Yearendyearend1140x150

កម្ពុជាស្នើឱ្យប្រទេសមួយចំនួនកុំប្រមូលទិញវ៉ាក់សាំងលើសតម្រូវការរបស់ខ្លួន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់ UN-ESCAP
“ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”។

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានអំពាវនាវដល់ប្រទេសមួយចំនួន កុំប្រមូលទិញវ៉ាក់សាំងលើសតម្រូវការរបស់ខ្លួន (hoarding) និងសូមកុំឱ្យមានការប្រើប្រាស់  វ៉ាក់សាំងជាឧបករណ៍នយោបាយ (vaccine politics)។ ការថ្លែងរបស់សម្តេចបែបនេះ ក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់ UN-ESCAP ទីក្រុងបាងកក, ថ្ងៃទី ២៦ - ២៩ ខែ មេសា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ។

ថ្លែងក្នុងសន្និបាតនេះ សម្តេច ហ៊ុន សែន បានលើកឡើងថាក្នុងបរិការណ៍នេះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធសុខាភិបាល គឺជាការងារអាទិភាពបំផុតសម្រាប់យើងទាំងអស់គ្នា ។ កម្ពុជាសូមគូសបញ្ជាក់ពីសារៈ-សំខាន់ និងភាពបន្ទាន់នៃការបែងចែក និងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ និងតម្លៃសមរម្យ ជាពិសេស សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ។ កម្ពុជាសូមអំពាវនាវដល់ប្រទេសមួយចំនួន កុំប្រមូលទិញវ៉ាក់សាំងលើសតម្រូវការរបស់ខ្លួន និងសូមកុំឱ្យមានការប្រើប្រាស់  វ៉ាក់សាំងជាឧបករណ៍នយោបាយ។

សម្តេចបានបន្តថា សេដ្ឋកិច្ចសកលឆ្នាំ ២០២១ នេះ ទោះបីត្រូវបានរំពឹងថានឹងងើបឡើងវិញ ប៉ុន្តែយើងនៅតែប្រឈម​នឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យនៃការវិលត្រលប់មកវិញនូវរលកថ្មីៗនៃជំងឺនេះ ជាពិសេស តាមរយៈការបំប្លែងខ្លួនលឿនលើសពីការរំពឹងទុកនៃវីរុសកូរ៉ូណា ដែលបន្តរំខានដល់ជីវភាពសេដ្ឋកិច្ច ។

បើតាមសម្តេចបានបន្ថែមថា ទន្ទឹមនេះ គម្លាតនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍ ក៏អាចបង្កជាហានិភ័យ និងរាំងស្ទះដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់ និងសកល ពោលគឺ មានប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលអាចងើបឡើងវិញបានប្រសើរ ខណៈដែលប្រទេសភាគច្រើនផ្សេងទៀតបន្តរងផលប៉ះពាល់ទាំងក្នុងផ្នែកសុខាភិបាល និងផ្នែកសេដ្ឋកិច្ច ។

ជាមួយគ្នានោះ សម្តេចក៏បានលើកឡើងនូវទស្សនៈ​ផ្ទាល់ខ្លួនមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ជាពិសេសពាក់ព័ន្ធនឹងការស្តារឡើងវិញក្រោយវិបត្តិ ដូចខាងក្រោម៖ (១). បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគីនិយមឱ្យកាន់តែខ្លាំងក្លា ព្រមទាំងផ្តល់ភាពអនុ-​គ្រោះដល់ប្រទេសកំពុងអភិវឌ្ឍ។ (២). ជំរុញឌីជីថលូបនីយកម្មដោយផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាលឌីជីថល  និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ព្រមទាំង លើកទឹកចិត្តឱ្យវិស័យឯកជនចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំ-ទូលាយ ដែលនេះនឹងដើរតួជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី។

(៣). ជំរុញកសាងភាពធន់ផ្នែកសង្គម ដោយផ្ដោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល, លើកកម្ពស់សេវាសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ទាំងគុណភាព និងវិសាលភាព។ (៤). ជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយលើកកម្ពស់កិច្ចដំណើរការអាជីវកម្មក្នុងសេដ្ឋកិច្ចផ្លូវការ និងធានាការទទួលបានការគាំទ្រ ទាំងផ្នែកគោលនយោបាយ និងហិរញ្ញប្បទាន ក៏ដូចជា​បច្ចេកទេសគ្រប់គ្រង។ ទន្ទឹមនេះ, បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រប់គ្រងគ្រោះធម្មជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង