Yearendyearend1140x150

«អ្នកលក់គ្រឿងសមុទ្រ២នាក់»នៅ«ផ្សារលើ»ក្រុងព្រះសីហនុឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៣ ខែមេសា នេះ បានឱ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកវត្ថុសំណាកពី«ស្ត្រីជនជាតិខ្មែរចំនួន ២នាក់»ដែលមានអាសយដ្ឋាននៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានមុខរបរជាអ្នកលក់គ្រឿងសមុទ្រនៅ«ផ្សារលើ»ក្រុងព្រះសីហនុ។

យោងតាមលទ្ធផលតេស្តនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះបញ្ជាក់ថា អ្នកលក់គ្រឿងសមុទ្រនៅផ្សារលើ ក្រុងព្រះសីហនុចំនួន ២នាក់ មានវិជ្ជមានវីរុសកូវីដ-១៩ គឺម្នាក់ឈ្មោះ «សុខ គន្ធា» ហៅក្រៅ «ស្រីពៅ» អាយុ ៣០ឆ្នាំ លក់គ្រឿងសមុទ្រ នៅ«តូបលេខ៨៩០» ហើយឯម្នាក់ទៀត គឺឈ្មោះ សុខ ស្រីនាង អាយុ ៤២ឆ្នាំ លក់គ្រឿងសមុទ្រ នៅ«តូបលេខ៨៦៨» រស់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីស្ត្រីទាំង ២នាក់នោះ ទៅធ្វើតេស្តរកវីរុសកូវីដ ហើយបានលទ្ធផលថា មានវីជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៣ មេសានេះ។ 

ជាមួយគ្នានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត អាជ្ញាធរខេត្ត-ក្រុង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ទីតាំងតូបលក់គ្រឿងសមុទ្ររបស់អ្នកជំងឺកូវីដទាំងពីរខាងលើ ដែលតូបទាំង២ គឺ«តូបលេខ៨៩០» និង«តូបលេខ ៨៦៨» មានទីតាំងនៅ«ផ្សារលើ» ក្រុងព្រះសីហនុ ឬធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ជាមួយស្ត្រីទាំង ២នាក់ខាងលើ គិតចាប់ពីថ្ងៃទី០២ ខែមេសា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ត្រូវប្រញាប់រួសរាន់ទៅយកវត្ថុសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ នៅ«វេទិកា៧មករា» សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចាប់ពីវេលាម៉ោង ៤ និង០០នាទីរសៀល រៀងរាល់ថ្ងៃ។ 

បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត។ បើសិនមានករណីប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម...។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរសព្ទ 012 794 896 ឬ 016 526 520៕​

 
រដ្ឋបាលខេត្តព្រះសីហនុ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង