Cct850x100 1
1800px x h300px kh

ស្រ្តីជាអ្នកជំងឺកូវីដម្នាក់បានទទួលមរណភាពដោយសារ«គ្រោះថ្នាក់ចរាចរណ៍»

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០២១​ បានប្រកាសពីករណីស្លាប់របស់ស្រ្តីជនជាតិខ្មែរម្នាក់ជាអ្នកជំងឺកូវីដ-១៩ មានអាយុ​ ៥៧ឆ្នាំ​ រស់នៅឃុំសង្កែសាទរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបាត់បង់ជីវិតនៅ «មណ្ឌលព្យាបាលចាក់អង្រែ» ដោយសារ​«គ្រោះថ្នាក់ចរាចរ» ដែលធ្វើឱ្យប៉ះទង្គិចក្បាលធ្ងន់ធ្ងរ​ បូកផ្សំជាមួយនឹងជំងឺទឹកនោមផ្អែមប្រចាំកាយ មិនមែនមកពីជំងឺកូវីដឡើយ។ 

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ដោយយោងតាមរបាយការណ៍ពី«មណ្ឌលសុខភាពចាក់អង្រែ» បានឱ្យដឹងថា ដំបូងឡើយនៅពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្ត្រីជនជាតិខ្មែរខាងលើ មានគ្រោះថ្នាក់ចរាចរត្រូវក្បាលធ្ងន់ធ្ងរ សន្លប់បាត់បង់ស្មារតី បានចូលសម្រាកនៅ«មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ»  ដោយសារតម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនដង្ហើម រួមទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។ 

បន្ទាប់ពីបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅ«មណ្ឌលព្យាបាលចាក់អង្រែ» នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ យប់ម៉ោង១០ និង២៥នាទី រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺបានគាំងបេះដូង គ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូង ប៉ុន្តែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង១២ និង៥៧នាទី។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ ស្ត្រីជនជាតិខ្មែរអាយុ ៥៧ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បូកផ្សំជាមួយនឹងជំងឺទឹកនោមផ្អែមប្រចាំកាយនៅលើអ្នកជំងឺមានផ្ទុកវីរុសកូវីដ-១៩ តែបញ្ជាក់មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជន ចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារនៃសព៕ 


Khcct banner

អត្ថបទទាក់ទង