Yearendyearend1140x150

តំណាងWHO៖កម្ពុជាអាចបង្វែរស្ថានការណ៍មកល្អវិញបានទោះមានតួរលេខឆ្លងច្រើនក៏ដោយ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា

ភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោកកម្ពុជាបានឱ្យដឹងថា បើទោះបីជាតួរលេខនៃការឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងពិភពលោកមានចំនួនច្រើនក្តី ក៏កម្ពុជានៅតែមានសង្ឃឹមបង្វែរស្ថានការណ៍ឱ្យល្អប្រសើរឡើងវិញបាន។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ភស្តុតាងជាសកលនាពេលបច្ចុប្បន្ននេះ ត្រូវមានធាតុផ្សំយ៉ាងហោចណាស់ចំនួន៣ដែលអាចដោះស្រាយបញ្ហារាតត្បាតនៃជំងឺកូវីដ១៩ប្រកបដោយប្រកបដោយប្រសិទ្ធិភាពបាន។

លោកស្រីបន្តងថា ធាតុផ្សំទាំង៣នោះមានដូចជា ទី១គឺថ្នាក់ដឹកនាំត្រូវតែបោះជំហានទៅមុខក្នុងការសម្រេចចិត្តដាក់ចេញវិធានការ ទី២គឺសង្គមទាំងមូលត្រូវទេចូលរួម និងទី៣គឺពលរដ្ឋគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការសុខភាពសាធារណៈទាំងអស់ដែលបានដាក់ចេញ។ បន្ទាប់ពីសមាសធាតុទាំង៣នេះបានរួមគ្នា នោះកំណើននៃការឆ្លងជំងឺមួយនេះនឹងអាចកាត់បន្ថយបាន។

លោកស្រីបន្ថែមថា ជំងឺកូវីដ១៩នេះ មិនមែនជាវិបត្តិសុខភាពតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាជាវិបត្តិសេដ្ឋកិច្ចនិងសង្គមផងដែរ។ ចំណែកឯគោលដៅនៃវិធានការឆ្លើយតប គឺមិនត្រឹមតែដោះស្រាយបញ្ហាផ្នែកសុខភាពប៉ុណ្ណោះទេ តែត្រូវការពារអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ប្រសិនបើគ្រប់គ្រងស្ថានការផ្ទុះឡើងនៃជំងឺនេះមិនបានទេ នោះវានឹងមានផលវិបាកផ្នែកសុខភាពក៏ដូចជាផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ។

លោកស្រីបន្តថា គ្មានពេលណាដែលទំនាក់ទំនងរវាងសុខភាព និងសេដ្ឋកិច្ចត្រូវបានបង្ហាញច្បាស់ដូចពេលបច្ចុប្បន្ននេះទេ ហេតុដូច្នេះវិស័យឯកជនគឺជាដៃគូសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ហើយក៏ជាគន្លឹះមួយនាំទោដល់ភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះបាន។

លោកស្រីក៏បានអំពាវនាវដល់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន រដ្ឋបាលគ្រប់ជាន់ថ្នាក់ ក៏ដូចជាពលរដ្ឋគ្រប់រូប ត្រូវតែចូលរួមចំណែកក្នុងការអនុវវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ហើយត្រូវចូលរួមធ្វើសកម្មភាពថ្ងៃនេះ ដើម្បីចៀសវាងវិប្បដិសារីនៅថ្ងៃស្អែក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង