Yearendyearend1140x150

គ្រូពេទ្យពាវនាវឱ្យចូលរួមប្រឆាំងកូវីដ ខណៈខ្លួនលះបង់គ្រួសារដើម្បីព្យាបាលអ្នកជំងឺ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ភ្នំពេញ៖ការបង្ហោះសាររបស់គ្រូពេទ្យតាមបណ្តាញសង្គមបានឱ្យដឹងថា ក្នុងនាមជាគ្រូពេទ្យជួរមុខមានតួនាទីត្រូវលះបង់គ្រួសារ ស្នាក់នៅពេទ្យដើម្បីព្យាបាលអ្នកជំងឺ ហើយត្រូវស៊ូទ្រាំ ស្ម័គ្រចិត្តធ្វើដើម្បីប្រជាជនកម្ពុជា។

បើតាមការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកជាផ្លូវការរបស់ម្ចាស់គណនីយឈ្មោះ Manet Hun នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងពីទុក្ខលំបាករបស់គ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមានជាសារថា ក្នុងនាមជាគ្រូពេទ្យជួរមុខ វាពិបាកខ្លាំងណាស់ តែក៏ត្រូវស៊ូទ្រាំ ស្ម័គ្រចិត្តធ្វើដើម្បីប្រជាជនកម្ពុជា។

តាមរយៈសាររៀបរាប់ពីទុក្ខលំបាកនេះក៏បានឱ្យដឹងទៀតថា គ្រូពេទ្យមិនមែនមិនខ្លាច មិនមែនមិនតក់ស្លុត ក្នុងការចុះជួយស្រោចស្រង់ជីវិត ព្យាបាលអ្នកជំងឺកូវីដ-១៩នោះទេ ហើយក៏មិនមែនមានជីវិតអមតៈនោះដែរ តែនេះជាកាតព្វកិច្ចរបស់ពេទ្យ គ្រូពេទ្យក៏មានជីវិតមួយ មានគ្រួសារ មានពុកម៉ែចាស់ មានប្តីមានប្រពន្ធ មានកូនរង់ចាំខ្ញុំដូចអ្នកដែរ តែត្រូវតែពុះពារដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា។

សារបន្តថា កាយចិត្តពិតជាមិនចង់ឱ្យអ្នកជំងឺណាម្នាក់បាត់បង់ជីវិតឡើយ ហើយក៏ប្រាថ្នានឹងព្យាបាលចង់ឱ្យពួកគាត់ឆាប់ជាដើម្បីត្រលប់ទៅផ្ទះជួបជុំគ្រួសារវិញ ទើបក្រុមគ្រូពេទ្យត្រូវលះបង់ខ្លួនឯងប្រឡូកជាមួយមេរោគដែលយើងមើលមិនឃើញនេះ ហើយក៏សង្ឃឹមថានឹងបានឆាប់ចប់ត្រលប់ទៅជុំគ្រួសារវិញដែរ។ រាល់ថ្ងៃ រត់ទាំងយប់ទាំងថ្ងៃ ឈរហាលថ្ងៃហាលខ្យល់ ក្តៅរាប់ម៉ោងនៅមុខផ្ទះគេ ក្នុងសំលៀកបំពាក់ក៏ហប់ពិបាកដកដង្ហើម ដើម្បីទទួលអ្នកជំងឺនិងដឹកយកទៅព្យាបាល។

ក្រុមគ្រូពេទ្យបន្ថែមថា អ្នកពាក់ម៉ាស់ថាហប់ពិបាកដកដង្ហើម តែវាងាយស្រួលឆ្ងាយណាស់ជាងដកដង្ហើមតាមបំពង់ខ្យល់។ អ្នកថាអផ្សុកណាស់នៅក្នុងផ្ទះ មិនបានជួបជុំមិត្តភក្តិ ដើរផឹកស៊ី ចូលហូបតាមហាងនានា តែការនៅផ្ទះរបស់អ្នកវាងាយស្រួលឆ្ងាយណាស់ ឆ្ងាយជាងការរស់នៅក្នុងពេទ្យ។

គ្រូពេទ្យក៏អំពាវនាវឱ្យពលរដ្ឋទាំងអស់រក្សាការអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីខ្លួនអ្នក គ្រួសារអ្នក សហគមន៍យើង និងក៏ដើម្បីខ្ញុំជាគ្រូពេទ្យដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង