Yearendyearend1140x150

មន្រ្តីឧទ្យានុរក្សខេត្តមណ្ឌលគិរីប្រមូលនិងសាអន្ទាក់សត្វព្រៃបាន១៣៣ខ្សែក្នុងរយៈពេល៥ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ រយៈពេល៥ថ្ងៃ មន្រ្តីឧទ្យានុរក្សដោះប្រមូល និងសាអន្ទាក់បានចំនួន១៣៣ខ្សែ ដែលរាយប៉ាយនៅក្នុងតំបន់ការពារធម្មជាតិ។ ការចុះដោះប្រមូល និងសាអន្ទាក់ខាងលើនេះ ក្រុមការងារក៏បានប្រទះឃើញសត្វជ្រូកព្រៃ១ក្បាលងាប់ដោយជាប់អន្ទាក់គួរឲ្យសង្វេគផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

នៅក្នុងសប្ដាហ៍ទី៣ នៃខែមីនា ឆ្នាំ២០២១នេះ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក សហការនិងគាំទ្រដោយអង្គការ WWF ដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងកម្លាំងនគរបាលវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះល្បាតរួមគ្នាក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ នៅតាមតំបន់សហគមន៍, តំបន់ប្រើប្រាស់ដោយចីរភាព, តំបន់អភិរក្ស និងតំបន់ស្នូល នៃដែនជម្រកសត្វព្រៃស្រែពក ហើយបានដោះប្រមូល និងសាអន្ទាក់ខ្សែកាបសរុបចំនួន ១៣៣ខ្សែ នៅតាមចំណុចត្រពាំងទឹក និងនៅតាមអូរ ដែលអញ្ញាតជនបានចូលមកលួចដាក់អន្ទាក់ខុសច្បាប់សម្រាប់ទាក់ចាប់សត្វព្រៃ។

ទន្ទឹមនេះ មន្រ្តីឧទ្យានុរក្ស និងភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ រួមទាំងអ្នកពាក់ព័ន្ធ ទទូចស្នើឲ្យប្រជាពលរដ្ឋបញ្ឈប់ការចូលមកលួចដាក់អន្ទាក់ ឬបរបាញ់សត្វព្រៃខុសច្បាប់ ដែលអាចប្រឈមនឹងវិធានការពង្រឹងការអនុវត្តច្បាប់ ឬការចាប់ឃាត់ខ្លួនក្នុងហេតុការណ៍ល្មើសច្បាប់៕

ប្រភពរូបភាព៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
ប្រភពរូបភាព៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង