Yearendyearend1140x150

យុវជន ខន រដ្ឋា ប្រាប់ពីគន្លឹះដើម្បីប្រឡងជាប់អាហារូបករណ៍រដ្ឋាភិបាលចិន

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/


យុវជន ខន រដ្ឋា និស្សិតអាហារូបករណ៍ ឆ្នាំទី២ សិក្សាផ្នែកសំណង់ស៊ីវិល នៅ Beijing University of Technology។

ភ្នំពេញ៖ យុវជន រដ្ឋា អាយុ ២១ មានស្រុកកំណើតនៅស្រុកកោះ ខេត្តកណ្តាល។ លោកជាអតីតសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កោះធំ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៦។ បច្ចុប្បន្ន រដ្ឋា ជានិស្សិតអាហារូបករណ៍ ឆ្នាំទី២ សិក្សាផ្នែកសំណង់ស៊ីវិល នៅ Beijing University of Technology។

រដ្ឋា បានស្គាល់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តាមរយៈសិស្សច្បងដែលរៀននៅវិទ្យាល័យ ហ៊ុន សែន កោះធំ ជាមួយគ្នា។ ដោយសារតែខ្លួនមានបំណង់ចង់ប្រឡងអាហារូបករណ៍ រដ្ឋា តែងតែសាកសួរព័ត៌មានពីសិស្សច្បងដែលធ្លាប់ទទួលបានអាហារូបករណ៍នេះ អំពីការដាក់ពាក្យ និងការប្រឡង។ ទន្ទឹមនឹងនេះ រដ្ឋា ក៏មានគន្លឹះ និងវិធីសាស្ត្រ ដើម្បីត្រៀមខ្លួនឲ្យបានល្អក្នុងការប្រឡងមួយនះដែរ។

គន្លឹះសំខាន់ៗ ដែល រដ្ឋាបានអនុវត្ត ហើយទទួលបានជោគជ័យក្នុងការប្រឡងជាប់អាហារូបករណ៍រដ្ឋាភិបាលចិននោះរួមមាន ទី១ គឺការតាំងចិត្ត ថាយើងពិតជាចង់ទៅសិក្សានៅប្រទេសចិនមែន។ មិនមែនគ្រាន់តែចង់មួយឆាវ ហើយមិនមានការតាំងចិត្តនោះទេ ពោលគឺត្រូវតែមានសេចក្តីក្លាហានមោះមុត ហ៊ានឈោងចាប់ក្តីស្រម៉ៃ។ ទី២ គឺការខិតខំប្រឹង តស៊ូរៀនសូត្រ ទោះបីពេលខ្លះមានការហត់នឿយលំបាកក្តី ក៏យើងមិនត្រូវចុះចាញ់នឹងឧបសគ្គទាំងនោះដែរ។ ទី៣ នោះគឺ ការអនុវត្ត តាមរយៈការមើលមេរៀន ព្រមទាំងការធ្វើលំហាត់លើមុខវិជ្ជា គណិតវិទ្យា និងភាសាអង់គ្លេសឲ្យបានច្រើន។

យុវជន ខន រដ្ឋា និស្សិតអាហារូបករណ៍ ឆ្នាំទី២ សិក្សាផ្នែកសំណង់ស៊ីវិល នៅ Beijing University of Technology។

រដ្ឋា ប្រាប់ថា «ខ្ញុំធ្វើតាមបីគន្លឹះនេះជារៀងរាល់ថ្ងៃ រហូតដល់ខ្ញុំប្រឡងជាប់អាហារូបករណ៍រដ្ឋាភិបាលចិន។ ការខិតខំរបស់ខ្ញុំគឺពិតជាទទួលបានលទ្ធផលផ្លែផ្កាមែន។»

យុវជន រដ្ឋា បានបន្ថែមទៀតថា «ចំពោះអ្នកមានបំណងចង់ប្រឡងអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន គួរត្រៀមខ្លួនឲ្យបានល្អ បើមានចម្ងល់ទាក់ទងនឹងបញ្ហាផ្សេងៗ អាចសាកសួរសិស្សច្បងដែលធ្លាប់ទទួលបានអាហារូបករណ៍នេះ។»

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង