Cct850x100 1
1800px x h300px kh

សហជីពកម្ពុជាអំពាវនាវឱ្យ«កម្មករ-កម្មការិនី»ទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពកម្ពុជា

ភ្នំពេញ៖ ប្រធានសហព័ន្ធសហជីពកម្ពុជាតំណាងឲ្យកម្មកររោងចក្រ បានសម្តែងនូវការសាទរ និងអរគុណយ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានចេញសេចក្តីប្រកាសថានឹងផ្តល់ការចាក់វ៉ាក់សាំងជូនទៅដល់កម្មករ-កម្មការិនីរោងចក្រ។សហជីពកម្ពុជាពាវនាវឱ្យ«កម្មករ-កម្មការិនី»ទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ។

ឯកឧត្តម ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងនាមលោកជាប្រធានសហព័ន្ធសហជីពកម្ពុជាតំណាងឲ្យកម្មកររោងចក្រ គឺលោកពិតជាមានការសាទរចំពោះកិច្ចការងារដែលរដ្ឋាភិបាលបានដាក់ចេញនេះ។ សរបញ្ជាក់ពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះបងប្អូនកម្មករ-កម្មការិនីរោងចក្រដោយទទួលបានការចាក់វ៉ាក់សាំងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃៈវីរុសកូវីដ១៩។

ឯកឧត្តម ជួន មុំថុល បានអំពាវនាវដល់កម្មករ-កម្មការិនីទាំងអស់គ្នាកុំជឿតាមពាក្យឃោសនារបស់ជនខិលខូចមួយចំនួនដែលបានប្រឌិតព័ត៌មានក្លែងក្លាយញុះញង់មិនឲ្យទៅចាក់វ៉ាក់សាំង។ សូមឲ្យកម្មករ-កម្មការិនីទាំងអស់ចូលរួមទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាៗ ដើម្បីការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។

គួរបញ្ជាក់ដែរ កាលពីពេលថ្មីៗនេះ ក្រសួងការងារកម្ពុជាបានព្រមានចាប់ខ្លួនអ្នកទាំងឡាយណា ដែលដើរបំផុសបំផុលអ្នកដទៃកុំឱ្យទៅចាក់វ៉ាក់សាំង ខណៈក្រសួងការងារកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនកម្មករកម្មការនីរោងចក្រ។

បើតាមហ្វេសប៊ុកផេក របស់ឯកឧត្តម ហេង សួរ បានបញ្ជាក់ឱ្យដឹងថា បើមានជនណាដែលដើរបំផុសអ្នកដទៃមិនឱ្យទៅចាក់វ៉ាក់សាំង សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ ហើយសមត្ថកិច្ចនឹងចាប់ជននោះមកផ្តន្ទាទោសទៅតាមជាក់ស្ដែង។

អ្នកនាំពាក្យរូបនេះលើកឡើងទៀតថា ដើម្បីការពារអាយុជីវិតរបស់កម្មករ កម្មការនី និយោជិត និងប្រជាពលរដ្ឋទាំងអស់ សូមចូលរូមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នា។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា៖«ការចាក់វ៉ាក់សាំងការពារកូវីដ គឺជាគន្លឹះក្នុងការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។ ហើយការចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ ដែលឲ្យពលរដ្ឋទាំងអស់អាចចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន»។

ឯកឧត្តមរំពឹងថា កម្មករ កម្មការនី និយោជិត និងជនរួមជាតិទាំងអស់រួបរួមគ្នាក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដឥ១៩ និងកុំជឿពាក្យបំផុសបំផុលពីបុគ្គលមួយចំនួនដែលមានគំនិតបង្កភាពវឹកវរក្នុងសង្គម ព្រោះការចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ ដែលឲ្យពលរដ្ឋទាំងអស់អាចចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន៕

Khcct banner

អត្ថបទទាក់ទង