Yearendyearend1140x150

ហ្វូងដំរីព្រៃចំនួន ៣៨ ក្បាល ត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ហ្វូងសត្វដំរីដែលប្រជាពលរដ្ឋក្នុងតំបន់ថតបាន 

ភ្នំពេញ៖ ហ្វូងដំរីព្រៃចំនួន៣៨ក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងថតបាននៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ដែលជាទីជម្រកដ៏ធំមួយរបស់សត្វដំរីព្រៃអាស៊ី និងប្រភេទសត្វកម្រផ្សេង ទៀត។ បច្ចុប្បន្ន មានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ និងភាគឦសាននៃប្រទេស ។

យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វដំរីព្រៃចំនួន៣៨ក្បាលនោះ ត្រូវបានប្រទះឃើញនៅដែនជម្រកសត្វព្រៃកែវសីម៉ា ដែលជាទីជម្រកដ៏ធំរបស់ដំរីព្រៃអាស៊ី។

ក្រសួងបាន អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ សូមកុំរំខានដល់សត្វដំរីព្រៃទាំងនោះ និងសូមចូលរួមការពារ និងអភិរក្សសត្វដំរីព្រៃទាំងនេះឱ្យបានគង់វង្ស។

បើយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរី អាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ភាគរយ។

ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ភាគរយរស់នៅក្នុង ប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅ ក្នុងដែនជម្រករបស់វា។

ទន្ទឹមនឹងនេះ ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។

ឯកឧត្តម ណេត ភ័ត្រា បានឱ្យដឹងថា យោងតាមរបាយការណ៍សិក្សា នៅក្នុងតំបន់ជួរភ្នំក្រវាញ មិនមានរបាយការណ៍ ណាមួយស្តីពីឧបទ្ទវហេតុនៃការបរបាញ់សត្វដំរីខុសច្បាប់តាំងពីឆ្នាំ២០០៣ មកម៉្លេះ។

តាមលទ្ធផលពីការបំពាក់ម៉ាស៊ីថតស្វ័យប្រវត្តិនៅក្នុងឧទ្យានជាតិជូរភ្នំក្រវាញខាងត្បូងថ្មីៗនេះ ក្នុងចំណោមកូនដំរី ៧ ក្បាលមាន ៤ក្បាលដែលមានអន្ទាក់នៅ ជាប់នឹងជើងរបស់ពួកវា ហើយក៏មានកូនដំរីព្រៃមួយក្បាលដែរដែលបានស្លាប់ដោយជាប់អន្ទាក់។ ភស្តុតាងនេះបានបញ្ជាក់ថាការប្រើប្រាស់អន្ទាក់សម្រាប់ចាប់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជានៅតែជាក្តីព្រួយបារម្ភដ៏ចម្បងនៅឡើយ ហើយក៏ជាគ្រោះថ្នាក់ដល់សត្វដំរីអាស៊ីផង ដែរព្រោះវាអាចបណ្តាលឱ្យសត្វដំរីរងរបួស និងស្លាប់បាន។

សូមជម្រាបជូនថា ដោយសារតែរយៈពេលនៃការបន្តពូជរបស់ដំរីអាស៊ីយឺត (ប្រាំឆ្នាំបង្កើតបានកូនមួយ) បើសិនអាត្រាស្លាប់នៃកូនដំរីព្រៃខ្ពស់ដោយសារតែរងរបួសពីអន្ទាក់ នោះចំនួនដំរីព្រៃនៅកម្ពុជា អាចមានបញ្ហាប្រឈមខ្ពស់ក្នុងការផុតពូជ។ ពលរដ្ឋខ្លះបានប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីរំខានដំរីដូចជាការធ្វើក្តារដាំដែកគោលដាក់តាមផ្លូវដើម្បីកុំឱ្យដំរីចូលស៊ីដំណាំរបស់ខ្លួនជាដើម។ ការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ផ្ទះសម្បែង និងការដាំដំណាំនៅតាមច្រករបៀងដែលសត្វដំរី ឆ្លងកាត់ក៏ជាបញ្ហាមួយចោទផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ហ្វូងដំរី
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង