Yearendyearend1140x150

អាជ្ញាធរស្វាយរៀងកំពុងដោះស្រាយជាមួយវៀតណាម ខណៈទំនិញមួយចំនួនរាំងស្ទះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ អាជ្ញាធរខេត្តស្វាយរៀងនៃប្រទេសកម្ពុជា កំពុងសម្រួលជាមួយអាជ្ញាធរព្រំដែននៃប្រទេសវៀតណាម ដើម្បីដោះស្រាយបញ្ហាទំនិញ ខណដែលទំនិញមួយចំនួនត្រូវបានរាំងស្ទះដោយសារតែការបិទព្រំដែននៃប្រទេសទាំងពីរ។នេះបើតាមការលើកឡើងរបស់ អភិបាលរងខេត្តស្វាយរៀង លោក រស់ ផារិទ្ធ។

អភិបាលរងខេត្ត ស្វាយរៀង លោក រស់ ផារិទ្ធ បានគូសបញ្ជាក់ថា ចំពោះបញ្ហាទំនិញភាគីទាំងពីរកំពុងសម្របសម្រួលកុំឱ្យមានបញ្ហាស្ទះទំនិញ និង ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនផលិតផល ហើយភាគីកម្ពុជានឹងខិតខំទំនាក់ទំនងជាមួយភាគីវៀតណាម ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម។

បើតាមលោក រស់ ផារិទ្ធ ការបិទព្រំដែនរបស់វៀតណាមមិនបិទដាច់ខាតទេ តែខាងគេបន្ថែមការរិតបន្តឹង បង្កើនការត្រួតពិនិត្យសុខភាពដល់កម្រិតខ្ពស់បំផុត។លោកថា បច្ចុប្បន្ននេះ ទំនិញចេញចូលគឺជួបបញ្ហាខ្លះ ព្រោះមិនទាន់មានការសម្រួលគ្នា ដើម្បីឱ្យទំនិញនឹងបានរលូនឡើងវិញ ហើយក្រសួងស្ថានប័ន ជាមួយអាជ្ញាធរខេត្តកំពុងខិតខំធ្វើយ៉ាងណាសម្រួលឱ្យចរាចរពាណិជ្ជកម្មដំណើរបានល្អ។

គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានសម្រេចបិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ និងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាព។បច្ចុប្បន្នជនបរទេសដែលចង់ចូលទៅកាន់ប្រទេសវៀតណាម នឹងមិនអនុញ្ញាតឱ្យចូលទៀតទេ ចំណែកពលរដ្ឋខ្មែរដែលនៅជាប់ព្រំដែនដែលចង់ចូលទៅវៀតណាម នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃសិន មុននឹងអនុញ្ញាតឱ្យចូល។

ភ្លាមៗសម្តេចហ៊ុន សែន បានបញ្ជាទៅសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវចេញសេចក្ដីប្រកាសព័ត៌មានមួយហាមមិនឱ្យជនជាតិវៀតណាមចូលមកកម្ពុជាចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០ តទៅ និង ហាមមិនឱ្យប្រជាជនកម្ពុជាទៅវៀតណាម ផងដែរ ។វិធានការនេះ នឹងដកទៅវិញនៅពេលដែលខាងវៀតណាមដកបំរាមដូចគ្នា។

តែយ៉ាងណាក៏ដោយ អភិបាលរងខេត្តស្វាយរៀងលោក រស់ ផារិទ្ធ និយាយថា ការធ្វើបែបនេះមិនមានផលប៉ះពាល់ដល់ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាមទេ។ប៉ុន្តែការធ្វើបែបនេះគឺក្នុងន័យរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងជាសាកល រហូតមានការប្រែប្រួលថាវៀតណាមធ្វើយ៉ាងណាទៀត ឬអាចចាំដល់ស្ថានភាពជំងឺកូវីដវាធូរស្រាលឡើងវិញ ទើបសម្រេចតាមស្ថានភាពជាក់ស្ដែងបន្តទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង