Yearendyearend1140x150

លោកស៊ី ជីនភីងអរគុណសម្តេចហ៊ុន សែនដែលជួយជ្រោមជ្រែងដល់ប្រទេសចិនក្នុងគ្រាលំបាក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុខ សាន្ត
/
សម្តេចហ៊ុនសែនជួបសម្តែងការគួរសមជាមួយលោកស៊ីជីនភីងប្រធានាធីបតីនៃសារធារណរដ្ធប្រជាមានិតចិន។

ភ្នំពេញ៖ លោក ស៊ី ជីនភីង ប្រធានាធីបតីនៃសារធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៥ ខែកុម្ភៈនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានជួយជ្រោមជ្រែងដល់ប្រទេសចិនក្នុងពេលដែលចិនកំពុងលំបាកបំផុត។

លោកប្រធានាធិបតី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន និងចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាការបញ្ជាក់កាន់តែច្បាស់ពីមិត្តភាពរបស់ប្រទេសចិន និងកម្ពុជា និងជាការបង្ហាញពីភាពជឿជាក់ពីគ្នាទៅវិញទៅមកនៃប្រទេសទាំងពីរ គឺរឺងមាំមិនអាចបំបែកបានឡើយ ហើយជាការឆ្លុះបញ្ជាំងអោយឃើញផងដែរនូវអត្ថន័យស្នូលនៃវាសនាតែមួយចិននិងកម្ពុជាដែលបានរួមសុខរួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ។

ការថ្លែងអរគុណរបស់លោកប្រធានាធិបតីចិនយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីសម្តេចហ៊ុន សែន នៅរសៀលថ្ងៃទី៥កុម្ភៈនេះ បានធ្វើដំណើរតាមជើងយន្តហោះពិសេសពីប្រទេសកូរ៉េទៅកាន់រដ្ឋធានីប៉េកាំងប្រទេសចិន ដើម្បីជួបសម្តែងការគួរសមជាមួយលោកស៊ីជីនភីង និង ដើម្បីបង្ហាញថា រដ្ធាភិបាលកម្ពុជា និង ប្រជាជនកម្ពុជាពិតជាគាំទ្រយ៉ាងពេញទំហឹង ចំពោះរដ្ឋាភិបាលចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ«កូរ៉ូណា»។

យោងតាមព៏ត៌មានរបស់ទូរទស្សន៍រដ្ឋចិន បានឱ្យដឹងថា ក្នុងជំនួបនេះលោកស៊ី ជីនភីង បានមានប្រសាសន៍ថា ប្រទេសចិនមានជំនឿចិត្ត មានសមត្ថភាព និងភាពជឿជាក់យកឈ្នះនឹងការប្រយុទ្ធការរីករាលដាលនៃជំងឺ«កូរ៉ូណា» ខណៈដែលបច្ចុប្បន្នកំពុងទទួលបានលទ្ធផលល្អហើយ។

លោកបន្តថា ប្រទេសចិននឹងប្រកាន់ភ្ជាប់នូវអកប្បកិរិយាបើកទូលាយ និង តម្លាភាព ពង្រីកការសហប្រតិបត្តិការជាមួយគ្រប់ប្រទេសទាំងអស់ ដោយរួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីទប់ទល់នឹងជំងឺ«កូរ៉ូណា»លើកនេះយ៉ាងមានប្រសិទ្ធិភាព រក្សារបាននូវសុខភាពសារធារណៈក្នុងតំបន់។

លោកបញ្ជាក់ថា៖ “ប្រទេសចិននឹងចាត់ទុកប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសចិន ដោយរួមទាំងសិស្សនិស្សិតកម្ពុជាដូចជាប្រជាជនចិនដូច្នោះដែរ នឹងធានាអោយខានតែបាននូវសុខភាពនិងការរស់នៅរបស់ពួកគេ។” លោកបន្តថា ក្នុងឆ្នាំថ្មីនេះ ប្រទេសចិនសុខចិត្តជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាគ្រប់កម្រិតទាំងអស់ ជំរុញអោយទំនាក់ទំនងនៃប្រទេសកម្ពុជាកើនឡើងមួយតំណាក់ទៀត។

ជាមួយគ្នានេះសម្តេចហ៊ុន សែន បានមានប្រសាសន៍ថា នៅពេលប្រទេសចិនជួបការលំបាកបំផុត ប្រជាជនកម្ពុជានឹងឈរនៅជាមួយប្រជាជនចិន រួមសុខរួមទុក្ខជាមួយគ្នា រួមគ្នាជំនះរាល់ឧបសគ្គទាំងអស់ ដែលនេះ គឺជាមិត្តដែកថែប។សម្តេចក៏បានអរគុណភាគីចិនបានយកចិត្តទុកដាក់ចំពោះការរស់នៅនិងសុខភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសចិន និងសង្ឃឹមថាទស្សនកិច្ចលើកនេះ ប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសចិនកាន់តែមានទំនុកចិត្តបន្ថែមទៀត។

បន្ថែមពីនេះសម្តេចបន្តថា មានប្រទេសខ្លះបានជ្រើសរើសវិធានការយ៉ាងជ្រុលហួសហេតុ ដែលមិនសក្តិសមឡើយ ជំងឺភ័យខ្លាចគឺគួរអោយខ្លាចជាងជំងឺផ្សេងៗទៀត។ ប្រទេសកម្ពុជានឹងបន្តរួមជាមួយប្រទេសចិនក្នុងការរក្សាកិច្ចសហប្រតិបត្តិការ រួមគ្នាកសាងវាសនាតែមួយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង