Cct850x100 1
1800px x h300px kh

"បិទក្រុង"ជាងមួយសប្តាហ៍៖WHOវាយតម្លៃថាស្ថានភាពកូវីដ១៩នៅកម្ពុជានៅតែធ្ងន់ធ្ងរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា

ភ្នំពេញ៖ ប្រទេសកម្ពុជា បានធ្វើការបិទខ្ទប់ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាលអស់រយៈពេលមួយសប្តាហ៍ហើយ ក៏ប៉ុន្តែអង្គការសុខភាពពិភពលោកយល់ថាការរាតត្បាតនៃជំងឺកូវីដ១៩នៅតែធ្ងន់ធ្ងរនៅឡើយទេ។នេះបើយោងតាមការអះអាងរបស់លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត Li Ailan បានគូសបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍គឺមិនគ្រប់គ្រាន់ទេក្នុងការកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ១៩ឡើយ ហើយមេរោគកូវីដ១៩នៅតែចរាចរណ៍ពាសពេញសហគមន៍ ដោយឡែកករណីវិជ្ជមានថ្មីនឹងមិនអាចបញ្ចប់បានភ្លាមៗនោះទេ។

លោកស្រីវេជ្ជបណ្ឌិត Li Ailanនៅក្នុងបទសម្ភាសន៍ជាមួយ《ស៊ីស៊ីថាមស៍》បានសម្តែងការព្រួយ បារម្ភថា៖ ករណីវិជ្ជមានថ្មីនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញក្នុងរយៈពេលមួយសប្តាហ៍នេះបានបន្តកើនឡើង ហើយស្ថានភាពដូចគ្នានេះបានកំពុងកើតឡើងនៅក្រុងព្រះសីហនុនាពេលថ្មីៗនេះផងដែរ។

លោកស្រីបន្តថា៖ បច្ចុប្បន្ននេះនៅក្នុងសហគមន៍នៅតែមានអ្នកជម្ងឺដែលមិនមានចេញរោគសញ្ញាជាច្រើន ដែលពួកគេកំពុងរងចាំការធ្វើតេស្ត ដូច្នេះនៅសប្តាហ៍ខាងមុខនឹងនៅតែមានករណីវិជ្ជមានកូវីដ១៩ថ្មីជាបន្តបន្ទាប់ទៀត។

លោកស្រីបានសង្កត់ធ្ងន់ថា៖ ទោះបីជាពិបាកក្នុងការដឹងមុនថាចំនួនករណីឆ្លងថ្មីនឹងមានកម្រិតណានោះទេ ដោយសារមានកត្តាមិនច្បាស់លាស់ជាច្រើន តែការកើនឡើងរឺក៏ការធ្លាក់ចុះនៃចំនួនករណីឆ្លងថ្មី គឺវាអាស្រ័យលើការគោរពលើវិធានការណ៍បង្ការការរីករាលដាលនៃជំងឺកូវីដ១៩ របស់ប្រជាជនទាំងមូល។

“យើងមានក្តីសង្ឃឹម ប៉ុន្តែយើងត្រូវតែត្រៀមខ្លួនឲ្យបានពេញលេញដើម្បីប្រឈមនឹងបញ្ហាអាក្រក់បំផុតដែលអាចកើតមានឡើង។”

លោកវេជ្ជបណ្ឌិត Li Ailanបានចង្អុលបង្ហាញថា៖ ដោយមានការអន្តរាគមន៍ពីរាជរដ្ឋាភិបាលនិងការរឹតបន្តឹងនៃការអនុវត្តច្បាប់ ការគោរពវិធានការណ៍របស់ប្រជាជនទូទៅមានការកើនឡើងគួរអោយកត់សម្គាល់ ហើយសង្ឃឹមថាប្រជាជននឹងបន្តគោរពវិធានការបន្ថែមទៀត ពិព្រោះមានតែធ្វើដូចនេះទេទើបអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បានយ៉ាងពិតប្រាកដ។

លោកស្រីក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ជំនួយដល់ក្រុមដែលងាយរងគ្រោះ និងជនទន់ខ្សោយដែលកំពុងជួបការលំបាក ដើម្បីកុំឲ្យពួកគេចេញទៅក្រៅប្រកបដោយភាពគ្រោះថ្នាក់និងហនិភ័យ ដែលអាចនាំឱ្យមានចន្លោះប្រហោងក្នុងការបង្ការការរីករាលដាល។

លោកស្រីបានអំពាវនាវឱ្យប្រជាជនទូទៅរួបរួមគ្នាជាធ្លុងមួយនិងគោរពនូវវិធានការណ៍ការពារការឆ្លងរាលដាលនេះ។

“ការចម្លងនៃវីរុសកូវីដ១៩ មានភាពរាលដាលយ៉ាងឆាប់រហ័សហើយអត្រាឆ្លងខ្ពស់ណាស់។ យើងកំពុងតែត្រូវរត់ប្រណាំងប្រឆាំងនឹងវីរុសនេះ បើមិនដូច្នេះទេវានឹងយឺតពេលជាមិនខាន។”

លោកវេជ្ជបណ្ឌិត Li Ailanនិយាយថា៖ គ្រាន់តែវិធានការបិទខ្ពប់ពិបាកក្នុងការបញ្ឈប់ការរីករាលដាលណាស់លោកស្រីបាននិយាយកោតសរសើរថា៖ ទោះបីជាធនធានមានកំណត់ក៏ដោយ តែក្រោមវិធានការណ៍យ៉ាងម៉ឺងម៉ាត់ ប្រទេសកម្ពុជាបានរក្សាការការពារកុំអោយឆ្លងទ្រង់ទ្រាយធំរហូតដល់ខែកុម្ភៈឆ្នាំនេះ ហើយទទួលបានជោគជ័យនូវកំណត់ត្រាដ៏អស្ចារ្យ ដែលមិនមានករណីស្លាប់និងមិនមានការឆ្លងមេរោគកូវីដ១៩ដល់បុគ្គលិកពេទ្យ។

លោកស្រីបន្តថា អ្វីដែលជាការគួរឱ្យសោកស្តាយនោះគឺ មានការចន្លោះប្រហោងក្នុងវិធានការការពារនៅក្នុងខែកុម្ភៈឆ្នាំនេះ។

លោកស្រីបន្តថា៖ មូលហេតុដែលបណ្តាលឱ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ខ្លាំងឡើងៗនិងមិនអាចគ្រប់គ្រងគឺមានកត្តាធំៗ៣យ៉ាង រួមមាន៖ បច្ចុប្បន្នវីរុសកូវីដ១៩ដែលកំពុងចរាចរក្នុងប្រទេសកម្ពុជាគឺជាវីរុសកូវីដ១៩បំលែងថ្មីប្រភេទ B.1.1.7 ដែលវាមានការឆ្លងកាន់តែខ្លាំង។ កត្តាទី២គឺ ការកើនឡើងនៃអ្នកដែលបានឆ្លងដែលមិនចេញរោគសញ្ញា បណ្តាលអោយការយឺតយ៉ាវក្នុងធ្វើតេស្តរកឃើញករណីថ្មីនៃវិជ្ជមានកូវីដ១៩។ កត្តាទី៣គឺ ការគោរពវិធានការបង្ការការរាលដាលនៃជំងឺកូវីដ១៩របស់ប្រជាជនចាប់ផ្តើមធ្លាក់ចុះ។

លោកស្រីក៏បានសម្តែងការព្រួយបារម្ភអំពីបរិយាកាសការងារនៅក្នុងរោងចក្រនិងទីផ្សារនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយលោកស្រីចង្អុលបង្ហាញថា៖ នៅទីនោះភាគច្រើនគឺមិនបានបំពេញតាមស្តង់ដារបង្ការជំងឺឆ្លងវីរុសកូវីដ១៩នោះទេ ដោយកន្លែងទាំងនោះខ្វះខ្យល់ចេញចូល បរិយាកាសការងារចង្អៀតដែលមានមនុស្សច្រើនកុះករ និងពិបាករក្សាអនាម័យជាដើម។

លោកស្រី Li Ailan បានចង្អុលបង្ហាញថា៖ ការបិទទីក្រុងគ្រាន់តែជាគោលនយោបាយបណ្តោះអាសន្នតែប៉ុណ្ណោះ ព្រោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គមនិងសេដ្ឋកិច្ចហើយនឹងមានសំពាធកាន់តែតានតឹងជាខ្លាំងចំពោះក្រុមមនុស្សដែលងាយរងគ្រោះមួយចំនួននៅក្នុងសង្គម។ ដូច្នេះហើយវិធានការបិទខ្ទប់វាមិនមែនជាដំណោះស្រាយសម្រាប់រយៈពេលវែងនោះទេ។

លោកស្រីបន្តថា៖ គ្រាន់តែបិទទីក្រុងគឺមិនគ្រប់គ្រាន់ទេ។ យោងតាមបទពិសោធន៍ពីបណ្តាប្រទេសផ្សេងៗបង្ហាញថា មានតែវិធានការអនាម័យជាមូលដ្ឋានដូចជា ការលាងដៃញឹកញាប់ ពាក់ម៉ាស កុំទៅកន្លែងដែលមានមនុស្សច្រើន បញ្ឈប់ការប្រមូលផ្តុំ និង ថែរក្សាស្តង់ដារការពារការរាតត្បាតនៅតាមកន្លែងធ្វើការជាដើម។ បើមិនដូច្នោះទេទោះបីរយៈពេលខ្លីមានការថយចុះនៃចំនួនវិជ្ជមានកូវីដ១៩ក៏ដោយ វានឹងកើនឡើងវិញប្រសិនបើមិនគោរពរឺអនុវត្តតាមវិធានការខាងលើ។”

លោកស្រីបានបញ្ជាក់ម្តងហើយម្តងទៀតថា៖ រាល់វិធានការណ៍បង្ការការឆ្លងរីករាលដាលគឺមានលក្ខណៈប្រទាក់ក្រឡាគ្នា ប្រសិនបើប្រជាជនទាំងអាចសុទ្ធតែអាចគោរពបានយ៉ាងតឹងរឹងនូវរាល់វិធានការបង្ការការរីករាលដាលទាំងនោះ ប្រាកដជាអាចកាត់ផ្តាច់ខ្សែចម្លងនៃមេរោគកូវីដ១៩បាន។

“មនុស្សទាំងអស់នៅក្នុងសង្គម នរណាម្នាក់ក៏ដោយសុទ្ធតែមានកតព្វកិច្ច រួមគ្នាគោរពយ៉ាងតឹងរឹងនូវរាល់វិធានការបង្ការការរីករាលដាលនៃវីរុសកូវីដ១៩ បើធ្វើដូច្នេះបានពួកយើងនឹងអាចគ្រប់គ្រងការផ្ទុះនៃជំងឺកូវីដ១៩លើកនេះបាន។”

លោកស្រីបន្តថា ៖ ប្រសិនបើមនុស្សមួយចំនួននៅតែមិនគោរពរឺអនុវត្តតាមវិធានការខាងលើ ពេលនោះយើងនឹងប្រឈមបញ្ហាកាន់តែធ្ងន់ធ្ងរ ហើយការផ្ទុះឡើងលើកនេះនឹងបន្តកាន់តែយូរ ហើយយើងនឹងប្រឈមមុខនឹងស្ថានភាពកាន់តែលំបាកខ្លាំងថែមទៀត។

“ទោះបីជាទីក្រុងត្រូវបិទឬមិនបិទក៏ដោយ យើងត្រូវតែចងចាំថា ត្រូវតែគោរពជានិច្ចនូវវិធានការណ៍បង្ការការរីករាលដាលក្នុងបរិបទរស់នៅតាមបែបគន្លងថ្មី។ ទោះបីមុនពេល រឺអំឡុងពេល រឺក៏ក្រោយពេលនៃការបិទទីក្រុងក៏ដោយ យើងដាច់ខាតត្រូវតែបន្តគោរពវិធានការការពារជាប់ជានិច្ច។”

ដោយសារតែការរីករាលដាលកាន់តែខ្លាំងឡើងៗ វិទ្យាស្ថានជាតិសុខភាពសារធាណៈ(NIPH) កាលពីថ្ងៃទី១៩ខែមេសានេះបានសម្រេចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩។

ចំពោះបញ្ហានេះ លោកស្រី Li Ailanបានព្រមានថា៖ ថ្វីត្បិតតែឧបករណ៍តេស្តរហ័សមានអត្ថប្រយោជន៍យ៉ាងច្រើន ដូចជាងាយស្រួលប្រើនិងមានលទ្ធផលតេស្តបានលឿនក៏ដោយ តែមិនមានលក្ខណៈល្អប្រសើរជាងការធ្វើតេស្តតាមRT-PCRឡើយ។

គាត់បានបន្តថា៖ ការធ្វើតេស្តតាមឧបករណ៍តេស្តរហ័ស ទោះជាលទ្ធផលអវិជ្ជមានក៏ដោយ ក៏មិនអាចសន្និដ្ធានបានថាអ្នកដែលទទួលការធ្វើតេស្តនេះមិនបានឆ្លងជំងឺកូវីដ១៩ឡើយ។

“យើងសូមផ្តល់យោបល់ដល់រដ្ឋាភិបាលថា៖ ទោះបីជាលទ្ធផលនៃការធ្វើតេស្តតាមឧបករណ៍តេស្តរហ័សចេញមកអវិជ្ជមានក៏ដោយ ចាំបាច់ត្រូវតែអោយអ្នកដែលមានហនិភ័យខ្ពស់បន្តដាក់ឱ្យនៅដាច់ដោយឡែកពីគេដដែល។”

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់ ថា ឧបករណ៍តេស្តរកមេរោគកូវីដ១៩ «Rapid Antigen Test COVID-19» មានភាពងាយស្រួលក្នុងការតេស្តរកមេរោគ ហើយប្រើពេលត្រឹម១៥នាទីប៉ុណ្ណោះ។

លោកស្រីបានលើកឡើងដែរថា ឧបករណ៍តេស្ដរហ័សនេះ គឺជួយរករោគវិនិច្ឆ័យបានលឿន ព្យាបាលបានលឿន។ បើតាមលោកស្រីរដ្ឋលេខាធិការរូបនេះ បានអះអាងថា លទ្ធផលនៃការធ្វើតេស្តរបស់ឧបករណ៍នេះ មានភាពត្រឹមត្រូវ ដូចទៅនឹងម៉ាស៊ីនពិសោធន៍ផងដែរ។

លោកស្រី Li Ailanបានបញ្ជាក់ផងដែរថា ក្នុងករណីខ្លះ ក្រសួងក៏នឹងធ្វើតេស្តតាមRT-PCRដែរ ដើម្បីជៀសវាងមានបញ្ហាថ្លោះធ្លយ។អង្គការសុខភាពពិភពលោកនឹងវាយតម្លៃវ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់ជាលក្ខណៈបន្ទាន់។

យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី ៩ ខែមេសា អ្នកដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩មានចំនួនជាង៧០០លានដូស នៅទូទាំងពិភពលោកប៉ុន្តែការរីករាលដាលនៃពិភពលោកមាននិន្នាការកើនឡើងទៅវិញ។

មូលហេតុមួយគឺដោយសារតែការចែកចាយវ៉ាក់សាំងមិនស្មើគ្នា ដោយក្នុងនោះមាន៨៧ភាគរយនៃវ៉ាក់សាំងត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសអ្នកមាន ដែលធ្វើអោយប្រទេសជាច្រើនមិនបានទទួលវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់វ៉ាក់សាំងដល់បុគ្គលិកពេទ្យនិងក្រុមដែលមានហានិភ័យខ្ពស់នោះទេ។

លោកវេជ្ជបណ្ឌិត Li Ailan បានសង្កត់ធ្ងន់ថា វ៉ាក់សាំងគឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ ប៉ុន្តែវ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់ដើម្បីបញ្ចប់ការរីករាលដាលនោះទេ។

លោកស្រីបញ្ជាក់ថា៖ វ៉ាក់សាំងអាចជួយកាត់បន្ថយអត្រាចូលមន្ទីរពេទ្យនិងជំងឺធ្ងន់ធ្ងរ។ដូច្នេះហើយត្រូវតែរក្សារការពារកុំអោយប្រព័ន្ធសុខាភិបាលដួលរលំ។

“ប៉ុន្តែមិនមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថាវ៉ាក់សាំងនេះគឺគ្រប់គ្រាន់ដើម្បីការពារមនុស្សពីការឆ្លងជំងឺកូវីដ១៩ឡើយ ដូច្នេះទោះបីជាអ្នកដែលទទួលការចាក់វ៉ាក់សាំងហើយក៏ដោយ អ្នកនៅតែអាចឆ្លងនិងចម្លងទៅអ្នកដទៃបានដដែល។ វ៉ាក់សាំងគ្រាន់តែអាចកាត់បន្ថយជំងឺអោយមានស្ថានភាពធូរស្រាល។”

មិនមានវ៉ាក់សាំងណាមួយមានប្រសិទ្ធភាព ១០០% នោះទេ ហើយអ្នកនៅតែអាចឆ្លងជំងឺកូវីដ១៩បាន ដូច្នេះអង្គការសុខភាពពិភពលោកណែនាំឱ្យអ្នករាល់គ្នាបន្តគោរពតាមវិធាន ការការពារដែលមានប្រសិទ្ធិភាព ហើយមានជំនួយពីការចាក់វ៉ាក់សាំងរួច ដើម្បីសង្ឃឹមថាជំងឺនេះនឹងអាចបញ្ចប់ការរីករាលដាលបាន។

លោកស្រីនិយាយថា៖ ស្ថិតក្នុងស្ថានភាពពិភពលោកកំពុងខ្វះខាតវ៉ាក់សាំងកូវីដ១៩នេះ បើយើងអាចទទួលចាក់វ៉ាក់សាំងប្រភេទណាក៏ដោយសុទ្ធតែជាវ៉ាក់សាំងដែលល្អដូចគ្នា។

លោកស្រីមានប្រសាសន៍ថា“ វ៉ាក់សាំងចំនួន ៣ប្រភេទ ដែលកំពុងប្រើប្រាស់នៅកម្ពុជាគឺវ៉ាក់សាំង AstraZeneca ស៊ីណូហ្វាម និង ស៊ីណូវ៉ាក់។ ហើយវ៉ាក់សាំងទាំងនេះសុទ្ធតែបានឆ្លងកាត់ប្រសិទ្ធភាពមូលដ្ឋាននិងលក្ខណៈសុវត្ថិភាព។

លោកស្រីបានបង្ហើបថា អង្គការសុខភាពពិភពលោកនឹងវាយតម្លៃក្នុងការផ្តល់សិទ្ធិប្រើប្រាស់ជាបន្ទាន់ដល់វ៉ាក់សាំង ស៊ីណូហ្វាមនៅសប្តាហ៍ក្រោយ ។ហើយបន្ទាប់មកនឹងធ្វើការវាយតំលៃវ៉ាក់សាំងស៊ីណូវ៉ាក់នាពេលខាងមុខនេះបន្តទៀត។

យោងតាមសេចក្តីប្រកាសព័ត៍មានរបស់អង្គការសុខភាពពិភពលោកបានអោយដឹងថា៖ ដើម្បីដោះស្រាយបញ្ហាខ្វះខាតការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ក្រៅពីពន្លឿនការត្រួតពិនិត្យវ៉ាក់សាំង Sinopharm និងវ៉ាក់សាំង Sinovac អង្គការសុខភាពពិភពលោកក៏កំពុងត្រៀមការត្រួតពិនិត្យវ៉ាក់សាំងSputnik Vដែលផលិតដោយ វិទ្យាស្ថាន Gamaleya របស់ប្រទេសរុស្ស៊ីផងដែរ។

លើសពីនេះទៅទៀត អង្គការសុខភាពពិភពលោកក៏កំពុងរិះរកវិធីដើម្បីបង្កើនល្បឿនផ្សព្វផ្សាយវ៉ាក់សាំងរបស់ក្រុមហ៊ុនSK Bioរបស់ប្រទេសកូរ៉េខាងត្បូងនិងជម្រុញអោយការប្រគល់វ៉ាក់សាំងJanssen & Janssenរបស់សហរដ្ឋអាមេរិកអោយបានឆាប់រហ័ស៕

Khcct banner

អត្ថបទទាក់ទង