Yearendyearend1140x150

មន្ទីរពេទ្យខ្នាតធំនគរទេពបានរៀបចំជាស្រេច ដើម្បីព្យាបាលអ្នកជំងឺកូវីដ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

រូបភាពបុគ្គលិកពេទ្យដែលរៀបចំការងារ (ប្រភព ឯកឧត្តម ហ៊ុន ម៉ាណែត)

ភ្នំពេញ៖ មន្ទីរពេទ្យខ្នាតធំមួយកន្លែងថ្មីទៀតបានរៀបចំរួចរាល់ជាស្ថាពររយៈតែ១៧ថ្ងៃ ដើម្បីទទួលព្យាបាលប្រជាពលរដ្ឋដែលវិជ្ជមានកូវីដ១៩ ខណៈព្រឹត្តិការណ៍២០កុម្ភៈ មានការកើនឡើងឥតស្រាកស្រាន្ត។

ការរៀបចំមន្ទីរពេទ្យបន្ទាន់នេះ គឺបន្ទាប់ពីទទួលបានបញ្ជាពីសម្ដេច ហ៊ុន សែន ឱ្យរៀបចំមន្ទីរពេទ្យខ្នាតធំថ្មីមួយកន្លែងទៀតដើម្បីត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ។

បើតាមការបញ្ជាក់​ ពីឯកឧត្តម ហ៊ុន ម៉ាណែត បានឱ្យដឹងថា នាថ្ងៃ២៧ មិនា ២០២១ នេះ អតីតមន្ទីរពេទ្យស្ត្រីនគរទេព បានរៀបចំរួចរាល់និងបានចាប់ផ្ដើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមន្ទីសុខាភិបាលរាជធានីភ្នំពេញបានបញ្ជូនទៅ។

ឯកឧត្តម បានអរគុណដោយស្មោះ ចំពោះការចូលរួមក្រុមការងាររៀបចំមន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការទាំងថ្ងៃទាំងយប់ សហការគ្នាល្អក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បទដ្ឋានការងារ ក៏ដូចជាការហ្វឹកហ្វឺននិងបំពាក់ដល់ក្រុមគ្រូពេទ្យជួរមុខ សេវាជួរមុខ និងក្រុមការងារតាមបណ្ដាផ្នែកពាក់ព័ន្ធទាំងអស់របស់មន្ទីរពេទ្យដើម្បីដំណើរការបានក្នុងរយៈពេលដ៏ខ្លីនេះ។

សូមជម្រាបជូនថា ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-​១៩ ថ្មីចំនួន ១៧៩នាក់បន្ថែមទៀត ក្នុងនោះមានម្នាក់ជាអ្នកដំណើរពីបរទេស និង១៧៨នាក់ទៀតសុទ្ធតែជាអ្នកឆ្លងជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលមានអាសយដ្ឋាននៅខេត្តព្រះសីហនុ ១៤៣នាក់ , ភ្នំពេញ ២៧ នាក់ , ខេត្តកណ្ដាល ៤នាក់ , ខេត្តព្រៃវែង ៣នាក់, ខេត្តសៀមរាប ១នាក់ ហើយនិងមានអ្នកជាសះស្បើយចំនួន ៥៨នាក់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនា​ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២១៤៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៣២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០០៥នាក់ ហើយករណីស្លាប់ ០៨នាក់៕

រូបភាពកន្លែងសម្រាកក្នុងមន្ទីរពេទ្យដែលរៀបចំរួច (ប្រភព ឯកឧត្តម ហ៊ុន ម៉ាណែត)
រូបភាពកន្លែងសម្រាកក្នុងមន្ទីរពេទ្យដែលរៀបចំរួច (ប្រភព ឯកឧត្តម ហ៊ុន ម៉ាណែត)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង