប្រមូលសំរាម ការវិលទៅផ្ទះក្រោយបញ្ចប់ចត្តាឡីស័ក។

ចំណែក “តំបន់លឿងទុំ“វិញ ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីផ្ទះ ឬទីសំណាក់ដូចតំបន់ក្រហមដែរ តែមិនហាមឃាត់ការធ្វើដំណើរទៅប្រកបមុខរបរ ឬអាជីវកម្ម ឬបំពេញការងារ ការធ្វើដំណើរទៅកន្លែងលក់ម្ហូបអាហារ ធ្វើណើរទៅពេទ្យ ទៅយកសំណាក ទៅចែកអំណោយ ការធ្វើដំណើររបស់មន្ត្រីកាទូត អ្នកសារព័ត៌មាន ។

រីឯ«តំបន់លឿង» ការធ្វើដំណើរ សកម្មភាពការងារ មុខរបរ អាជីវកម្ម និងសកម្មភាពនៃការជួបជុំ ឬ ប្រមូលផ្តុំមនុស្ស ត្រូវបានអនុញ្ញាត។ការធ្វើដំណើរចេញពី «តំបន់លឿង» ឆ្លងកាត់ «តំបន់ក្រហម» និង «តំបន់លឿងទុំ» ត្រូវបានអនុញ្ញាតតែក្នុងករណីចាំបាច់។សកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទនៅក្នុង តំបន់លឿង ត្រូវបានអនុញ្ញតឲ្យបើកដំណើរការជាធម្មតា លើកលែងតែសាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន អាជីវកម្ម ក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍។

ប៉ុន្តែការជួបជុំ ឬការប្រមូលផ្តុំជាលក្ខណៈឯកជនមិនលើសដែលមានលក្ខណៈកោះកុញ ឬមានមនុស្សចូលរួមលើសពី ១០ នាក់ត្រូវបានហាមឃាត់។ការសេពគ្រឿងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ លើកលែងទីលំនៅឋាន ឬទីស្នាក់នៅជាមួយគ្នា។

ជាមួយគ្នានោះ «តំបន់លឿង» ត្រូវបានអនុវត្តបម្រាមគោចរដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ អាជីវកម្ម នៅចន្លោះម៉ោង ២០ ដល់ម៉ោង ៣ ភ្លឺ។តែសកម្មភាពផ្នែកប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍នៅក្នុងតំបន់បិទខ្ទប់ (អាកាសយានដ្ឋានអន្តរជាតិ និងមូលដ្ឋានការងារពាក់ព័ន្ធ) ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរជាធម្មតា។

គួរបញ្ញាក់ថា រាល់ការធ្វើដំណើរត្រូវមានលិខិតបញ្ជាក់ពីបេសកកម្មពីសាលារាជធានីភ្នំពេញ និង ស្ថាប័ន ត្រូវបានបណ្ណសម្គាល់ខ្លួន និង មានការយល់ព្រមពីអាជ្ញាធរនៅតាមតំបន់។ក្នុងករណីមិនគោរពតាមការណែនាំនឹងប្រឈម ចំពោះមុខច្បាប់ជាធរមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង