Cct850x100 1
1800px x h300px kh

៣ករណីត្រូវបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១០មេសា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា មានករណីស្លាប់«បុរសជនជាតិខ្មែរអាយុ​ ៤៨ឆ្នាំ»​ , «បុរសជនជាតិខ្មែរអាយុ​ ៣៦ឆ្នាំ»​ និង«ស្ត្រីជនជាតិខ្មែរអាយុ​ ៧២ឆ្នាំ»​ ដោយសារជំងឺកូវីដ-១៩​ នាថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០២១ ដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ហើយអ្នកទាំងបីនាក់នោះ ជាករណីទី ២៧, ២៨ និង២៩ នៃការស្លាប់ដោយសារវីរុសកូវីដ។ 

យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា «ករណីស្លាប់ទី២៧» ជាបុរសម្នាក់ជាជនជាតិខ្មែរអាយុ ៤៨ឆ្នាំ រស់នៅភូមិព្រែករាំង ឃុំកំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតពេលចូលដល់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១ និង៥៥នាទីព្រឹក។ នៅពេលចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១ និង៤០នាទីព្រឹក អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ សន្លប់បាត់បង់ស្មារតី គ្មានសញ្ញាជីវិត ក្រុមគ្រូពេទ្យបានជួយធ្វើចលនាបេះដូង និងជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេស ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅវេលា ម៉ោង១១ និង៥៥នាទីព្រឹក។ ដោយជាករណីសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកហើយជាលទ្ធផលបញ្ជាក់ ថាសពមានវិជ្ជមានកូវីដ-១៩។

ចំណែក ករណីស្លាប់បុរសម្នាក់ទៀត យោងតាមរបាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា «ករណីស្លាប់ទី២៨» ជាបុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ ដែលរស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតព្រោះ វិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតសងខាង ដោយសារវីរុសកូវីដ-១៩។ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១ និង៤០នាទីរសៀល។ អ្នកជំងឺនោះត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០ និង០០នាទីយប់ ដោយអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ហត់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម និងធ្វើចលនាបេះដូង តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឱ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០១ និង៤០នាទីរសៀល។

ដោយឡែក យោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកស្វាយជ្រុំ ខេត្តស្វាយរៀង បានឱ្យដឹងថា «ករណីស្លាប់ទី២៩» ជាស្ត្រីជនជាតិខ្មែរអាយុ ៧២ឆ្នាំ ដែលរស់នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៣ និង៣០នាទីរសៀល។ អ្នកជំងឺខាងលើត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ ខេត្តស្វាយរៀង ប៉ុន្តែដោយសារស្ថានភាពជំងឺមានរលាកសួត ធ្ងន់ធ្ងរ និងមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃប្រចាំកាយ ទើបតម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដកដង្ហើមតាំង ពីថ្ងៃដំបូងដែលចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ទោះបីក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមបច្ចេកទេស យ៉ាងណាក៏ដោយក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឲ្យអ្នក ជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៣ និង៣០នាទីរសៀល។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៧២ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារ ខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ក៏ដូចជាសាធារណជន បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀម កំជាទីបំផុតជាមួយក្រុមគ្រួសារសព។ 

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤២៣៨នាក់ ជាសះស្បើយចំនួន ២១៥២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២០៥២នាក់ ហើយករណីស្លាប់ ២៩នាក់៕



Khcct banner

អត្ថបទទាក់ទង