Cct850x100 1
1800px x h300px kh

ពលរដ្ឋខ្មែរចំនួន«៣រូប»ទទួលមរណភាពដោយសារ«ជំងឺកូវីដ-១៩»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ មេសា នេះ បានប្រកាសអំពីការទទួលមរណភាពដោយសារជំងឺលើពលរដ្ឋចំនួន ៣នាក់ នៅក្នុងថ្ងៃទី២១ មេសា ដែលរួមមាន បុរសអាយុ ៥៥ឆ្នាំ , ស្ត្រីអាយុ ៨៣ឆ្នាំ និងស្ត្រីអាយុ ៨១ឆ្នាំ ជាករណីស្លាប់ដោយសារកូវីដ ទី៥៧, ៥៨ និង៥៩ នៅទូទាំងប្រទេស។ 

យោងតាមរបាយការណ៍ពី«មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត» បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៥៥ឆ្នាំ ដែលរស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកនៅ«មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត» នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ យប់ម៉ោង១០ និង០៥ នាទី។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយ សង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស។ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ទោះបីក្រុមគ្រូពេទ្យបានខិតខំយកចិត្ត ទុកដាក់ជួយសង្គ្រោះយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទី រសៀល។ 

ចំណែករបាយការណ៍ពី«មន្ទីរពេទ្យកាល់ម៉ែត»វិញ បានឱ្យដឹងថា មានស្រ្តីជនជាតិខ្មែរ អាយុ ៨៣ឆ្នាំ ដែលរស់នៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលា រសៀលម៉ោង១ និង២០នាទី ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង និងស្ទះផ្លូវដង្ហើម ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់តាមបច្ចេកទេស និងយកសំណាកទៅវិភាគ ជាលទ្ធផលបង្ហាញថា មានវិជ្ជមានកូវីដ-១៩។ ដោយសារស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរខ្លាំង អ្នកជំងឺស្លាប់បាត់បង់ជីវិត នៅរសៀលម៉ោង២ និង០០នាទី។ 

ដោយឡែកយោងតាម«មន្ទីរពេទ្យបង្អែកជ័យជំនះ»ឯណេះវិញ បានឱ្យដឹងថា មានស្រ្តីជនជាតិខ្មែរ អាយុ ៨១ឆ្នាំ ដែលរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាលបានចូលសម្រាក នៅមន្ទីរពេទ្យបង្អែកជ័យជំនះ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ល្ងាចម៉ោង ៥:៣០ នាទី ក្នុងស្ថានភាពហត់ដង្ហក់ខ្លាំង បន្ទាប់ពីទទួលបានលទ្ធផលថា មានវិជ្ជមានកូវីដ-១៩។ ដោយការវិត្តរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបានហើយគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ព្រឹកម៉ោង៩ និង១០ នាទី។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ ពលរដ្ឋជនជាតិខ្មែរទាំងបីខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូវីដ-១៩។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជន ចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារនៃសព៕


Khcct banner

អត្ថបទទាក់ទង