Yearendyearend1140x150

សារព័ត៌មានរដ្ឋចិន៖ ពលរដ្ឋចិន-កម្ពុជាពិភាក្សាយ៉ាងផុសផុលពីទស្សនកិច្ចសម្តេចហ៊ុន សែនទៅចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
រាជ សី
/

ភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសចិនក្នុងអំឡុងពេលដែលប្រទេសចិនកំពុងផ្ទុះជំងឺរលាកសួតបង្កដោយមេរោគ«កូរ៉ូណា»មានប្រជាពលរដ្ឋចិន និងកម្ពុជាជាច្រើនបានយកប្រធានបទនេះមកពិភាក្សាយ៉ាងក្តៅគគុក និងបានជូនពរឱ្យប្រទេសចិន និងកម្ពុជាមានចំណងមិត្តភាពយូរអង្វែង។

“ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសចិនក្នុងអំឡុងពេលមានជំងឺរាតត្បាតដ៏ធំមួយនេះ មិនត្រឹមតែមានការយកចិត្តទុកដាក់ខ្ពស់ពីប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំជឿជាក់ថា វាក៏នឹងទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកផងដែរ។”នេះជាមតិលើកឡើងរបស់លោកផ្លុង វិចិត្រ អ្នកសារព័ត៌មានភាសាចិនល្បីឈ្មោះមួយរូបនៅកម្ពុជាដែលថ្លែងប្រាប់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានចិន China News Sevice។

លោកវិចិត្របានមានប្រសាសន៍ថា ថ្មីៗនេះសម្តេច ហ៊ុន សែន បានបញ្ជាក់ជាច្រើនលើកថា ប្រទេសកម្ពុជាមានឆន្ទៈក្នុងការរួមសុខទុក្ខជាមួយប្រជាជនចិននៅក្នុងពេលវេលាដ៏សំខាន់មួយនេះ។អារម្មណ៍ពិតរបស់សម្តេចហ៊ុន សែន ចំពោះប្រទេសចិន ធ្វើឱ្យជនជាតិចិន និងអនិកជនចិននៅកម្ពុជាអាចទទួលយល់ពីអារម្មណ៍នេះ ហើយប្រជាជនចិនក៏អាចមានអារម្មណ៍បែបនេះដែរ។

China News Seviceបានផ្សាយថា បន្ទាប់ពីកាសែតក្នុងស្រុកជាភាសារចិន《The Cambodia China Times》បានចេញផ្សាយអត្ថបទ “សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ព្រមទាំងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំចិន”រួចមក​​ គណនី Wechatឈ្មោះ Monorama បានបញ្ចេញមតិថា៖ “សូមយើងសហការ និងរួបរួមគ្នា ហើយសង្ឃឹមថា ប្រជាជននៅជុំវិញពិភពលោកមានសុវត្ថិភាព និងសុខភាពល្អ! នៅពេលនេះមនុស្សកាន់តែច្រើនត្រូវមានការស្វែងយល់ពីគ្នា និង ការចូលរួមចំណែក“ សេចក្តីស្រឡាញ់ និង ការយកចិត្តទុកដាក់” ដើម្បីជួយដល់មនុស្សដែលកំពុងត្រូវការជំនួយកាន់តែច្រើន។

ចំណែកឯបុគ្គលិករបស់ក្រុមហ៊ុនចិនមួយនៅកម្ពុជា បានសរសេរសារថា៖ “បងប្អូនជនរួមជាតិចិនដែលរស់នៅ និងធ្វើការនៅកម្ពុជា ត្រូវថែរក្សាពេលវេលាដ៏សំខាន់មួយនេះទ្វេឡើង។ យើងត្រូវតែចូលរួមចំណែកផ្ទាល់ខ្លួនដើម្បីអភិវឌ្ឍន៍ និងពង្រឹងចំណងមិត្តភាពចិន-កម្ពុជា។ ជាថ្មីម្តងទៀតខ្ញុំសូមជូនពរមិត្តភាពចិន-កម្ពុជា យូរអង្វែងជារៀងរហូត!"

China News Sevice ក៏បានដកស្រង់ខ្លឹមសារពីប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី៤ ខែកុម្ភៈ នៅពេលដែលចូលរួម ក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធសន្តិភាពពិភពលោក។សម្តេចហ៊ុន សែនបានសង្កត់ធ្ងន់ថា “មេរោគកូរ៉ូណាវីរុសប្រភេទថ្មីមិនគ្រាន់តែជាបញ្ហាសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហារបស់ពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរមិនងាករេរលើបញ្ហាមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ។”

សម្តេចហ៊ុន សែន បានកោតសរសើរជាច្រើនលើកចំពោះវិធានការបង្ការ និងគ្រប់គ្រងយ៉ាងរហ័សនិងមានប្រសិទ្ធភាពរបស់រដ្ឋាភិបាលប្រទេសចិន ចំពោះការរីករាលដាលមេរោគ«កូរ៉ូណា» ហើយបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជានឹងប្រកាន់ជំហររឹងមាំជាមួយរដ្ឋាភិបាល និង ប្រជាជនចិន ចែករំលែកសុភមង្គលជាមួយគ្នា ចែករំលែកការលំបាកជាមួយគ្នា និង ធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Wang Wentian បានចាត់ទុក ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ជាការឆ្លុះបញ្ចាំងពីការជឿជាក់ខ្ពស់របស់សម្តេច និង រាជរដ្ឋាភិបាលកម្ពុជា ចំពោះរដ្ឋាភិបាលប្រទេសចិន។ ប្រទេសចិន និងកម្ពុជាជាសហគមន៍ជោគវាសនាតែមួយ «ដកដង្ហើមរួមគ្នា និងរួមលំបាកជាមួយគ្នា» ពិតប្រាកដមែន៕

អត្ថបទព័ត៍មានភាសាចិនដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន China News Sevice។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង