Yearendyearend1140x150

អ្នកវិភាគ៖ការបិទព្រំដែនរបស់វៀតណាមបង្ហាញការមិនគោរពកម្ពុជាក្នុងនាមជាអ្នកជិតខាង

នយោបាយ
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/


លោកបណ្ឌិតគិន ភា អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ និង ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។

ភ្នំពេញ៖ អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយនៅកម្ពុជាបានមើលឃើញថា វៀតណាមកំពុងតែធ្វើឱ្យទំនាក់ទំនងដ៏ល្អជាមួយកម្ពុជាប្រែមកល្អក់កករខ្លះតាមរយៈការបិទព្រំដែនដោយឯកតោភាគី មិនបានប្រាប់កម្ពុជាសូម្បីតែមួយម៉ាត់។ នេះ គឺជាខុសពីកម្ពុជាដែលតែងតែគោរពដល់ទំនាក់ទំនងរវាងរវាងប្រទេសជិតខាង។

ថ្លែងប្រាប់ស៊ីស៊ីថាមន៍នៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោកបណ្ឌិតគិន ភា អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ និង ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកទង្វើរបស់វៀតណាមនេះថា មិនស័ក្តិសម និងមិនសមស្របទាល់តែសោះ ព្រោះកម្ពុជាបានចាត់ទុកវៀតណាមជាបងប្អូន និង ជាអ្នកជិតខាងដែលមានទំនាក់ទំនងល្អជាប្រពៃណី ជាប្រវត្តិសាស្ត្រ ពោល គឺ កម្ពុជាតែងតែផ្តល់តម្លៃមិត្តភាពរវាងប្រទេសទាំងពីរ។ សម្រាប់លោកបណ្ឌិតគិន ភា ការបិទព្រំដែនដោយឯកតោភាគីរបស់វៀតណាម គឺជាការបង្ហាញការមិនគោរពដល់អ្នកជិតខាងដែលតែងតែជួយគ្នាគ្រប់កាលៈទេសៈ។

រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានសម្រេចបិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយកម្ពុជាដោយឯកតោភាគី ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ និងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាព។ បច្ចុប្បន្នជនបរទេសដែលចង់ចូលទៅកាន់ប្រទេសវៀតណាម នឹងមិនអនុញ្ញាតឱ្យចូលទៀតទេ ឯពលរដ្ឋខ្មែរដែលនៅជាប់ព្រំដែនដែលចង់ចូលទៅវៀតណាម នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃសិន មុននឹងអនុញ្ញាតឱ្យចូល។

ឆ្លើយតបនឹងទង្វើរបស់វៀតណាមនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឱ្យបិទព្រំដែនជាមួយវៀតណាមវិញ និង ហាមមិនឱ្យប្រជាពលរដ្ឋទាំងពីរចេញចូលថែមទៀត។ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាឱ្យសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានមួយហាមមិនឱ្យជនជាតិវៀតណាមចូលមកកម្ពុជាចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០ តទៅ និង ហាមមិនឱ្យប្រជាជនកម្ពុជាទៅវៀតណាម ផងដែរ ។ វិធានការនេះ នឹងដកទៅវិញនៅពេលដែលខាងវៀតណាមដកបំរាមដូចគ្នា។

លោកបណ្ឌិតគិន ភា បានចាត់ទុកការឆ្លើយតបរបស់កម្ពុជានេះថា ជាឥរិយាបទការទូតល្អ មានភាពទន់ភ្លន់ និងគោរពដល់តម្លៃមិត្តភាព។ នេះ ក៏ព្រោះតែមុនបិទព្រំដែនជាផ្លូវការ ភាគីកម្ពុជាបានជូនដំណឹងមុនទៅកាន់ភាគីវៀតណាមដែលខុសពីវៀតណាមមិនបានប្រាប់កម្ពុជាសូម្បីតែមួយម៉ាត់។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន បានអះអាងថា ការមិនអនុញ្ញាតឱ្យប្រជាជនវៀតណាមចូលមកកម្ពុជានេះ គឺមិនមែនជាការសងសឹកចំពោះ អ្វីដែលវៀតណាមបានធ្វើចំពោះកម្ពុជា ឬជាបដិការនោះទេ តែជាការជួយសម្រួលដល់ពលរដ្ឋវៀតណាម កុំឱ្យពិបាកពេលចូលមកកម្ពុជាហើយ ត្រូវអាជ្ញាធរវៀតណាមដាក់បំរាមឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា វៀតណាម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង