Yearendyearend1140x150

បុគ្គលិកពេទ្យផ្នែកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតម្នាក់ឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋបាលស្រុកកៀនស្វាយ អំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាលរបស់ខ្លួនដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលិកពេទ្យផ្នែកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតម្នាក់ឱ្យទៅធ្វើតេស្តរកកូវីដ និងធ្វើចត្តាឡីស័ក។

ការប្រកាសនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលរកឃើញបុរសជាតិខ្មែរម្នាក់ អាយុ៣២ឆ្នាំ ស្នាក់នៅឃុំ កំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាលវិជ្ជមានកូវីដ-១៩។បុរសម្នាក់នេះ ជាបុគ្គលិកបម្រើការនៅមន្ទីរពេទ្យកាលម៉ែតនៅផ្នែកសង្រ្គោះបន្ទាន់ និងបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ម្នាក់ នៅខណ្ឌប្ញស្សីកែវ អាយុ៧២ឆ្នាំ ដែលស្លាប់បន្ទាប់ពីបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត ហៅ​មន្ទីរពេទ្យ​រុស្ស៊ី​។

អភិបាលស្រុកកៀនស្វាយ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បន្ទាប់ពីដំណឹងពីក្រសួងសុខាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃស្រុកកៀនស្វាយដឹកនាំដោយអភិបាលស្រុកកៀនស្វាយ ចុះទៅបិទទីតាំងទាំងយប់ និង ស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីយកទៅធ្វើចត្តាឡីស័ក និងធ្វើតេស្ត។ចំណែកបុគ្គលិកពេទ្យដែលវិជ្ជមានអាជ្ញាធរបានបញ្ជូនទៅមន្ទីរពេទ្យជ័យជម្នះ ខេត្តកណ្តាល ដើម្បីសម្រាកព្យាបាល។

បើតាមលោកអភិបាលស្រុកកៀនស្វាយ គិតត្រឹមព្រឹកថ្ងៃទី ២៩ មីនានេះ ក្រុមការងាររបស់ស្រុកបានស្រាវជ្រាវរកអ្នកពាក់ព័ន្ធបានជាង១០០នាក់។តែយ៉ាងណា បុគ្គលិកពេទ្យកាលម៉ែតម្នាក់នេះ ទីលំនៅអចិន្រ្តៃយ៍មិននៅក្នុងស្រុកកៀនស្វាយទេ គឺបុគ្គលនោះមានទីលំនៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ហើយបានមកលេងម្តាយនៅកៀនស្វាយ ខណៈខ្លួនដឹងថា បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩។

ក្រុមការងារនៃសារព័ត៌មានស៊ីស៊ីថាមស៍ បានទាក់ទងទៅអ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីបញ្ជាក់បន្ថែមតែខាងក្រសួងឱ្យទាក់ទងទៅប្រធានមន្ទីរពេទ្យកាល់ម៉ែត ខណៈមន្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែតរុញទៅខាងក្រសួងសុខាភិបាលវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង