Yearendyearend1140x150

ត្រឹមថ្ងៃទី១៦មីនាខេត្តកណ្តាលរកឃើញអ្នកពាក់ព័ន្ធជាង១៤០០០នាក់និងវិជ្ជមាន១៧៤នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពលរដ្ឋចត្តាឡីស័ក្នុងខេត្តកណ្តាល។

កណ្តាល៖ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ១៦ មីនា បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីក្នុងខេត្តកណ្តាលចំនួន ៦៤នាក់។ការរកឃើញនេះធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩សរុបក្នុងមូលដ្ឋានខេត្តកណ្តាលកើនឡើងដល់១៧៤នាក់។

ក្នុងចំណោមអ្នកវិជ្ជមាន ៦៤នាក់ដែលក្រសួងប្រកាសរកឃើញនៅថ្ងៃនេះ គឺភាគច្រើនជាជនជាតិចិនចំនួន ៣២នាក់, វៀតណាម១១នាក់, ថៃ៨នាក់ និងជនជាតិខ្មែរចំនួន១៣នាក់ ហើយបច្ចុប្បន្ននេះអ្នកជំងឺទាំងអស់ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល។

ស្រុកកោះធំជាស្រុកដែលមានចំនួនអ្នកឆ្លងច្រើនជាងគេដោយមានអ្នកវិជ្ជមានមេរោគកូវីដ-១៩រហូតដល់១៣៦នាក់។ហើយក្នុងចំណោមអ្នកឆ្លងនោះ គឺមាននៅ កាស៊ីណូរបស់ក្រុមហ៊ុនព្រីនចំនួន ១០២ នាក់ កាស៊ីណូយ៉ុងយ័ន ៣២នាក់ និងកាស៊ីណូឃីងហ្វា ចំនួន ០២ នាក់។

ការរកឃើញនេះធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងមូលដ្ឋានខេត្តកណ្តាលកើនឡើងដល់១៧៤នាក់ និងពាក់ព័ន្ធកូវីដចំនួន ១៤៣១៩នាក់ យកសំណាកបាន ១៣៧៤៩នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៧១៧នាក់ នៅផ្ទះចំនួន ១២១១៩នាក់ និងករណីជាសះស្បើយចំនួន ៣នាក់៕

ដើម្បីឆ្លងតបនឹងការឆ្លងរីករាលដាលនេះ កាស៊ីណូទាំងអស់នៅក្នុងស្រុកកោះធំ ត្រូវបានបិទជាបណ្ដោះអាសន្ន និងមិនអនុញ្ញាតឱ្យចេញចូលក្នុងភូមិសាស្ត្រតំបន់ជ្រៃធំ ក្នុងឃុំសំពៅពូន ស្រុកកោះធំ ហើយបុគ្គលិកកំពុងបម្រើការងារនៅក្នុងកាស៊ីណូទាំងអស់ និងជនបរទេសត្រូវបានយកសំណាកធ្វើតេស្ត។

ចំពោះមុខស្ថានការណ៍នេះ អភិបាលខេត្តកណ្តាល បានអះអាងថា អាជ្ញាធរបានធ្វើការគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អប្រសើរ ហើយអ្នកដែលរកឃើញវិជ្ជមានមេរោគកូវីដ-១៩ គឺជាអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ និងមិនបានមានប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅឡើយ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដនៅទូទាំងប្រទេសសរុប ១៤៣០នាក់ ជាសះស្បើយ ៨១៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៦០៩នាក់ និង ស្លាប់ ០១នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង