Yearendyearend1140x150
Img 0571

«ទេពធីតាបកប្រែទាំង៤»របស់ក្រសួងការបរទេសចិនជានរណា?

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រជាន់ខ្ពស់ចិន-អាមេរិកដែលជាជំនួបទល់មុខគ្នាលើកដំបូង ចាប់តាំងពីលោកចូប៊ីដិន ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក បានបញ្ចប់កាលពីថ្ងៃទី១៩ខែមិនា នៅរដ្ឋអាឡាស្កា។នៅក្នុងជំនួបនោះក៏មានជម្លោះពាក្យសំដីកើតឡើងផងដែរ ធ្វើអោយបរិយាកាសក្នុងកិច្ចសន្ទនាមានភាពតានតឹង។

តែអ្វីដែលគេចាប់អារម្មណ៍ផងដែរនោះគឺ “ទេពធីតាបកប្រែទាំង៤” របស់ក្រសួងការបរទេសចិន។ការបកប្រែរបស់ពួកគេ គឺមានភាពរលូន និងសុក្រិត ដែលបកប្រែក្នុងភាពហ្នឹងន ហ្មឹងម៉ាត់ មិនតក់ស្លុត ក្នុងចិត្តគ្មានភាពច្របូកច្របល់ ដោយពោរពេញទៅដោយសមត្ថភាព និងជំនាញវិជ្ជាជីវៈ ហើយបានទទួលការសរសើរ និងគាំទ្រជាខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណេតរាប់រយលាននាក់នៅជុំវិញពិភពលោក។

ហេតុអ្វីគេប្រសិទ្ធមាននារីទាំង៤នាក់នេះថាជា “ទេពធិតាបកប្រែ”? ពិព្រោះអ្នកទាំងបួនមិនត្រឹមតែមានមុខមាត់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពបកប្រែយ៉ាងស្ទាត់ជំនាញទៀតផង។

អត្តចរិកពួកគេសមសួន ថ្លៃថ្នូរ ហើយពេលជួបឧបសគ្គនៅតែរក្សាភាពហ្នឹងន មិនភិតភ័យ និងមានភាពឆ្លាតវាងវៃលើសពីមនុស្សធម្មតា។ពួកគាត់ទាំង៤បានបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំរដ្ឋសភា ដែលជាកិច្ចប្រជុំប្រចាំឆ្នាំដ៏ធំជាងគេរបស់ចិន និង កិច្ចប្រជុំការទូតសំខាន់ៗជាច្រើនទៀត ដែលបង្ហាញអោយឃើញពីបញ្ញា និងការទទួលរាក់ទាក់របស់ជនជាតិចិន ដែលធ្វើអោយគេស្ញើចសសើរពីសមត្ថភាពរបស់ពួកគាត់ជាខ្លាំង។

អ្នកនាង ចាងលូ(Zhang Lu) 

"ប្រធានផ្នែកបកប្រែ" អ្នកនាង ចាងលូ(Zhang Lu) នាងកើតនៅឆ្នាំ១៩៧៧ បានបញ្ចប់ការសិក្សាផ្នែកច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យកិច្ចការបរទេសចិន។នាងជាអ្នកបកប្រែសំខាន់ម្នាក់ក្នុងចំណោមអ្នកបកប្រែសម្រាប់ជំនួបការទូតសំខាន់ៗ និងជាអ្នកបកប្រែផ្ទាល់មាត់របស់នាយករដ្ឋមន្ត្រីផងដែរ ដោយគាត់ធ្លាប់បានបម្រើការជាអ្នកបកប្រែនៅក្នុងសន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្រ្តីអស់រយៈពេល១០ឆ្នាំជាប់ៗគ្នា។ការបកប្រែដ៏ល្បីល្បាញបំផុតរបស់នាងគឺជាការបកប្រែកំណាព្យបុរាណរបស់ចិនទៅជាភាសាអង់គ្លេសដ៏ល្អឥតខ្ចោះ។

"អ្នកបកប្រែស្អាតបំផុត" (Zhang jing)ចាងជីង 

"អ្នកបកប្រែស្អាតបំផុត" (Zhang jing)ចាងជីង កាលពីថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១៣ នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅឯសម័យប្រជុំលើកទី១នៃសមាជប្រជាជនប្រជាជនលើកទី១២របស់ប្រទេសចិន ដោយសារតែភាពស្រស់ស្អាត និងអត្តចរិកសមសួន បានក្លាយជាជនល្បីឈ្មោះនៅតាមប្រព័ន្ធអ៊ីនធើណេត និងបណ្តាញសង្គម។

នាងសិក្សានៅវិទ្យាល័យភាសាបរទេសហាំងចូវ នាងមានជំនាញពូកែរៀនភាសាអង់គ្លេសដោយខ្លួនឯង ដោយមេរៀនដែលគ្រូមិនទាន់បង្រៀនផង។ដោយសារតែរូបសម្បត្តិនិងរូបរាងដ៏លេចធ្លោរបស់នាង មនុស្សជាច្រើនបានហៅនាងថា៖នារីដ៏ស្រស់ស្អាតប្រចាំសាលា។

មិត្តរួមថ្នាក់របស់ចាងជីងម្នាក់បាននិយាយថា៖ “នាងមិនត្រឹមតែរៀនពូកែ អ្វីៗគ្រប់យ៉ាងសុទ្ធតែពូកែជាងគេទាំងអស់ និងលេចធ្លោជាងគេផងដែរ! ”។នៅក្នុងវិទ្យាស្ថានកិច្ចការបរទេសចិន នាងបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោ ហើយតែងតែតំណាងអោយវិទ្យាស្ថានចូលរួមការប្រកួតប្រជែងថ្លែងសន្ទរកថាផ្សេងៗ។នៅក្នុងអំឡុងពេលការសិក្សារបស់នាង ចាងជីងក៏ធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនផងដែរ ដែលធ្វើអោយសមត្ថភាពរបស់នាងមានការលើកកំពស់ជាខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះទេ ចាងជីងមានចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តជាច្រើន។ ជារឿយៗនាងតែងតែបង្ហាញខ្លួននៅកម្មវិធីសិល្បៈជាច្រើន ទាំងការច្រៀង ការរាំ និងការធ្វើជាពិធីករជាដើម ហើយថែមទាំងគូរគំនូរបានយ៉ាងស្អាតទៀតផង។ថ្វីត្បិតតែកំពស់មិនសូវជាខ្ពស់ ប៉ុន្តែចាងជីងក៏ពូកែខាងកីឡាដែរ ហើយកីឡាដែលនាងចូលចិត្ត គឺបាល់ទះ។

នៅឆ្នាំ ២០០៧ ក្រសួងការបរទេសចិន បានជ្រើសរើសមន្ត្រីអ្នកបកប្រែជាលើកដំបូង ដែលនេះជាការជ្រើសរើសដ៏តឹងរឹងបំផុត ហើយមានលក្ខណ្ឌខ្ពស់បំផុតក្នុងការជ្រើសរើសបេក្ខជន ដែលតម្រូវអោយត្រួតពិនិត្យលើសមត្ថភាពបកប្រែ គុណវឌ្ឍន៍ចិត្តសាស្ត្រ ទម្លាប់នៃការប្រើពាក្យសំដី ស្ថានភាពសំលេង ស្មារតីជំនះឧបសគ្គនិងការខិតខំរបស់បេក្ខជនជាដើម។

នៅទីបញ្ចប់ ក្នុងការប្រកួតប្រជែងបេក្ខជនឆ្នើមជាង២០០នាក់ ចាងជីងត្រូវបានជ្រើសរើស ហើយបានចូលធ្វើការក្នុងការិយាល័យបកប្រែរបស់ក្រសួងការបរទេសចិនដោយជោគជ័យ ហើយនាងគឺជាមនុស្សតែម្នាក់គត់ដែលបានក្លាយទៅជាមន្ត្រីបកប្រែដោយជោគជ័យ។

នៅកន្លែងការងារ ចាងជីងគឺជាមនុស្សដែលមានភាពស្ងប់ស្ងាត់ ជួបបញ្ហាអ្វីៗក៏ដោយមិនដែលឆ្លេឆ្លា មិននិយាយលេងសើច ។ ក៏ប៉ុន្តែបើនិយាយពីលក្ខណៈឯកជនវិញ នាងគឺជាក្មេងស្រីធម្មតា ដែលមានចរិតរីករាយ ចិត្តទូលាយ ចូលចិត្តសើច និងការធ្វើដំណើរកំសាន្ត។ចំណែកឯរឿងអាពាហ៍ពិពាហ៍វិញ នារីដែលមានសម្រស់ស្អាតរូបនេះមានអាពាហ៍ពិពាហ៍ដ៏រីករាយនិងសុភមង្គលរួចទៅហើយដែលគូរបស់នាងក៏ប្រកបការងារការទូត។

"អ្នកបកប្រែស្រីដែលស្រគត់ស្រគុំបំផុត" ឈៀន ស៊ីងអ៊ី(Qian Xin yi)

"អ្នកបកប្រែស្រីដែលស្រគត់ស្រគុំបំផុត" ឈៀន ស៊ីងអ៊ី(Qian Xin yi)។ចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅរបស់អ្នកនិយមលេងអ៊ីនធើណេត ចំពោះនាងឈៀន ស៊ីងអ៊ី គឺ៖ “មិនដែលឃើញស្នាមញញឹមរបស់នាង”ឡើយ។

អ្វីដែលធ្វើឱ្យអ្នកលេងអ៊ីនធើណេតចាប់អារម្មណ៍ គឺនៅក្នុងសន្និសីទសារព័ត៌មានមួយនៃសម័យប្រជុំសភារបស់ប្រទេសចិន កាលពីថ្ងៃទី ៦ ខែមីនាឆ្នាំ ២០១៥ ដោយនាងបានពាក់ដង្គាបគាបសក់តូចមួយ និង រូបសម្រស់ដ៏ស្រស់ស្អាត និងមានចរិកលក្ខណៈដ៏ពិសេស ដែលធ្វើអោយនាងក្លាយជាជនល្បីក្នុងប្រព័ន្ធអ៊ិនធឺរណែត និងបណ្តាញសង្គមយ៉ាងឆាប់រហ័ស។

នាង ឈៀន ស៊ីងអ៊ី នៅពេលរៀននៅអនុវិទ្យាល័យទើបបានចាប់ផ្តើមរៀនភាសាអង់គ្លេស បើប្រៀបធៀប និងក្មេងដទៃទៀត គឺនាងចាប់ផ្តើមយឺតជាងពួកគេ។ប៉ុន្តែនាងមានបុគ្គលិកលក្ខណៈរឹងមាំ និង មានការខិតខំរៀនសូត្រជាខ្លាំង។

បន្ទាប់ពីបញ្ចប់ការសិក្សា នាងឈៀន ស៊ីង អ៊ី ត្រូវបានប្រលងចូលក្នុងការិយាល័យបកប្រែនៃក្រសួងការបរទេសចិនដោយជោគជ័យ។ នាងគឺជានារីវ័យក្មេងដែលខិតខំធ្វើការ និងស្រស់ស្អាតបំផុត។

យ៉ាវម៉ឹងយ៉ាវ(yao meng yao) 

យ៉ាវម៉ឹងយ៉ាវ(yao meng yao) ក្នុងសន្និសីទកាសែតដំបូងបន្ទាប់ពីការបើកសម័យប្រជុំលើកទី៥ នៃសមាជប្រជាជនចិនលើកទី១១ នៅថ្ងៃទី ៥ ខែមីនាឆ្នាំ ២០១២ អ្នកបកប្រែដ៏ស្រស់ស្អាតឈ្មោះយ៉ាវម៉ឹងយ៉ាវ ជាមួយនឹងការបកប្រែដ៏ប៉ិនប្រសប់ និងស្ងប់ស្ងាត់របស់នាងត្រូវបានប្រព័ន្ធផ្សព្វផ្សាយចាត់ទុកថា ជាអ្នកបកប្រែស្រស់ម្នាក់ទៀត។

យ៉ាវម៉ឹងយ៉ាវ គឺជានារីវ័យក្មេងជាងគេនៅក្នុងក្រុមអ្នកបកប្រែរបស់ក្រសួងការបរទេសចិន។កាលពីនៅក្នុងថ្នាក់រៀន យ៉ាវម៉ឹងយ៉ាវ ត្រូវបានចាត់ទុកជាសិស្សដ៏ស្រស់ស្អាតនៅក្នុងថ្នាក់។ការចាប់អារម្មណ៍របស់មិត្តរួមថ្នាក់របស់នាងគឺថា នាងគឺមានរាងស្អាត និងលទ្ធផលការសិក្សារល្អ នាងជាមនុស្សមានទេពកុសល្យ អក្សរផ្ចង់ ការថ្លែងសុន្ទរកថា...

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភាសាបរទេសទីក្រុងប៉េកាំងរួច នាងទទួលបានជោគជ័យក្នុងការប្រលងចូលក្រសួងការបរទេសនៃប្រទេសចិន។

ជារួមការបង្ហាញសមត្ថភាពរបស់ “ទេពធិតាបកប្រែទាំង៤”របស់ក្រសួងការបរទេសចិន គឺតំណាងអោយអាកប្បកិរិយារបស់ប្រទេសចិន។សម្តី និងសកម្មភាពរបស់ពួកនាង គឺតំណាងអោយឥរិយាបថរបស់ប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង