Yearendyearend1140x150

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បើកដំណើរការបណ្ដោះអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ (រូបភាព ក្រសួងសាធារណការ និងដឹកជញ្ជូន) 


ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង១១៣១ម៉ែត្រ បានបើកឱ្យដំណេីរការជាបណ្តោះអាសន្នដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ 

បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកជំនាញ ចុះពិនិត្យលទ្ធភាពស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ រួចហើយ ព្រឹកនេះបានសម្រេចឱ្យបើកដំណើរការឆ្លងកាត់ជាបណ្ដោះអាសន្ន ដើម្បីជាការជួយសម្រួលក្នុងការធ្វើដំណើរឆ្លងកាត់ជូនដល់ប្រជាជន។

ស្ពានមិត្តភាពកម្ពុជា-ចិន នេះឆ្លងកាត់ទន្លេមេគង្គតភ្ជាប់រវាងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ខេត្ត កំពង់ចាមសាងសង់ឡើងដោយក្រុមហ៊ុនសាងសង់សំណង់សៀងហៃគ្រុប ខូអិលធីឌី ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន មានប្រវែងសរុបចំនួន១១៣១ម៉ែត្រ  ជាប្រភេទស្ពានបេតុងសរសៃដែក ឬបេតុងអាមេ មានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និងបង្គោលភ្លើងបំភ្លឺស្ពាន មានសាងសង់រង្វង់មូលមួយកន្លែងនៅត្រើយខាងលិចផងដែរ។

រដ្ឋមន្ត្រីក្រសួងសាធារណការបានជម្រាបជូនថា តាមគម្រោងស្ពាននេះនឹងត្រូវបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកនេះ ប៉ុន្តែដោយសារព្រឹត្តិការណ៍២០កុម្ភៈ ទើបមានការលើកពេលវេលានៃការសម្ពោធបើកប្រើប្រាស់ជាផ្លូវការ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា៖«ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីគោរពស្នើទៅសម្ដេចនាយករដ្ឋមន្ត្រី សុំបើកស្ពាននេះឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ»។

សូមជម្រាបជូនថា​ គម្រោងសាងសង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារដែលជាគម្រោងស្ពានមិត្តភាពកម្ពុជាចិនទី៨ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ គ្រោងចំណាយថវិកាប្រមាណ៥៨,៤២លានដុល្លារអាមេរិក រយ:ពេលសាងសង់ចំនួន៤២ខែ ជាគម្រោងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា គិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន១០០%ហើយ។

គួរកត់សម្គាល់ផងដែរថា ស្ពាននេះនឹងជួយទាញភូមិសាស្រ្តរវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យកាន់តែកៀកចូលជិតគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិបានមួយកម្រិតថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង