Yearendyearend1140x150
Img 0571

កម្ពុជាត្រៀមបើកយុទ្ធនាការ«ចាក់វ៉ាក់សាំង»ទ្រង់ទ្រាយធំចាប់ពីថ្ងៃស្អែក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ទ្រង់ទ្រាយធំនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ ដោយអនុវត្តន៍តាមការណែនាំរបស់រដ្ឋាភិបាល បានកំណត់ក្រុមគោលដៅ ដែលត្រូវចាក់វ៉ាក់សាំងសរុបចំនួន ៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់។ នេះជាការលើកឡើងរបស់លោកជំទាវ ឳ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឱ្យដឹងថា ដោយសារតែស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមួយដែលមិនទាន់មានការថមថយ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នា ជាពិសេសក្រោមការគិតគូរ និងយក ចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ បានសម្រេចឱ្យធ្វើការបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC)។

ជំហានដំបូងក្នុងចំនួន ១.៥០០.០០០ដូសពីសាធារណរដ្ឋប្រជាមានិតចិន ដែលកម្ពុជាទើបទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាពីសាធារណរដ្ឋប្រជាមានិតចិននូវ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm ) ចំនួន ១.០០០.០០០ដូស ដែលកន្លងមកកម្ពុជាទទួលបានចំនួន ៦០០.០០០ដូសរួច ហើយ (នៅសល់ចំនួន ៤០០.០០០ដូសទៀតដែលនឹងមកដល់ជាបន្តបន្ទាប់នាពេលខាងមុខនេះ) ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអន្តរជាតិនានា ដែលជម្រុញឱ្យកម្ពុជាអាចឈានទៅទទួលបានជាដំបូងផងដែរនូវវ៉ាក់សាំងកូវីសែល (CovISHIELD) ដែលជាវ៉ាក់សាំងទទួលបានអាជ្ញាបណ្ណផលិតនៅឥណ្ឌាដោយអាស្កាហ្សែនីកា (AstraZeneca)។

វ៉ាក់សាំងកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្សដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពហ្មត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោកដែលបណ្តាប្រទេសមួយចំនួនបាននិងកំពុងតែដំណើរការចាក់បានរាប់សិបលាននាក់រួចទៅហើយដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមគ្នាជាមួយក្រសួងសុខាភិបាល និងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កំពុងខិតខំស្វះស្វែងរកការទិញវ៉ាក់សាំងបន្ថែមទៀត ដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋទៅតាមផែនការ១០លាននាក់។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង