Yearendyearend1140x150

រដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋនៅភ្នំពេញវ័យ៦០ឆ្នាំឡើងទទួលបានវ៉ាក់សាំង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ពលរដ្ឋមានអាយុ៦០ឆ្នាំឡើងរស់នៅក្នុងទីក្រុងភ្នំពេញ ពិសេសតំបន់ដែលកំពុងរងការឆ្លងខ្លាំង នឹងទទួលបានការចាក់វ៉ាក់សាំងជូនមុនគេ ដោយរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការចាក់រយៈពេល១៥ថ្ងៃរាប់ចាប់ពីថ្ងៃដែលក្រុមការងាររៀបចំដំណើរការរួច។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដោយសារតែនៅភ្នំពេញកំពុងរងការឆ្លងខ្លាំងពិសេសក្រុមមនុស្សចាស់ក៏ងាយឆ្លង ដូច្នេះសម្ដេចនឹងរៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ ដែលគ្រប់អាយុត្រូវចាក់វ៉ាក់សាំងរបស់ Astrazeneca ដោយបង្កើតឱ្យមាននូវយុទ្ធនាការចាក់រយៈពេល១៥ថ្ងៃ នៅតាមខណ្ឌនីមួយៗក្នុងក្រុងភ្នំពេញ។

សម្ដេចបានឱ្យដឹងទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងរយៈ១៥ថ្ងៃនៅភ្នំពេញ ត្រូវតែធ្វើនៅតាមខណ្ឌដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋដែលមកចាក់ ហើយហាមផ្ដាច់អ្នកដែលមិនស្ថិតក្នុងអាយុអាទិភាពសម្រាប់វ៉ាក់សាំងរបស់អាស្រ្តាហ្សេនីកា មកដណ្ដើមគ្នាចាក់ជាមួយមនុស្សចាស់ដែលបានកំណត់អាយុរួច។

សម្ដេចបានស្នើរឱ្យគណៈកម្មាធិការវ៉ាក់សាំង ត្រូវផ្ដល់អាទិភាពចាក់ជូនពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងនៅរាជធានីភ្នំពេញ ដែលជាតំបន់រាតត្បាត ហើយសម្រាប់មនុស្សចាស់ដែលងាយនឹងឆ្លង។ ក្នុងនោះសម្ដេចបានលើកឡើងពីស្ថិតិ ថាពេលនេះចំនួនវ៉ាក់សាំងរបស់ក្រុមហ៊ុន អាស្រ្តាហ្សេនីកា ដែលនៅសល់គឺមាន១សែន១ម៉ឺន១ពាន់៤រយដូស អាចចាក់ឱ្យប្រជាជនចំនួន៥ម៉ឺន៥ពាន់៧រយនាក់។

ជាមួយគ្នានេះ សម្ដេចស្នើរឱ្យគ្រប់មន្ទីរពេទ្យដែលកំពុងដំណើរការចាក់វ៉ាក់សាំង ឈប់បន្តចាក់វ៉ាក់សាំងរបស់អាស្រ្តាហ្សេនីកា ជូនពលរដ្ឋដែលមានអាយុ៥៩ឆ្នាំចុះក្រោម ព្រោះវ៉ាក់សាំងនេះគឺអាទិភាពសម្រាប់អ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើងលើ ហើយម្យ៉ាងវាខុសពីគោលនយោបាយដែលរដ្ឋាភិបាលបានដាក់ចេញផងដែរ។

សូមជម្រាបជូនថា នៅភ្នំពេញបានចាក់វ៉ាក់សាំងចំនួន១ម៉ឺននាក់រួចមកហើយ ទាំងស៊ីណូហ្វាម និងវ៉ាក់សាំងរបស់អាស្រ្តាហ្សេនីកា ឥឡូវនេះនៅភ្នំពេញនឹងរៀបចំចាក់ជូនពលរដ្ឋចំនួន៥ម៉ឺន៥ពាន់៧រយនាក់បន្ថែមទៀត សម្រាប់តំបន់ដែលងាយរងគ្រោះ ចំណែកឯបណ្ដាខេត្តនានានឹងបញ្ជូនវ៉ាក់សាំងទៅតាមនិងផងដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង