Yearendyearend1140x150

ពលរដ្ឋខ្មែរ«២រូប»ទៀតបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃកម្ពុជា នៅល្ងាចថ្ងៃទី១៧ មេសានេះ បានប្រកាសថា មានករណីស្លាប់របស់ជនជាតិខ្មែរចំនួន ២នាក់ ដែលម្នាក់ជាបុរស អាយុ ៧០ឆ្នាំ និងម្នាក់ទៀតជាស្ត្រី អាយុ ៤៨ឆ្នាំ។ ពលរដ្ឋទាំងពីរនេះ ជាករណីទី៤០ និង៤១ ដែលបានស្លាប់បាត់បង់ជីវិត បណ្ដាលមកពីជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមពីប្រវត្តិនៃអ្នកស្លាប់ទាំងពីរខាងលើដូចតទៅ ដោយយោងតាមរបាយការណ៍ពី«មន្ទីរពេទ្យហ្លួងម៉ែ»បានឱ្យដឹងថា ពលរដ្ឋទី១ ជាស្ត្រីជនជាតិខ្មែរអាយុ ៤៨ឆ្នាំ រស់នៅខេត្តកំពង់ធំ ត្រូវបានយកសំណាក នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដោយទទួលបានលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ដោយមានស្ថានភាពហត់ដង្ហក់ខ្លាំង អ្នកជំងឺត្រូវបាន បញ្ជូនមកមន្ទីរពេទ្យហ្លួងម៉ែ នៅយប់ម៉ោង១០ និង២០នាទី ថ្ងៃទី ១៦ ខែមេសា ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យឃើញ ថាអ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយ មុនចូលដល់មន្ទីរពេទ្យ។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ ស្ត្រីជនជាតិខ្មែរអាយុ ៤៨ឆ្នាំ ខាងលើ បានស្លាប់បាត់បង់ដោយសារជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ។

ដោយឡែក យោងតាមប្រភពពី«ការិយាល័យស្រុកប្រតិបត្តិមេគង្គ» បានឱ្យដឹងថា ពលរដ្ឋទី២ ជាបុរសជនជាតិខ្មែរអាយុ ៧០ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅល្ងាចម៉ោង៤ និង០៥នាទី។ ដោយទទួលបានព័ត៌មានពីក្រុមគ្រួសារបានឱ្យដឹងថា មុនពេលស្លាប់ពីរទៅបីថ្ងៃ គាត់មានចេញរោគសញ្ញាក្តៅខ្លួន ក្អក និងមានប្រវត្តិជំងឺ ទឹកនោមផ្អែមប្រចាំកាយ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកសព ដើម្បីធ្វើការវិភាគ នៅថ្ងៃដដែល ល្ងាចម៉ោង៦ និង៣០ នាទីល្ងាច នៅទីតាំងផ្ទះរបស់សព ឃើញជាលទ្ធផលបានបញ្ជាក់ថា សពមានវិជ្ជមានកូវីដ-១៩។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ បុរសជនជាតិខ្មែរអាយុ៧០ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតនៅផ្ទះរបស់ខ្លួន ដោយសារជំងឺកូវីដ-១៩ ដែលមានជំងឺទឹកនោមផ្អែមប្រចាំកាយស្រាប់។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជនទូទៅ បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារនៃសព៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង