Yearendyearend1140x150

រដ្ឋបាលខេត្តសៀមរាបសម្រេចបិទ«មន្ទីរពិសោធន៍វេជ្ជសាស្រ្តប្រាសាទកែវ»ដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ បានសម្រេចបិទ«មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប្រាសាទកែវ» មានទីតាំងស្ថិតនៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជាបណ្ដោះអាសន្ន រហូតដល់មានការចេញសេចក្តីជូនដំណឹងជាថ្មី បន្ទាប់ពីទីតាំងនោះ មានជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ ធ្លាប់ចេញចូលទីនោះ កាលពីថ្ងៃទី១១ ខែមេសា កន្លងទៅ។ 

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា អាជ្ញាធររកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ២នាក់ មានឈ្មោះថា ឡេង សុខេង ភេទប្រុស អាយុ ៥៥ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ឃាង លក្ខិណា ភេទស្រី អាយុ ១០ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលអ្នកទាំងពីរនាក់នេះ ត្រូវជាស្វាមី និងជាកូនស្រីរបស់លោកស្រី ចឿម ផល្លា (ប្រពន្ធលោក ឡេង សុខេង) ដែលទើបតែរកឃើញថា មានវិជ្ជមានកូវីដ-១៩ (មុនប្ដី និងកូន) នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ម្សិលមិញ។ 

ការសម្រេចបិទទីតាំងខាងលើ គឺដោយសារ លោក ឡេង សុខេង ដែលបានឆ្លងកូវីដខាងលើ បានចេញចូលនៅ«មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប្រាសាទកែវ»នោះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។ ហេតុនេះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញចូលទីតាំងមន្ទីរពិសោធន៍វេជ្ជសាស្ត្រប្រាសាទកែវ ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ 

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។ បើសិនជាបើមានការប្រែប្រួលសុខភាព សូមប្រជាពលរដ្ឋទាំងឡាយ ផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវរកវីរុសកូវីដ-១៩៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង