Yearendyearend1140x150

អាជ្ញាធរបន្ត«ផ្អាកអាជីវកម្មលក់គ្រឿងស្រវឹង»២សប្ដាហ៍បន្ថែមទៀតក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចមិនឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាបណ្ដាះអាសន្នរយៈពេល ២សប្ដាហ៍បន្ថែមទៀត គិតចាប់ពី«ថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១»

ក្នុងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា កន្លងមក អាជ្ញាធរបានណែនាំផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជនឱ្យចូលមកទទូលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ចុះនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ ហើយជាលទ្ធផលវិធានការនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ។ 

ដូច្នេះ នៅចំពោះមុខ ក្នុងការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល ១៤ថ្ងៃ បន្ថែមទៀត តាមគោលការណ៍ណែនាំដូចខាងក្រោម៖ 

១. គ្រប់ទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបន្តផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹងត្រប់ប្រភេទ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល ២សប្តាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ។ 

២.បុគ្គលទាំងឡាយណាដែលបន្តលក់ដូរ ចែកចាយ និងចរាចរណ៍គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងអំឡុងពេលការហាមឃាត់នេះ នឹងត្រូវទទួលទោស ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន។ 

៣. រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យតាមបណ្តាគោលដៅ ទីផ្សារ ដេប៉ូចែកចាយភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីអនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំនេះ។ ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងផ្សារ ម្ចាស់ដេប៉ូ ឬ ម្ចាស់អាជីវកម្មដ្ឋានណាមួយ មិនព្រមសហការ ឬមិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។ 

ហេតុនេះ ស្របតាមសេចក្តីណែនាំដែលបានសម្រេចខាងលើ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាល រាជធានីភ្នំពេញ វិស័យឯកជន គណៈគ្រប់គ្រងផ្សារ ម្ចាស់ដេប៉ូ ម្ចាស់អាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាជីវករ បងប្អូនប្រជាពលរដ្ឋ និងត្រប់ភាគីពាក់ព័ន្ធទាំងអស់ តម្រូវឱ្យចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំខាងលើនេះបន្តទៀតរយៈពេលដែលមានកំណត់ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង