Yearendyearend1140x150

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាថយចុះចំនួន១៧ភាគរយនៅដើមឆ្នាំ២០២១

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក 

ភ្នំពេញ៖ រយៈពេល៣ខែនៃឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានថយចុះចំនួន១៥៣ករណី ស្មើនឹង១៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលនាំឲ្យចំនួនអ្នកស្លាប់ និងរបួសមានការថយចុះ បន្ទាប់ពីពលរដ្ឋមានការចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួនគ្រប់ពេលធ្វើដំណើរ។ 

យោងតាមគេហទំព័រជាផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានបង្ហាញតួលេខថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងសរុប ចំនួន៧៦៣លើក ថយចុះចំនួន១៥៣លើក ស្មើនឹង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាគឺ ត្រីមាសទី១ ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៩១៦លើក។

សម្ដេចក្រឡាហោម ស ខេង បានបន្ដថា បើតាមអត្រាអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក៏បានថយចុះរហូតដល់៦០នាក់ដែរ បើប្រៀបធៀបត្រីមាសទី១ឆ្នាំ២០២០ដែលមានអ្នកស្លាប់ចំនួន៤៩៣នាក់ ហើយនៅត្រីមាសទី១ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់មាន៤៣៣នាក់។ ចំណែកអត្រាអ្នករងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ នៅត្រីមាសទី១ ឆ្នាំ២០២១ គឺមានចំនួន១,១១៣នាក់ថយចុះ២០២នាក់ ស្មើនឹង១៥ភាគរយបើធៀបនឹងរយៈពេល១ត្រីមាសដូចគ្នា កាលពីឆ្នាំ២០២០ ដែលមានអ្នករងបួស១,៣១៥នាក់។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិ អ្នកបញ្ជាមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទដែលបានប្រកាន់នូវឥរិយាបថជាពលរដ្ឋល្អ តាមរយៈការចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួនគ្រប់ពេលធ្វើដំណើរ។ ដោយសារការគោរពច្បាប់ដ៏ខ្ជាប់ខ្ជួន ពីសំណាក់ជនរួមជាតិនេះហើយ ដែលបានធ្វើឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករងរបួស និងការ ខូចខាតទ្រព្យសម្បត្តិ ក៏មានការថយចុះ។

សម្ដេចក្រឡាហោម ស ខេង បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ទោះបីវាមិនមែនជាជំងឺឆ្លងក៏ដោយ ក៏គ្រោះថ្នាក់នេះបានផ្តាច់ជីវិតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ដូចនេះអ្នកបញ្ជាយានយន្តទាំងអស់មេត្តាប្រកាន់ខ្ជាប់នូវស្មារតីបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា និងស្នើសមត្ថកិច្ចគ្រប់ថ្នាក់បន្តបំពេញភារកិច្ច ដ៏ថ្លៃថ្លាក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ និងបន្តផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដោយស្មារតីយកចិត្តទុកដាក់ខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង