Yearendyearend1140x150

ក្រោយបើករមណីយដ្ឋានមួយសប្តាហ៍កម្ពុជាទទួលបានភ្ញៀវទេសចរជិត៩ពាន់នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ភ្នំពេញ៖ក្នុងរយៈពេលមួយសប្ដាហ៍ក្រោយការបើករមណីយដ្ឋាន កម្ពុជាទទួលបានភ្ញៀវទេសចរត្រឹមជិត៩ពាន់នាក់តែប៉ុណ្ណោះ ខណៈម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួនក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញនោះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៨,៩៦០ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៨,៧៥៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២០៦ នាក់។

ឯកឧត្តមបន្តថា កម្ពុជាមិនទាន់មានភ្ញៀវទេសចរចេញទស្សនាច្រើនដោយសារតែម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួនរង់ចាំពិនិត្យមើលស្ថានភាពជំងឺកូវីដ-១៩ ធូរស្បើយបន្តិចទៀត ហើយម្យ៉ាងចរន្តភ្ញៀវទេសចរក៏នៅមានតិចតួចនៅឡើយ។ ម្យ៉ាងវិញទៀត ភ្ញៀវទេសចរច្រើនតែទៅកម្សាន្តជាលក្ខណៈគ្រួសារ និងជួបជុំគ្នាតិចតួចបំផុត ហើយភាគច្រើនសុទ្ធតែប្រជាពលរដ្ឋនៅក្នុងតំបន់។

ឯកឧត្តមបន្ថែមថា នៅតាមបណ្តាខេត្តផ្សេងៗ រដ្ឋបាលខេត្តមានការប្រយ័ត្នប្រយែងខ្លាំងក្នុងការបើករមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយពុំទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ និងនៅបន្តអនុវត្តវិធានការរឹតត្បិតការធ្វើដំណើរ និងការចេញចូលតំបន់សំខាន់ៗ ពិសេសគោលដៅទេសចរណ៍។

ឯកឧត្តមបន្តថា ក្រសួងទេសចរណ៍នឹងបន្តជំរុញដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តឲ្យបន្តពង្រឹង និងបង្កើនកិច្ចសហការជាមួយរដ្ឋបាលខេត្ត ផ្នែកពាក់ព័ន្ធ និងម្ចាស់មូលដ្ឋានអាជីវកម្ម និងអ្នកគ្រប់គ្រងទាំងអស់ ដើម្បីបង្កើនការអប់រំពន្យល់ណែនាំឲ្យកាន់តែស៊ីជម្រៅ និងជាប់ជាប្រចាំដល់ទេសចរ និងបុគ្គលិកបម្រើការ និងអ្នកផ្តល់សេវាក្នុងរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងក្នុងមូលដ្ឋាអាជីវកម្មទេសចរណ៍ទាំងអស់ឲ្យអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ ការពារ ដើម្បីធានាដល់សុវត្ថិភាព និងសុខភាពទេសចរ និងប្រជាពលរដ្ឋសហគមន៍ ពិសេសនៅពេលដែលរាជរដ្ឋាភិបាលនឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនាពេលខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង