Yearendyearend1140x150
Img 0571

កម្មវិធីមេរោគថ្មីក្នុងទូរសព្ទ«Android»បន្លំធ្វើជាកម្មវិធី‘System Update’

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
កម្មវិធីមេរោគថ្មីក្នុងទូរសព្ទ«Android»បន្លំធ្វើជាកម្មវិធី‘System Update’ (ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា)

ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័រ បានរកឃើញកម្មវិធីមេរោគថ្មីរបស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ដែលបន្លំធ្វើជាកម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាព(អាប់ដេត) ទូរសព្ទ Android (System Update)។ នេះបើយោងតាមការផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department នាថ្ងៃទី៣០មីនាកន្លងទៅ។ 

អ្នកស្រាវជ្រាវ បានបញ្ជាក់ពីការរកឃើញកម្មវិធីមេរោគនេះ គឺត្រូវបានបញ្ចូលទៅក្នុងកម្មវិធី System Update «ក្លែងក្លាយ» ដែលជនខិលខូច បានដាក់ចែកចាយនៅក្នុង«ប្រភពក្រៅផ្លូវការ»។ នៅពេលដែលអ្នកប្រើប្រាស់ទូរសព្ទ Android បញ្ចូលកម្មវិធីមេរោគនោះ វានឹងធ្វើការទាញយកទិន្នន័យជាច្រើនពីក្នុងទូរសព្ទរបស់អ្នកប្រើប្រាស់ ហើយបញ្ជូនទៅឱ្យ Server របស់ជនខិលខូច។

ជាមួយគ្នានេះ កម្មវិធីមេរោគដែលបន្លំធ្វើជាកម្មវិធី‘System Update’នោះ អាចលួចយកទិន្នន័យមានដូចជា សារ, បញ្ជីឈ្មោះ, ព័ត៌មានរបស់ទូរសព្ទ, ប្រវត្តិក្នុងការចូលមើលគេហទំព័រ និងអាច«តាមដានទីតាំង»របស់អ្នកប្រើប្រាស់ទូរសព្ទ។ ជាងនេះទៅទៀត វាក៏អាច«ថតសំឡេង»នៅពេលដែលអ្នកប្រើប្រាស់និយាយទូរសព្ទ ហើយថែមទាំងអាច«ថតរូបភាព»ដោយប្រើកាមេរ៉ារបស់ទូរសព្ទបានទៀតផង។

ដូច្នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សំណូមពរ និងណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ បង្កើនការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីណាមួយ សូមកុំទាញយកកម្មវិធីណាដែលលោកអ្នកមិនត្រូវការជាចាំបាច់ ឬកម្មវិធីផ្សេងៗទៀត ដែលមិនមានប្រភពច្បាស់លាស់ ហើយជាពិសេសកម្មវិធីណា ដែលមិនមាននៅក្នុង App Store ឬ Play Store នោះ ដើម្បីឱ្យការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាមានដូចជា ទូរសព្ទប្រកបដោយសុវត្ថិភាព៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: Android មេរោគ ‘System Update’
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង